ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ មានសេចក្តីរីករាយសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់រាជរដ្ឋាភិបាលបានសាងសង់ស្ពានថ្មមួយកន្លែងប្រវែង៦០ម៉ែត្រ ឆ្លងព្រែក ដែលមកដល់ពេលនេះបានរួចរាល់ជាស្ថាពរ និងទើបតែដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ ។ ពួកគាត់ពិតជាងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ និងមិនបាច់ចំណាយប្រាក់ឆ្លងដដូចកាលពីមុនទៀត
ឡើយ ។
លោក នុប ហូយ មេភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរបាននិយាយឲ្យដឹងថា ស្ពានឆ្លងព្រែក ក្នុងភូមិកងមាសនេះ មានបណ្ដោយប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ដែលកសាងឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ តាមសំណួមពរស្នើសុំរបស់ប្រជាពលរដ្ឋដែលជួបការលំបាកធ្វើដំណើរ ។ តាមរយៈក្រុមការងារចុះជយយខេត្តកំពង់ឆ្នាំង ទើបថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល ផ្តល់ថវិការ កសាងស្ពាននេះឡើង និងបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ។
ប្រជាពលរដ្ឋទូទៅនៅក្នុងស្រុករលាប្អៀរ និងនៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូលរីករាយសប្បាយចិត្តយ៉ាង
ខ្លាំង ខណៈដែលគាត់បានធ្វើដំណើរ ដោយម៉ូតូ គោយន្ត ឬរថយន្តឆ្លងកាត់ស្ពានមួយនេះបានងាយស្រួល ។ ដោយឡែក ពីមុនមិនទាន់មានស្ពាននេះ ការឆ្លងព្រែកកងមាសនេះ ត្រូវឆ្លងកាណូតដរ និងធ្វើដំណើរបានតែម៉ូតូប៉ុណ្ណោះ ចំណែកគោយន្តនិងរថយន្តមិនអាចឆ្លងកាត់បានឡើយ ។
ស្ពានព្រែកកងមាសនេះ បានតភ្ជាប់ផ្លូវធ្វើដំណើយមកពីផ្សារព្រៃខ្មែរ ស្រុករលាប្អៀរ និងតភ្ជាប់ពីក្រុងកំពង់ឆ្នាំងកាត់តាមឃុំកំពង់អុស មកភូមិកងមាសចេញទៅភូមិកន្លែងភេ ភូមិភ្លង និងចេញទៅទន្លក្រៅក្នុងស្រុកជលគីរី ដែលប្រជាពលរដ្ឋបានចេញចូលដឹកផលនេសាទ ភោកផលកសិកម្ម និងទិញដូរបន្លែបង្កាជារៀងរាល់ថ្ងៃ ។
ក្នុងនាមលោកជាមេភូមិកងមាស តំណាងអោយប្រជាពលរដ្ឋនៅក្នុងភូមិជាង៣០០គ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច តេជោហ៊ុនសែន ជាប្រមុខដឹកនាំ និងអរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ ឯកឧត្តបណ្ឌិត អ៊ុក រ៉ាប៊ុន ក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានទទួលសំណើរ របស់ប្រជាពលរដ្ឋជួយកសាងស្ពានដ៏ស្អាតនិងរឹងមាំនេះ ទុក ជាចំណងដៃជូនប្រជាពលរដ្ឋនៅក្នុងភូមិកងមាស ។
ដោយឡែក លោក លន់ សុភា ជាអាជីរករទិញលក់ មាន់ ទា ពី ភូមិកងមាស ទៅលក់បន្តនៅក្រុងកំពង់ឆ្នាំងខណៈកំពុងបើកម៉ូតូឆ្លងកាត់ស្ពានមួយនេះ បាននិយាយឱ្យដឹងថា៖ កន្លងគាត់ធ្វើដំណើរមកទិញមាន់ ទានៅនេះជារៀងរាល់ថ្ងៃ គាត់ត្រូវចំណាយប្រាក់ឆ្លងកាណូតដរទៅមក ទាំងម៉ូតូនិងមនុស្ស អស់២ ពាន់រៀល ។
ប៉ុន្តែឥឡូវនេះ ពេលស្ពានធ្វើរួចរាល់ គាត់ពិតជាសប្បាយចិត្ត ព្រោះមិនអស់ប្រាក់ឆ្លងកាណូតដរដូចមុនទៀតឡើយ ដែលអាចជិះម៉ូតូទៅមកបានដោយងាយស្រួល និងឆាប់រហ័ស ធ្វើឱ្យអោយគាត់មកទិញមាន់ ទា យកទៅលក់នៅទីផ្សារទាន់ពេលវេលា ។ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ធ្វើការសាងស្ពាននេះឡើង ដើម្បីងាយស្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ