សំឡេង​ផ្ទុះ​លាន់​កក្រើក​… អណ្តាតភ្លើង​​លេប​ត្របាក់​រោងចក្រ​​​សន្ធោ​សន្ធៅ​(​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​ឆាបឆេះ​អគារ​រោងចក្រ​កាត់​ដេរអាវ​ហែល​ទឹក​ចំនួន​២​ខ្នង ដែល​បង្ក​ឡើង​ដោយ​សារ​តែ​ផ្ទុះ​ធុង​ហ្គា​ស បណ្ដាល​ឲ្យ​បុរស​ជនជាតិ​ចិន​ម្នាក់​រង​របួស​យ៉ាងដំណំ និង​ត្រូវ​គេ​បញ្ជូន​បន្ទាន់​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​។ ហេតុការណ៍​នោះ​កើតឡើង​កាលពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​យីហោ «​អេ​ឃ្វេ ភើ​ហ្វ​មេន​ស៍ ខេ​ម​បូ​ឌា​» ស្ថិត​នៅ​ក្នុងភូមិ​អន្លូងគង​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​នោះ គឺជា​រោងចក្រ​កាត់ដេរ​ខោអាវ​ហែល​ទឹក ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ អ៊ឹ​ង ប៊ុ​ន​ប៉េង ហើយ​អគារ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​មាន​មាន​២​អគារ ដែល​ក្នុង​១​អគារ​ៗ​ទំហំ​ទទឹង​ប្រវែង​៨០​ម៉ែត្រ​គុណ​នឹង​បណ្ដោយ​១០០​ម៉ែត្រ ។

ប្រភព​ដដែល​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ នៅ​ក្នុង​រោងចក្រ​នេះ​មិន​មាន​កម្មករ​ធ្វើការ​ឡើយ​ដោយសារ​តែ​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ និង​បុណ្យអុំទូក ប៉ុន្តែ​នៅ​ពេល​កើតហេតុ គេ​បាន​បានឮ​ស្នូរ​សំឡេង​ផ្ទុះ​លាន់​យ៉ាង​កក្រើក បន្ទាប់​មក​ក៏​បានឃើញ​មាន​ផ្សែងហុយ និង​អណ្ដាតភ្លើង​យ៉ាង​សន្ធោរ​សន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​អន្តរា​គមន៍​ភ្លាម​ៗ ដោយ​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​បាញ់​ពន្លត់ ប៉ុន្តែ​រយៈពេល​១​ម៉ោង​ទៅ​ហើយ ភ្លើង​មិន​បាន​រលត់​នៅឡើយ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​តែ​បន្ត​ទៅ​បាញ់​ពន្លត់​ជា​បន្តបន្ទាប់​ដដែល ចំណែក​ទំហំ​នៃ​ការ​ខូចខាត​ក៏​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ