ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​អូស​បែរ​ចិញ្ចឹម​​ត្រី និង​ផ្ទះទឹក​អានា​ធិ​ប​តេ​យ្យ​ចេញពី​ភូមិដើម​គរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះទឹក​អានា​ធិ​ប​តេ​យ្យ​របស់​ជនជាតិ​វៀតណាម នៅ​តាម​ដង​ទន្លេសាប ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ប្រើ​វិធានការ​រដ្ឋបាល ដោយ​អូរ​ចេញ​បញ្ច្រាស់​ទឹក​ហូរ…

រាជធានី​ភ្នំពេញ ៖ បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះទឹក​អានា​ធិ​ប​តេ​យ្យ​របស់​ជនជាតិ​វៀតណាម នៅ​តាម​ដង​ទន្លេសាប ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ប្រើ​វិធានការ​រដ្ឋបាល ដោយ​អូរ​ចេញ​បញ្ច្រាស់​ទឹក​ហូរ ដោយ​ប្តូរ​ទីតាំង​យក​ទៅ​ដាក់​សង្កាត់​ព្រែក​តា​សេក​វិញ ដោយ​អះអាង​ថា ដើម្បី​រៀ​ចំ​សណ្តាប់ធ្នាប់​សម្រួល​ដល់​ចំណត​ទូកង​។

ទោះបីជា​យ៉ាង ការ​រៀបចំ​សណ្តាប់​ធ្លាប់​សម្រាប់​ចំណត​ទូកង​នេះ ហាក់ដូចជា​មានការ​យឺតយ៉ាវ​បន្តិច ខណៈ​ដែល​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ នឹង​ចូល​មក​ដល់​២​ថ្ងៃ​ទៀត ហើយ​ទូកង​មក​បណ្តើ​ៗ​ហើយ​នោះ​។

ការ​ប្រើ​វិធានការ​រដ្ឋបាល​នេះ បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ដោយ​អាជ្ញាធរ​បាន​ប្រើ​ម៉ា​រី​ន សម្រាប់​អូស​ចំនួន​៣​គ្រឿង ។ នៅ​ព្រឹក​នោះ​ដែរ ដោយសារ​តែ​ស្ថានភាព​ទឹក​ហូរ​ខ្លាំង​នៅ​ពេល​ដែល​អូរ​ទាញ ក៏​បណ្តាល​ឱ្យ​បែរ​ខ្លះ​ដាច់​ក្រឡាប់​លិច​បាត់ បង្ក​ឱ្យ​មានការ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ម្ចាស់ ដែល​ជា​ជនជាតិ​វៀតណាម​ផង​ដែរ​។

តាម​លោក កៅ សា​រ៉ា​វុ​ធ អភិបាលរង​ខណ្ឌ​ជ្រោយចង្វារ បានអោយ​ដឹង​ថា ការ​អូស​ផ្ទះទឹក បែរ​ចិញ្ចឹម​ត្រី​ប្តូរ​ទីតាំង ធ្វើ​ឡើង​តាម​ការ​ណែ​ក​នាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​សណ្តាប់​ធ្លាប់​នៅ​តាម​ដង​ទន្លេសាប សម្រួល​ដល់​ចំណត​ទូកង​មក​ឈប់​ចត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​អកអំបុក​សំពះ​ព្រះ​ខែ ។ តាម​ការ​ណែនាំ អាជ្ញាធរ បាន​តម្រូវ​អោយ​អូស​បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះទឹក​ទាំងនោះ យក​ទៅ​ដាក់​នៅ​សង្កាត់​ព្រែក​តា​សេក បណ្តោះអាសន្ន​។

លោក អភិបាលរង បានអោយ​ដឹង​ទៀត​ថា មុន​នឹង​ប្រើ​វិធាន​ការណ៍​រដ្ឋបាល​អាជ្ញាធរ ក៏​បាន​ជួន​ដំណឹង​ដល់​ម្ចាស់​បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះទឹក​ទាំងនោះ​ចំនួន​៣​ដង​អោយ​ប្តូរ​ទីតាំង តែ​ម្ចាស់​មិន​ស្តាប់​តាម​ការ​ណែនាំ អូស​យក​ចេញ​ដោយ​ខ្លូ​ន​ឯង​នោះ​ទេ ទើប​អាជ្ញាធរ​ចុះ​មក​អូស​ចេញ​តែ​ម្តង ។ តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ព្រឹក​នោះ​អាជ្ញាធរ មានការ​លំបាក​ក្នុង​ការ​អូរ​បំ​លាស់​ទី​ផ្ទះទឹក និង​បែរ​ចិញ្ចឹម​ត្រី​ទាំងនោះ ព្រោះ​អូស​បញ្ច្រាស់​ទឹក​ហូរ​ខ្មួលខ្មាញ់​។

បើ​តាម​លោក​ច្រឹង យ៉ាំ​ង​ធី ភេទ​ប្រុស អាយុ​៧២​ឆ្នាំ ជនជាតិ​វៀតណាម ជា​ម្ចាស់​បែរ​ចិញ្ចឹម​ត្រី​បានអោយ​ដឹង​ថា រយៈពេល​ប្រមាណ​១​ខែ​មក​ហើយ ដែល​អាជ្ញាធរ​បាន​ជួន​ដំណឹង​អោយ​ម្ចាស់​បែរ និង​ផ្ទះទឹក​ទាំងអស់​អូរ​ចេញ​ដោយ​អះអាង​ថា រៀបចំ​អោយ​ទូកង​ចត​។ ដោយសារ​តែ​ស្ថានភាព​ទឹក​ហូរ​ខ្លាំង ពួក​គាត់​មិន​អាច​អូរ​បែរ​កើត​នោះ​ទេ ព្រោះ​អាច​ប្រឈម​មុខ​នឹង​ទឹក​ហូរ​បោក​រង​ការ​ខូចខាត​។

ម្ចាស់​បែរ​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា លោក​មិន​ជំទាស់​នឹង​អាជ្ញាធរ​នោះ​ទេ សូម​ពន្យារពេល​ដល់​បុណ្យ​ចូល​ចិន​ហើយ ទើប​ទឹក​ស្រក លែង​ហូរ ហើយ​អាច​ចល័ត​ទីតាំង​បែរ​បាន​ស្រួល​។ ម្ចាស់​បែរ​បាន​បន្ត​ទៀត​ថា គាត់​មានការ​លំបាក់​ក្នុង​ការ​រស់នៅ ការ​បំ​លាស់​ទីតាំង​ទៅ​កន្លែង​ផ្សេង​ៗ​ត្រូវ​បាន​គេ​ដេញ​ចុះឡើង​។

តាម​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ បានអោយ​ដឹង​ថា ផ្ទះទឹក និង​បែរ​ចិញ្ចឹម​ត្រី​ទាំងអស់ ដែល​តម្រូវ​អោយ​អូស​ចេញ មាន​ចំនួន ៧៣ ផ្ទះទឹក និង​បែរ​ចិញ្ចឹម​ត្រី​។

គួរ​បញ្ជាក់​ថា បែរ​ចិញ្ចឹម​ត្រី​និង​ផ្ទះទឹក​នោះ មួយ​ចំនួន​ទើបតែ​ប​ម្លា​ស់​ទី​ចេញពី​ទន្លេសាប នៅ​ខេត្តកំពង់ឆ្នាំង ហើយ​បាន​មក​ចត​នៅ​ច្រាំង​ទន្លេសាប នៅ​ភូមិ​ដើម​គរ​នេះ កាន់តែ​ច្រើន​ឡើង​។​មិន​ថា តែ​នៅ​ខណ្ឌ​ជ្រោយចង្វារ នោះ​ទេ នៅ​ខណ្ឌ​ឬ​ស្សី​កែវ និង​ខណ្ឌ​ព្រែក​ព្នៅ ផ្ទះទឹក និង​បែរ​ចិញ្ចឹម​ត្រី​មក​តាំង​ទីលំនៅ​លើ​ទឹក​យ៉ាង​អានា​ធិ​ប​តេ​យ្យ​កាន់តែ​ច្រើន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ