ខេត្តបាត់ដំបង ៖ គ្រាប់កាំភ្លើងត្បាល់ធុន DK.75 យ៉ាងតិចចំនួន៣៤គ្រាប់ ត្រូវបានសមត្ថកិច្ចនាំកម្លាំងអង្គភាពកំចាត់មីន ស៊ីម៉ាក់ ទៅគាស់កកាយយកទៅកំទេចចោល នៅព្រឹកថ្ងៃទី0៨ វិច្ឆិកា នេះ ខណៈដែលប្រជាពលរដ្ឋដើរជីកដីរកសត្វពស់ ស្រាប់តែប្រទះឃើញគ្រាប់នៅចំណុចអូរឆ្នាំងធ្លុះ ស្ថិតក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា គ្រាប់កាំភ្លើងត្បាល់ធុន DK 75 ទាំង៣៤គ្រាប់នោះ មួយចំនួនមានគុណល្អ ដែលច្រកនៅក្នុងសម្បកគ្រាប់កប់នៅក្នុងដី ហើយត្រូវបានអ្នកភូមិដែលដើររកជីកសត្វពស់ជាអ្នកប្រទះឃើញគំនរគ្រាប់នេះ កាលពីល្ងាចថ្ងៃទី០៧ វិច្ឆិកា រួចក៏រាយការណ៍ទៅសមត្ថកិច្ចតែម្ដង។
បើតាមការសន្និដ្ឋានពីមន្ត្រីជំនាញបាននិយាយថា គ្រាប់ DK.75 ទាំងនោះ គឺជាគ្រាប់ដែលគេកប់ទុកកាលពីសម័យសង្គ្រាម តែដោយសារគ្រាប់នេះមានច្រកក្នុងសម្បកគ្រាប់ត្រឹមត្រូវ ទើបនៅមានគុណភាពល្អច្រើន។
មន្ត្រីដដែលបាននិយាយទៀតថា សមត្ថកិច្ចបានសហការជាមួយកម្លាំងស៊ីម៉ាក់ ចុះពិនិត្យទីតាំងនោះ ដើម្បីស្រាវជ្រាវរុករកកាកសំណល់សង្គ្រាមនេះបន្តទៀតក្នុងតំបន់នោះ ក្រោយពីកម្លាំងអង្គភាពស៊ីម៉ាក់ប្រមូលគ្រាប់យុទ្ធភ័ណ្ឌទាំងនោះ ចេញអស់ពីទីតាំង ដើម្បីយកទៅកំទេចចោល។
យ៉ាងណាក៏ដោយ ជាមួយនឹងការប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះ ដែលគេសន្និដ្ឋានថា ជាកាកសំណល់ដែលសល់ពីសម័យសង្គ្រាមទាំងនេះ អាជ្ញាធរក៏បានអំពាវនាវដល់ពលរដ្ឋនៅតាមមូលដ្ឋានឲ្យមានការប្រុងប្រយ័ត្នចំពោះកាកសំណល់សង្គ្រាមទាំងនោះ ព្រោះនៅក្នុងភូមិសាស្ត្រនានានៃស្រុកនេះ អាចនៅមានគ្រាប់យុទ្ធភ័ណ្ឌសេសសល់កប់នៅក្នុងដីនៅឡើយ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយយថាហេតុ។
ដូច្នេះប្រជាពលរដ្ឋត្រូវរាយការណ៍ភ្លាមៗទៅសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ប្រសិនបើប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌដូចខាងលើនេះ ឬគ្រាប់មីន និងគ្រាប់កាំភ្លើងផ្សេងៗទៀត ដើម្បីសមត្ថកិច្ចមានវិធានការបន្តទៅអង្គភាពស៊ីម៉ាក់ជួយអន្តរាគមន៍។ ប៉ុន្តែហាមដាច់ខាតកុំប៉ះពាល់គ្រាប់យុទ្ធភ័ណ្ឌទាំងនោះ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ