ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ពលរដ្ឋ​ដែល​តែង​លួចលាក់​រក្សា​ទុក​អាវុធ​កែ​ច្នៃ​ខុសច្បាប់


ខេត្តព្រះវិហារ ៖ ដោយ​មើលឃើញ​ថា បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្តព្រះវិហារ​មានការ​ភ្ញាក់រលឹក​យក​អាវុធ​កែ​ច្នៃ​មក​ប្រគល់​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចូលរួម​កាត់​បន្ថយ​នូវ​ការ​គ្រោះថ្នាក់​ដោយ​អាវុធ​នេះ ម្យ៉ាងវិញទៀត​ចូលរួម​ធ្វើ​យ៉ាងណា​មិន​ឲ្យ​កើត​មាន​បទល្មើស​ដោយ​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​ទាំង​អស់នេះ ។ ទោះជា​បែប​នេះ​ក្តី​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​ព្រមាន​ចាត់វិធានការ​យ៉ាង​តឹង​រឹង​តាម​ផ្លូវច្បាប់ ចំពោះ​ជន​ណា​ដែល​នៅ​តែ​លាក់​ទុក​អាវុធ​នេះ​នៅ​ក្នុងផ្ទះ​។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន លោក​វរៈសេនីយ៍ត្រី រិ​ទ្ធ សូ​ណា អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ លោក​ពន្យល់​ថា ការ​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន​យ៉ាង​ខ្លាំង​ព្រោះ​កន្លង​ទៅ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​អាវុធ​នេះ ក្នុង​ការ​បរបាញ់​សត្វ ព្រៃ និង​បង្ក​ជា​បទល្មើស​ផ្សេង​ៗ​ជាដើម ។ លោក​បន្ត​ថា នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ត្បែងមានជ័យ​នៃ​ខេត្តព្រះវិហារ​បន្ទាប់​ពី​នគរបាល​បាន​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប​ឈ្ឈប់​ការ​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​គ្រប់​ប្រភេទ​ឃើញ​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ភ្ញាក់រលឹក​នាំ​គ្នា​ប្រមូល​យក​វត្ថុ​កែ​ច្នៃ​ទាំង​អស់នោះ​មក​ប្រគល់​ជូន​សមត្ថកិច្ច ព្រោះ​ពួក​គាត់​គិត​ថា ការ​ធ្វើ​បែប​នេះ​បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​ភូមិ​ឃុំ​របស់​ពួក​គាត់​មាន​សុវត្ថិភាព គ្មាន​បទល្មើស​ជាដើម ។

តែ​ទោះជា​បែប​នេះ​ក្តី​លោក​បាន​ព្រមាន​ចាត់វិធានការ​យ៉ាង​តឹង​រឹង​បន្ត​ទៀត​ចំពោះ​ជនសង្ស័យ​ណា​ដែល​នៅ​តែ​លួចលាក់​ទុក​អាវុធ​កែ​ច្នៃ​គ្រប់​ប្រភេទ​ក្នុង​លំនៅ​ឋាន​ត្រូវ​ប្រឈម​មុខ​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​លែង​មានការ​អប់រំ​ដូច​មុន​ទៀត​ឡើយ ។

ជាមួយ​គ្នា​នេះ លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​៩​ខែ​ដើម ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បាន​ដកហូត អាវុធ​កែ​ច្នៃ​ពី​ប្រជាពលរដ្ឋ​ប្រើប្រាស់​ខុសច្បាប់ និង​ពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​គ្រប់​ប្រភេទ​ជូន​សមត្ថកិច្ច​បាន​ចំនួន​១១៧​ដើម ក្នុង​នោះ​មាន​អាវុធ​អាកា​៤៧១​ដើម អាវុធ​កែ​ច្នៃ​ប្រភេទ​កា​ប៊ិ​ន ៩២​ដើម អាវុធ​កែ​ច្នៃ​ស្នា​តេះ ៧​ដើម និង​អាវុធ​កែ​ច្នៃ​ប្រភេទ​ស្នប់​ខ្យល់​១៤​ដើម គ្រោង​នឹង​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ពេល​ខាង​មុខ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ