លោក កឹម សុខា បានចាត់ទុកការដោះលែងរូបលោកពីការឃុំខ្លួននៅក្នុងផ្ទះជាជំហានវិជ្ជមានមួយ ហើយបានស្នើសុំឱ្យមានការទម្លាក់រាល់ការចោទប្រកាន់ទាំងអស់ប្រឆាំងរូបលោក។
បើតាមរយៈហ្វេសប៊ុកកាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា លោកកឹម សុខា បានសរសេរថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សហមេធាវីការពារសិទ្ធិរបស់ខ្ញុំបានដាក់ពាក្យស្នើសុំឲ្យចៅក្រមស៊ើបសួរលើកលែងបទចោទមកលើរូបខ្ញុំ។ ប៉ុន្តែសេចក្តីសម្រេចរបស់ចៅក្រមក្នុងថ្ងៃនេះ មិនមែនជាការលើកលែងការចោទប្រកាន់ឡើយ គឺត្រឹមតែជាការកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនតែប៉ុណ្ណោះ។
លោកកឹម សុខា សរសេរបន្តថា ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំមកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ។ ខ្ញុំរំពឹងថា សេចក្តីសម្រេចក្នុងថ្ងៃនេះ គឺជាជំហានទី១ ប៉ុន្តែរូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរដទៃទៀត ដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយនៅតែត្រូវការដំណោះស្រាយ និងយុត្តិធម៌ពិតប្រាកដ។
ជាចុងក្រោយនេះ ខ្ញុំសូមផ្ញើសេចក្តីនឹករលឹកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរ ហើយខ្ញុំនឹងទៅជំរាបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនាពេលដ៏ខ្លីខាងមុខនេះ។ ខ្ញុំនឹងជំរាបជូនដំណឹងលំអិតនៅពេលក្រោយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ