អាសូរ​បុរស​ម្នាក់​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​ដឹក​ដី​យ៉ាង​រន្ធត់


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ ស្រាប់តែ​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​កិន​ចំ​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃ​ទី​៦ វិច្ឆិកា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​៤ មុខ​ខ្លោងទ្វារ​បុរី​សែន​មនោ​រម្យ​ខាងកើត ស្ថិត​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ រឹម សា​វុ​ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HT-៩១៧០​។ ចំណែក​ភាគី​ខាង​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង ម៉ាក​គា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-៥១៣៩ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេចខ្លួន​បាត់​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បើកបរ​ស្របគ្នា​កិន​ចំ​ក្បាល​ជន​រង​គ្រោះ​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​បាត់​ស្រមោល​។

បើ​តាម​ប្រភព​ពី​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ទើបនឹង​ចេញពី​ធ្វើការ​រោងចក្រ​នៅ​ម្តុំ​កំ​បូល ក្នុង​គោលបំណង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ស្រាប់តែ​មាន​គេ​ទូរស័ព្ទ​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​កើតហេតុ គេ​ឃើញ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​មក​ដល់​ចំណុច​កើតហេតុ និង​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍ រួម​ទាំង​ជំនាញ​ចរាចរណ៍​ខណ្ឌ សហការ​ជាមួយ​ចរាចរណ៍​ក្រុង​មក​វាស់វែង និង​រៀបចំ​ឯកសារ​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ភូមិ​បន្លា​ស្អិត ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ