ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ​ភ្លោះ​ប្រុស​៣​នាក់​សម្ដេច​តេ​ជោ​ប្រ​សូត្រ​នៅ​មណ្ឌល​សុខភាព​ពាមជីលាំង

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កូនភ្លោះ​៣​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រ​សូត្រ​នៅ​មណ្ឌល​សុខភាព​ពាមជីលាំង ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នា​រសៀល​ថ្ងៃ​ទី​០៦…

ខេត្តកំពង់ចាម ៖ កូនភ្លោះ​៣​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រ​សូត្រ​នៅ​មណ្ឌល​សុខភាព​ពាមជីលាំង ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នា​រសៀល​ថ្ងៃ​ទី​០៦ វិច្ឆិកា​នេះ ។ ដោយសារ​តែ​សុខភាព​រាង​ខ្សោយ​នោះ​កូនភ្លោះ​ទាំង​៣​ត្រូវ​បាន​ជីដូន​បង្កើត​បាន​ប្រញាប់​យក​មក​សង្គ្រោះ​ដាក់​ចិញ្ចឹម​នៅ​ក្នុង​កែវ​វិទ្យាសាស្ត្រ ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។

ស្ត្រី​ឈ្មោះ ផៃ ដា​នី អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ពាមជីលាំង ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ វិច្ឆិកា​នេះ​ថា ក្នុង​ពេល​ដែល​ប្អូនស្រី​ឈ្មោះ ផៃ ធា​រី អាយុ​២៧​ឆ្នាំ ក្នុង​គ្រា​ដែល​មាន​ផ្ទៃពោះ ៥ ទៅ​៦​ខែ​បាន​ទៅ​ពិនិត្យ​អេកូ​មើល​នៅ​កំពង់​ឬ​ស្សី​ក្នុង​ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ដោយ​ឃើញ​កូនភ្លោះ​ចំនួន​២​នាក់ តែ​មិន​ច្បាស់​ថា​៣​នាក់ សូម​ឲ្យ​តាមដាន​បន្ថែម ។

ស្ត្រី​ឈ្មោះ​ផៃ ដា​នី បាន​ប្រាប់​បន្ត​ថា រហូត​មក​ដល់​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៦ វិច្ឆិកា​នេះ ប្អូនស្រី​របស់​គាត់​បាន​ប្រ​សូត្រ​កូនភ្លោះ​ប្រុស​៣​នាក់ ក្នុង​នោះ​កូន​បង​គេ​ទម្ងន់ 1.50kg ទី​ពីរ​ទម្ងន់​1.50kg និង​ទី​បី​ទម្ងន់ 1.95kg ដោយសារ​តែ​សុខភាព​របស់​ក្មួយ​ភ្លោះ​ទាំង ៣​រាង​ខ្សោយ​ក៏​ប្រញាប់​ដឹក​មក​សង្គ្រោះ​ដាក់​ចិញ្ចឹម​ក្នុង​កែវ​វិទ្យាសាស្ត្រ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ក្រោម​ការ​យកចិត្តទុកដាក់​របស់​គ្រូពេទ្យ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៧ វិច្ឆិកា​ធ្វើ​ឲ្យ​សុខភាព​របស់​ក្មួយ​ភ្លោះ​ទាំង​៣ ប្រសើរ​បន្តិច ។

ក្នុង​ពេល​ដែល​ប្អូនស្រី​មាន​ផ្ទៃពោះ​ក៏​បាន​យល់សប្តិ​ឃើញ​គេ​ឲ្យ​កងដៃ​ចំនួន​៣ នោះ​ពេល​ដែល​ប្រ​សូត្រ​កូន​មក​បាន​ភ្លោះ​បី​នាក់ ។ ប្អូនស្រី​ដែល​ត្រូវជា​ម្ដាយ​របស់​កូនភ្លោះ​មិន​បាន​មក​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​លោក​ទេ ដោយសារ​តែ​បញ្ហា​សុខភាព​ចុះ​ខ្សោយ គឺ​សម្រាក​នៅ​ឯ​ផ្ទះ ដោយ​មាន​ប្ដី​មើលថែ​រក្សា ។

អ្នកស្រី​ធី​ម ថា អាយុ​៥២​ឆ្នាំ ត្រូវជា​ជីដូន​បង្កើត​របស់​កូនភ្លោះ​បី​នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​កូនស្រី​របស់​គាត់​បាន​ប្រ​សូត្រ​នៅ​មណ្ឌល​សុខភាព​ពាមជីលាំង ភ្លាម​ៗ​នោះ​គាត់​មិន​បាន​មក​នោះ​ទេ ។ បន្ទាប់​មក​ទៀត​ពេល​ដែល​ដឹង​ថា បានកូន​ភ្លោះ​៣ ហើយ​សុខភាព​របស់​ចៅ​មិនសូវ​ធានា​ប៉ុន្មាន​នោះ​ទេ ។ ក៏​ប្រញាប់​ធ្វើ​ដំណើរ​មក​ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ រួច​ក៏​យក​ចៅប្រុស​ទាំង​៣​នាក់​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។

ជីដូន​រូប​នេះ​បាន​បញ្ជាក់​ថា កាលពីមុន​គាត់​ធ្លាប់​ប្រ​សូត្រ​បានកូន​ភ្លោះ​៣​ដែរ ក្នុង​នោះ​កូន​បង និង​ពៅ​បាន​ស្លាប់​បាត់​ទៅ​ហើយ នៅ​សល់​តែ​កូន​កណ្ដាល សព្វថ្ងៃ​អាយុ ៣២​ឆ្នាំ​ហើយ​ដែល​ជា​អ្នក​មើលថែ​រក្សា​រូប​គាត់ (​ធី​ម ថា​) នៅ​ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ។

ជា​ចុង​ក្រោយ​គាត់​ក៏​លើកដៃ​ម្រាម​ដប់​សំពះ​អង្វរ​ដល់​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី​-​ហ៊ុន សែន សូម​មេត្តា​ជួយ​សង្គ្រោះ​ចៅ​ភ្លោះ​ទាំង​បី​នាក់​របស់​គាត់ ឱ្យ​បាន​រស់​ផង គាត់​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សម្ដេច និង​ជួយ​ដល់​ចៅ​ទាំង​បី​នាក់​ព្រោះ​កន្លង​មក​សម្ដេច​បាន​ចាត់​ទុក​ថា ឲ្យ​តែ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រ​សូត្រ​បាន​បុត្រ​៣ គឺ​សម្ដេច​បាន​ចាត់​ទុក​ថា ជា​ចៅ​របស់​សម្ដេច ។

បើ​តាម​គ្រូពេទ្យ​ខេត្តកំពង់ចាម​វិញ​ប្រាប់​ថា កូនភ្លោះ​៣​នាក់​នេះ ប្រ​សូត្រ​មិន​គ្រប់​ខែ​ដោយ​ម្ដាយ​មាន​ផ្ទៃពោះ​ជាង​៨​ខែ​ក៏​ប្រ​សូត្រ​នេះ​អាច​ធ្វើ​ឱ្យ​សុខភាព​របស់​កូន​មិនសូវ​ល្អ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​គ្រូពេទ្យ និង​ប្រឹង​ថែទាំ​សង្គ្រោះ​ដល់​កូនភ្លោះ​ទាំង​បី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ