Dani Alves ថា​ខ្លួន​មិន​លេង​អន់​ទេ តែ​មក​ពី​ក្លិប​មិនកើត


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Dani Alves ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​ទម្រង់​លេង​របស់​គាត់​នៅ​ក្លិប​ថ្មី Sao Paulo ពេល​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ ប៉ុន្តែ​ពេល​នេះ​អតីត​កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប FC Barcelona បាន​អះអាង​ថា​ខ្លួន​មិន​អន់​ទេ​។

បន្ទាប់​ពី​នៅ​ឈរជើង​រយៈពេល ២ រដូវ​កាល​ជាមួយ​ក្លិប Paris Saint-Germain កីឡាករ Alves បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ប្រេ​ស៊ី​ល​វិញ ដើម្បី​ចូលរួម​ជាមួយ​ក្លិប Sao Paulo ដែល​ជា​ក្រុម​លោក​បាន​គាំទ្រ​កាលពី​នៅ​ក្មេង​។

កីឡាករ​វ័យ ៣៦ ឆ្នាំ​រូប​នេះ​បាន​រក​គ្រាប់​បាល់​ដំបូង​សម្រាប់​ក្លិប ប៉ុន្តែ​បានឃើញ​ទម្រង់​លេង​របស់​គាត់​ធ្លាក់​ចុះ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ដែល​ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​និង​អ្នកគាំទ្រ ជា​ពិសេស​បន្ទាប់​ពី​ការ​បរាជ័យ​របស់ Tricolor ចំពោះ​គូប្រជែង Palmeiras ។

ចាប់តាំងពី​ពេល​នោះ​មក Alves បាន​វាយបក​វិញ ដោយ​អះអាង​ថា គាត់​ធ្លាប់​បាន​ជួយ​ក្លិប​មុន​ៗ​ឱ្យ​ឈ្នះ​ពាន​ដល់​ទៅ​៤០​ដង ដែល​មាន​២៣​ដង ជាមួយនឹង​ក្លិប​អ្នកមាន​បុណ្យ Barcelona​។ នេះ​គឺជា​អំណះអំណាង​មួយ ដែល​បញ្ជាក់​ថា គាត់​មិនមែន​អន់​នោះ​ទេ​។

កីឡាករ​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន La Gazzetta Dello Sport ថា​៖«​វា​គ្មាន​ស្ថេ​រ​ភាព​នៅឡើយ​ទេ​ក្នុង​ក្លិប​ប្រេ​ស៊ី​ល​មួយ​នេះ​។ ខ្ញុំ​ទើបតែ​មក​៣​ខែ​ប៉ុណ្ណោះ ហើយ​គេ​ឃើញ​ខ្ញុំ​ថា​អត់​ប្រយោជន៍​បាត់​ទៅ​ហើយ​។ ខ្ញុំ​គឺជា​កីឡាករ​រកបាន​ពាន​ច្រើន​ជាងគេ ហើយ​នេះ​អាច​បញ្ជាក់​ថា​ខ្ញុំ​មាន​ប្រយោជន៍​ឬ​អត់​»​។

Alves បាន​បន្ត​ថា​៖ «​ខ្ញុំ​បាន​លេង​អស់​រយៈពេល ៨​ឆ្នាំ​នៅ Barca ហើយ​ឈ្នះ ២៣​ពាន ពីព្រោះ​នៅ​ទីនោះ​មាន​ស្ថេ​រ​ភាពល្អ និង​មាន​ភាព​ខ្លាំង​យូរ​មក​ហើយ​»៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ