រាជធានីភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្ត និងទស្សនាការប្រណាំងទូក ង យ៉ាងច្រើនកុះករ ហើយក៏មានប្រជាពលរដ្ឋមួយចំនួនមានអាការៈឈឺក្បាល វិលមុខ ចុកពោះ និងជំងឺផ្សេងៗទៀត បានទទួលពិនិត្យ និងសង្គ្រោះបឋមជាង៤ពាន់នាក់ហើយ បើគិតត្រឹមថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទុក តែត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។
បើតាមលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងរយៈពេល១ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ឆ្នាំ២០១៩នេះ មានមហាជនដែលបានចូលរួម ហើយមានអាការៈ ឈឺក្បាល វិលមុខ ចុកពោះ និងផ្តាសាយផ្សេងៗ ដែលបានចូលពិនិត្យ និងទទួលសេវាព្យាបាលចំនួន ៤០៨៨នាក់ ។
លោកបន្តថា ដោយមានការណែនាំពីក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពង្រាយគោលដៅទីតាំងសេវាសុខាភិបាល (ស្តង់សុខាភិបាល) ដែលមានក្រុមគ្រូពេទ្យរង់ចាំជួយសង្គ្រោះប្រជាពលរដ្ឋ សម្រាប់ពិនិត្យ និងសង្គ្រោះបឋម ចំនួន៨ស្តង់ មានរថយន្តសង្គ្រោះប្រចាំការចំនួន១៣ក្រុម ដែលមានក្រុមគ្រូពេទ្យសរុបជិត៨០០នាក់ ប្រចាំការប្តូរវេនគ្នា ដើម្បីជួយពិនិត្យព្យាបាលជំងឺ ក្នុងនោះក្រុមគ្រូពេទ្យចល័ត ដើម្បីអប់រំផ្សព្វផ្សាយអនាម័យចំណីអាហារ និងផ្សព្វផ្សាយទប់ស្កាត់ជំងឺអេដស៍ដោយឥតគិតថ្លៃផងដែរ ។
គួររំលឹកថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ឆ្នាំ២០១៨កន្លងមកនេះ មានប្រជាពលរដ្ឋ ឈឺក្បាល វិលមុខ ផ្តាសាយ អស់កម្លាំង ចុករាគ និងខ្យល់ចាប់ មានប្រមាណ២០ម៉ឺននាក់ ដែលទទួលសេវាពិនិត្យ និងព្យាបាលបឋមពីក្រុមគ្រូពេទ្យនៅតាមស្តង់ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ