ខេត្តប៉ៃលិន ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នគរបាលម្នាក់រងរបួសធ្ងន់ និងក្មេងស្រី២នាក់រងរបួសស្រាល ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈបើកបររថយន្តចេញពីរមណីយដ្ឋានឡើងទៅលើផ្លូវធំមិនមើលឆ្វេង បណ្តាលឱ្យរថយន្តបាឡែនមកពីក្រោយបុកចំពាក់កណ្តាលពេញទំហឹងតែម្តង ។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០និង៥៨នាទីព្រឹក ថ្ងៃទី១១ វិច្ឆិកា ២០១៩ នៅចំណុចផ្លូវចូលរមណីយដ្ឋានទេសចរណ៍ហ្លួងរតនសម្បត្តិ ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះខាងលើ ១. ឈ្មោះ ប៉ែន ស្រីដឺន ភេទស្រី អាយុ២៤ឆ្នាំ ជាសិស្ស រស់នៅភូមិទួលទំពូង សង្កាត់ទួលទំពូង ជាអ្នករួមដំណើរ រងរបួសស្រាល ២. ឈ្មោះ រុំ ដាណែត ភេទស្រី អាយុ២៣ឆ្នាំ ជាសិស្ស រស់នៅភូមិទួលទំពូង សង្កាត់ទួលទំពូង ជាអ្នករួមដំណើរ រងរបួសស្រាល
និង៣. ឈ្មោះ ហេង វ៉ារី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភ្នំពេញ មុខរបរនគរបាល រងរបួសធ្ងន់ ជាអ្នកបើកបរ រថយន្តម៉ាកឡិចស៊ីសពណ៌ខ្មៅ ពាក់ស្លាកលេខ ន.ប ២.៥៣៥៣ រងការខូចខាតធ្ងន់ធ្ងរ ។
ចំណែកអ្នកបើកបររថយន្តបាឡែន ឈ្មោះ ហួយ តិចស្រេង ភេទប្រុស អាយុ២៣ឆ្នាំ ជានិសិត្ស រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្មានរបួស ដោយបើកបររថយន្តម៉ាក កាមរីបាឡែន ស៊េរីឆ្នាំ២០០៣ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A-៤៥៧១ ក្នុងទិសដៅពីជើងទៅត្បូង រងការខូចខាតធ្ងន់ធ្ងរ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីសខាងលើ ចេញពីរមណីយដ្ឋានហ្វួងរតនសម្បត្តិ ពីលិចទៅកើតបើកបរឡើងលើផ្លូវជាតិ ដោយប្រហែលជាមិនបានមើលឆ្វេង ទើបធ្វើឱ្យរថយន្តបាឡែនបើកបរលើផ្លូវធំ ស្រាប់តែបុកចំពាក់កណ្តាលរថយន្តឡិចស៊ីសពេញទំហឹងតែម្តង ។
ករណីគ្រោះថ្នាក់នេះ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំភាគីទាំងសងខាងចូលមកធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ