ខេត្តកំពង់ឆ្នាំង . ទូក.ងល្បីឈ្មោះប្រណាំងមិនដែលចាញ់ឈ្មោះ «ក្តាមប្រៃ» បានធ្វើពិធីក្រុងពាលីដើម្បីចុះទឹកហើយកាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ទូក.ងមួយនេះតម្កល់ទុកនៅសាលាបុណ្យសន្សំកុសល ក្នុងភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាចក្រោម ស្រុកកំពង់ត្រឡាច ។
លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ដល់ក្រុមកីឡាករទាំងអស់ថា នៅថ្ងៃទី៨ ខែវិច្ឆិកា យើងនឹងមានពិធីជូបជុំក្រុមកីឡាករទូកទាំងអស់ដើម្បីទទួលការណែនាំរបស់គណៈកម្មការទូកថ្នាក់ខេត្តក៏ដូចស្តាប់ប្រសាសន៍ណែនាំរបស់អាជ្ញាធរខេត្ត និងក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង ព្រមទាំងទទួលអំណោយផងដែរ ។ បន្ទាប់មកយើងនឹងធ្វើពិធីប្រណាំងសាកល្បងរួចយើងបន្តដំណើរចេញទៅរាជធានីភ្នំពេញតែម្តង ។
លោកបន្តថា ក្នុងរយៈពេល៣ថ្ងៃនៃការស្នាក់នៅរាជធានីភ្នំពេញសូមបងប្អូនក្រុមកីឡាករយកចិត្តទុកដាក់ថែរទាំសុខភាព ដូចជាការសម្រានក្នុងមុង ពិសារទឹកឆ្អិន និងសូមសាមគ្គីគ្នា ដើម្បីយើងទទួលជ័យជំនះជូនមុខមាត់ខេត្តរបស់យើង ។ សូមបងប្អូនក្រុមកីឡាករ កុំភ្លើតភ្លើននឹងភ្លើងពណ៌ នាំយកជម្ងឺអេដស៍ចូលផ្ទះ និងបើមានដៃគូ សូមប្រើស្រោមអនាម័យជាដាច់ខាត ។
តាមការបញ្ជាក់ពីគណៈកម្មការទូក.ងឈ្មោះ «ក្តាមប្រៃ»បានឱ្យដឹងថា ទូក«ក្តាមប្រៃ»ជាទូក អុំខ្នាតវែងបុរសមានប្រវែង ២៩.៧០ម៉ែត្រ មានចំណុះកីឡាករ ៦២ នាក់ បូកអ្នករាំក្បាលទូក និងអ្នកបាចទឹកទូក២នាក់ សរុបកីឡាករ ៦៤ នាក់ និងនៅមានកីឡាករបំរុង២០នាក់បន្ថែមលើនេះទៀត ។ ទូក«ក្តាមប្រៃ»ជាទូកដែលល្បីរន្ទឺជាងគេនៅពេលចូលរួមប្រកួតថ្នាក់ជាតិម្តងៗថ្វីបើទូកនេះឈ្មោះមិនពិរោះដូចទូកងដទៃ តែទូកមួយនេះទទួលបានចំណាត់ថ្នាក់ផែនលេខ១ជារៀងរាល់ឆ្នាំ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ