ចេញពី​កម្មវិធី​ជាមួយ​បងប្អូន​មិត្តភក្តិ​ទៅ​ក្លែម​បង្គោល​ភ្លើង​ខ្ទេច


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​កម្មវិធី​ជួបជុំ​បងប្អូន​មិត្តភក្ដិ​ផឹកស្រា​ស្រវឹង​បើករថយន្ត​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ផ្សារ​អូ​ឡាំ​ពិ​ក​ធ្វើ​ដំណើរ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​គេច​ម៉ូតូ​មួយ​គ្រឿង​ដែល​វ៉ា​ពីមុខ​រថយន្ត​រ៉េ​ចង្កូត​ទៅ​បុក​នឹង​បង្គោល​ភ្លើង​ថ្ម​បំភ្លឺ​ផ្លូវ​បណ្ដាល​ឲ្យ​បាក់​រលំ​អស់​មួយ​ដើម​រង​ការ​ខូចខាត ចំណែក​រថយន្ត​បង្ក​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ចំហៀង​ខាងឆ្វេង​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​11​និង​15​នាទី​យប់ ថ្ងៃ​ទី​6 ខែវិច្ឆិកា នៅ​តាម​បណ្តោយ​ផ្លូវ​271 ខាងជើង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​100​ម៉ែត្រ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​1 ខណ្ឌមានជ័យ ។

គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក lexus RX-300 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2K-8865 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ស្គាល់​ម្ចាស់​រថយន្ត​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គឺ​តៃកុង​រថយន្ត​បង្ក​ទើបនឹង​ចេញពី​ហូប​ស្រា​ជុំ​មិត្តភក្ដិ​បងប្អូន​តែ​គាត់​មិន​បាន​បញ្ជាក់​ប្រាប់​ថា ហូប​នៅ​កន្លែង​ណា​ទេ ។ លុះ​ស្រវឹង​តៃកុង​រថយន្ត​បង្ក​ក៏​បាន​លា​មិត្តភក្តិ​បងប្អូន​ត្រលប់​ទៅ​ផ្ទះ​មុន​នៅ​ម្តុំ​ផ្សារ​អូ​ឡាំ​ពិ​កដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​271​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ល្បឿន​លឿន មក​ដល់​កន្លែង​កើតហេតុ​ក៏​ជួប​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​វ៉ា​រថយន្ត​គាត់ ហើយ​ក៏​ងាក​ចង្កូត​គេច​មក​ខាងស្តាំ​ក៏​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង​ថ្ម​បំភ្លឺ​ផ្លូវ​ពេញទំហឹង​បណ្តាល​អោយ​ខូចខាត​បាក់​ដួល​រលំ​អស់​មួយ​ដើម ។

ចំណែក​រថយន្ត​បង្ក​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ចំហៀង​ខាងស្តាំ​ហូរ​ប្រេងម៉ាស៊ីន​ពេញ​ផ្លូវ​តែ​សំណាង​ក្នុង​ហេតុការណ៍​នេះ​ដែរ​មិន​បាន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​របួស​ឡើយ​រួម​ទាំង​តៃកុង​រថយន្ត​បង្ក​ផង​ដែរ ។

បន្ទាប់​ពី​បង្កហេតុ​តៃកុង​រថយន្ត​បង្ក​បាន​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​បន្សល់​ទុក​តែ​រថយន្ត​បង្ក​អោយ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នរ​គ​របាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ជាមួយ​ម្ចាស់​រថយន្ត ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ