ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​១ នៃ​បុណ្យអុំទូក សហភាព​អឺរ៉ុប ឧបត្ថម្ភ​ទូក​ចែវ​នារី​កម្ពស់​សម​ភាព​យេ​ន​ឌ័​រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​ម្ពុ​ជា បាន​បង្ហាញ​នូវ​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​នៅ​កម្ពុជា ដោយ​ក្នុង​ឱកាស​បុណ្យអុំទូក​នេះ សហភាព​អឺរ៉ុប​បាន​ឧបត្ថម្ភ​សម្ភារៈ​ដល់​ទូក​ចែវ​នារី មក​ពី​ខេត្ត​កំពង់​ឆ្នាំ ដើម្បី​ជំរុញ​ទឹកចិត្ត​ដល់​នារី​អោយ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រណាំងទូក​នេះ ។…

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​ម្ពុ​ជា បាន​បង្ហាញ​នូវ​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​នៅ​កម្ពុជា ដោយ​ក្នុង​ឱកាស​បុណ្យអុំទូក​នេះ សហភាព​អឺរ៉ុប​បាន​ឧបត្ថម្ភ​សម្ភារៈ​ដល់​ទូក​ចែវ​នារី មក​ពី​ខេត្ត​កំពង់​ឆ្នាំ ដើម្បី​ជំរុញ​ទឹកចិត្ត​ដល់​នារី​អោយ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រណាំងទូក​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានអោយ​ដឹង​ថា នៅ​ក្នុង​បរិបទ​នេះ សហភាព​អឺរ៉ុប មាន​មោទនភាព​ឧបត្ថម្ភ​ទូក​ចែវ​នារី «​ព្រះ​ពៃស្រពណ៍​» មក​ពី​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ដែល​ជា​ការ​ឧបត្ថម្ភ​ពីរ​ឆ្នាំ​ជាប់​គ្នា​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

ការ​ឧបត្ថម្ភ​របស់​សហភាព​អឺរ៉ុប រួម​មានការ​ឧបត្ថម្ភ​ជា​សម្ភារៈ ការ​ជួសជុល​ទូក និង​ឯកសណ្ឋាន​សម្លៀក​បំពាក់ ព្រមទាំង​ការ​ចំណាយ​លើ​ម្ហូបអាហារ និង​ចំណាយ​ផ្សេង​ៗ នៅ​ក្នុងអំឡុងពេល​ហាត់​សម និង​អំឡុង​ពេល​ការ​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក ។

លោកស្រី ខា​មិន ម៉ូ​រ៉េ​ណូ ឯកអគ្គរដ្ឋទូត​សហភាព​អឺ​រ៉ុ​ប្រចាំ​ព្រះ​រា​ណា​ចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា ជា​ផ្នែក​មួយ​នៃ​កិច្ចសហការ​អភិវឌ្ឍន៍​របស់​សហភាព​អឺរ៉ុប ជាមួយ​ប្រទេស​កម្ពុជា សហភាព​អឺរ៉ុប ក៏​មាន​បំណង​លើកកម្ពស់​ទាំង​កេរតំណែល​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ប្រទេស​កម្ពុជា ទាំង​សមភាព​យេ​ន​ឌ័​រ ។

លោកស្រី​បន្ត​ថា ការ​ឧបត្ថម្ភ​នៅ​ឆ្នាំ​នេះ គឺ​ដើម្បី​ជួយ​ជំរុញ​បន្ថែម​ទៀត​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​គាំទ្រ​ប្រពៃណី​វប្បធម៌​ដ៏​សំខាន់​នេះ​របស់​ប្រទេស​កម្ពុជា ដែល​ទាក់ទាញ​ប្រជាជន​រាប់​លាន​នាក់​មក​រាជធានី​ភ្នំពេញ ព្រមទាំង​ដើម្បី​ជួយ​លើកទឹកចិត្ត​នារី​កម្ពុជា​នៅ​មូលដ្ឋាន (​ភាគច្រើន​ជា​កសិករ​) ឱ្យ​ពួក​គាត់​ជួយ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ហើយ​អាវយឺត​ដែល​ពួក​គាត់​ពាក់​ក្នុង​ការ​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ នឹង​ជួយ​ជំរុញ​បុព្វហេតុ​សមភាព​យេ​ន​ឌ័​រ ថែម​ទៀត ដោយ​មាន​សារ​សរសេរ​ថា «​សហភាព​អឺរ៉ុប ដើម្បី​ភាព​ស្មើគ្នា​» និង​សារ​សរសេរ​ថា «​និយាយ​ថា ទេ ចំពោះ អំពើ​ហិង្សា​លើ​ស្ត្រី​» ។

លោក ហៃ មនោ​រម្យ អភិបាលស្រុក​ជល​គិរី មាន​ប្រសាសន៍​ថា លោក​សប្បាយចិត្ត​ណាស់​ដែល​ឃើញ​សហភាព​អឺរ៉ុប​ឧបត្ថម្ភ​ទូក​ចែវ​នារី «​ព្រះ​ពៃស្រពណ៍​» ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ​។ ស្ត្រី​នៅ​មូលដ្ឋាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ជា​ការ​សំខាន់​ដែល​ត្រូវ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ថែម​ទៀត​អំពី​បញ្ហា​នេះ ហើយ​យើង​សូម​ឱ្យ​បន្ត​កិច្ចសហការ​នេះ​ថែម​ទៀត ។

សហភាព​អឺរ៉ុប គឺជា​ដៃគូ​មួយ​ក្នុង​ចំណោម​ដៃគូ​អភិវឌ្ឍន៍​ធំ​បំផុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​គិត​ពី​ជំនួយ​ហិរញ្ញ ប្ប​ទាន និង​ថវិកា​ឧបត្ថម្ភ​គម្រោង​។ សហភាព​អឺរ៉ុប គាំទ្រ​គម្រោង​នានា ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើកកម្ពស់ ជីវភាព​របស់​ប្រជាជន​កម្ពុជា​។ គម្រោង​នានា​ដែល​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប ចាប់ពី​វិស័យ​នេសាទ អប់រំ កសិកម្ម ការ​ប្រែប្រួល​អាកាសធាតុ ជំនួយ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម រហូត​ដល់​ការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ និង​សិទ្ធិ​មនុស្ស កំពុង​តែ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់ ។

គួរ​បញ្ជាក់​ថា ដោយ​គិតតែ​ជំនួយ​ឥត​សំណង​សម្រាប់​ការ​អភិវឌ្ឍន៍​វិញ ជា​រៀង​រាល់​ឆ្នាំ សហភាព​អឺរ៉ុប ចូលរួម​ចំណែក​ថវិកា​ប្រហែលជា ៧៥ លាន​អឺ​រ៉ូ ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​(​ឆ្នាំ​២០១៨ សហភាព​អឺរ៉ុប បាន​ផ្តល់​ថវិកា​ជំនួយ​ឥត​សំណង ចំនួន ៨៣.៥ លាន​ដុល្លារ​) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ