បើ​មិន​សប្បាយចិត្ត​នៅ​កន្លែងធ្វើការ អ្នក​គួរ​ធ្វើ​ដូច​ម្តេច


មនុស្ស​ម្នាក់​ៗ​តែងតែមាន​ថ្ងៃ​ដែល​មាន​តែ​សំណាងអាក្រក់​តាំងពី​ព្រឹក​រហូត​ដល់​យប់​ចូល​​ដំណេក​។ ជា​ទូទៅ មនុស្ស​តែងតែ​ព្យាយាម​ឆ្លង​ផុត​ថ្ងៃ​នោះ ​និង​សង្ឃឹមថា ​ថ្ងៃស្អែក​ជា​ថ្ងៃ​ល្អ​ជាង​មុន​។ ប៉ុន្តែ​វា​មិន​តែងតែ​ដូច្នេះ​ទេ ហើយ​កម្លាំង​របស់​អ្នក​នឹង​កាន់តែ​ចុះ​ខ្សោយ​បន្តិច​ម្តង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​មួ​យស​ប្តា​ហ៍​ទៅ​មួយ​ស​ប្តា​ហ៍ រ​ហូត​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​ថា ​អ្នក​មិន​សប្បាយ​ចិត្តនឹង​ការងារ​របស់​ខ្លួន​។

សម្រាប់​មនុស្ស​ដែល​ជោគជ័យ ពួក​គេ​មិន​អង្គុយ​ចាំ​រហូត​ដល់​អារម្មណ៍​នេះ​បាត់បង់​ដោយ​​ខ្លួនឯង​ទេ​។ ផ្ទុយ​មក​វិញ ពួក​គេ​ធ្វើ​សកម្មភាព​ដើម្បី​ផ្លាស់​ប្តូរ​វា​។ អ្នក​ក៏​អាច​ធ្វើ​បាន​ដែរ​ដោយ​សាកល្បង​វិធាន​ខាងក្រោម​នេះ​៖

១. តាមដាន ៖ ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា ​មិន​សប្បាយចិត្ត ឬ​មិន​ពេញចិត្ត​នឹង​ការ​ងារ អ្នក​ភាគច្រើន​ព្យាយាម​មើល​រំលង​វា និង​គិត​ថា ​វា​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​ដែល​គួរ​គិត។ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង ការ​មាន​អារម្មណ៍​បែប​នេះ នៅ​កន្លែង​ការងារ អាច​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​អ្នក​។

ដោយហេតុ​ដូច្នេះ​ទើប​អ្នក​គួរតែ​រៀន​តាមដាន​អារម្មណ៍​របស់​ខ្លួន​។ រាល់ពេល​ដែល​អ្នកមាន​អារម្មណ៍​ដូច​ខាងលើ អ្នក​គួរ​សួរ​ខ្លួនឯង​ដើម្បី​ដឹង​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​ខ្លួន​មាន​អារម្មណ៍​ទាំងនេះ​។

២. វិភាគ ៖ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ទម្លាក់​កំហុស​ទៅ​លើ​មនុស្ស​ដទៃ ឬ​កត្តា​ដទៃ​ដែល​មិន​ទាក់ទិន​នឹង​ខ្លួន​។ ប៉ុន្តែ​ប្រសិនបើ​បញ្ហា​ត្រូវ​បាន​បង្ក​ឡើង​ព្រោះតែ​បញ្ហា​ជំនឿ​ចិត្ត ឬ​បញ្ហា​ផ្លូវចិត្ត​នោះ អ្នក​ត្រូវ​តែ​ដោះស្រាយ​វា ជា​មុន​សិន​ទើប​អាច​ផ្លាស់​ប្តូរ​ស្ថាន​ការ​បាន​។

៣. ជឿជាក់​លើ​ខ្លួនឯង ៖ ប្រសិនបើ​ការ​វិភាគ​របស់​អ្នករក​ឃើញ​ថា​ការងារ មិត្ត​រួមការ​ងារ ឬ​ស្ថាប័ន​ការងារ​របស់​អ្នក​មិន​សាក​សម នឹង​អ្នក​នោះ​អ្នក​គួរ​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ដើរ​ចេញ​។ បើ​បញ្ហា​មិន​ទាក់ទង​ទៅ​នឹង​តម្លៃ និង​តួនាទី​របស់​អ្នក​ទេ​នោះ វា​ប្រហែលជា​ដល់​ពេល​ក្នុង​ការ​រក​ឱកាស​ដទៃ​ទៀត​ហើយ​។

តែ​ប្រសិនបើ​អ្នក​នៅ​តែ​ស្រលាញ់​កន្លែង​ការងារ​នេះ តែ​គិត​ថា ​អ្នក​ត្រូវ​តែ​សកម្ម​ជាង​មុន​ក្នុង ការ​បង្កើត​ឱកាស សម្រាប់​ខ្លួន​នោះ ចូរ​អាន​ចំណុច​បន្ទាប់​។

៤. បង្កើត​ផែនការ ៖ មិន​ថា ​អ្នក​សម្រេចចិត្ត​ស្វែងរក​ឱកាស​ការងារ​ថ្មី ឬ​កំពុង​តែ​ពិចារណា​​លើ​ការ​ធ្វើការ​របស់​ខ្លួន​សា​ជា​ថ្មី​ទេ អ្នក​ត្រូវ​តែ​ចេញ​សកម្មភាព​។ ប៉ុន្តែ​ជាដំបូង​គឺ​អ្នក​ត្រូវ​មាន​ផែនការ​ច្បាស់លាស់​មុន​នឹង​ចាប់ផ្តើម​អនុវត្ត​វា​។

អ្វី​ដែល​អ្នក​ត្រូវ​ចង​ចាំ ​គឺ​អ្នកមាន​ថាមពល​ច្រើន​ជាង​អ្នកដឹង ហើយ​ពិភព​អាជីវកម្ម​ គឺទទួល​ទម្លាប់ ប្តូរ​ការងារ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដែរ ខណៈ​ដែល​ក្រុមហ៊ុន​ដែល​ជោគជ័យ​ចង់​ឲ្យ​បុគ្គលិក​ខ្លួន​មាន​ភាព​សកម្ម​។ ប្រែ​សម្រួល​ដោយ ​៖ ណៃ ដា​លី​ន (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ