ការ​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រីរាជការ​នៅ​មិន​អាច​ឆ្លើយ​តប​ទៅ​និង​គោលនយោបាយ​រាជរដ្ឋាភិបាល


រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល ៥​ឬ ៦​ឆ្នាំ​កន្លង​ទៅ​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាលកម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្ត​នូវ​គោលនយោបាយ​សំខាន់​២​កាលពី​ឆ្នាំ​២០១៣-២០១៤ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ការ​អភិវឌ្ឍ ឬ​ការ​ពង្រឹងសមត្ថភាព​មន្ត្រីរាជការ​ស៊ី​វិល​នៅ​តាម​ក្រសួង ស្ថាប័ន​នូវ​មិន​ទាន់​អាច​ឆ្លើយ​តប​បាន​នៅឡើយ​នោះ​ទេ ពោល​គឺ​នៅ​ជួប​បញ្ហា​ប្រឈម​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ពេជ្រ ប៊ុ​ន​ធិ​ន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណ​។

​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី «​ការ​ពិនិត្យ​ឡើង​វិញ​លើ​ការ​បណ្តុះបណ្តាល​និង​តម្រូវការ​នៃ​ការ​កសាង​សមត្ថភាព​មន្ត្រីរាជការ​ស៊ី​វិល​« កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា​ម្សិលមិញ​នេះ​លោក ពេជ្រ ប៊ុ​ន​ធិ​ន បាន​ឲ្យ​ដឹង​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្ត​នូវ​គោលនយោបាយ ធនធានមនុស្ស​ក្នុង​រដ្ឋបាល​សាធារណៈ នៅ​ឆ្នាំ​២០១៣​និង​គោលនយោបាយ​គ្រប់គ្រង​និង​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ​២០១៤​។ តាម​រយៈ​ការ​អនុវត្ត​គោលនយោបាយ​ទាំង​២​នេះ បញ្ហា​ប្រឈម​មួយ​ចំនួន​បាន​និង​កំពុង​កើត​មាន​ឡើង​ដែល​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​រក​ដំណោះស្រាយ​សំដៅ​ពង្រឹងសមត្ថភាព​មន្ត្រីរាជការ​ស៊ី​វិល​ដើម្បី​បម្រើសេវា​សាធារណៈ​បាន​ល្អ​ប្រសើរ ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​និង​លើកកម្ពស់​ការ​ប្រកួតប្រជែង​ក្នុង​កម្រិត​តំបន់​និង​ពិភពលោក​។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «​បញ្ហា​ប្រឈម​ទាំងនោះ​មាន ៖១-)​សមត្ថភាព​ស្ថាប័ន​និង​ធនធានមនុស្ស​របស់​ក្រសួង​ស្ថាប័ន​នៅ​មិន​ទាន់​ឆ្លើយ​តប​ពេញលេញ​ទៅ​នឹង​សេចក្តី​ត្រូវការ​នៃ​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​, ២-) ការ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​មន្ត្រីរាជការ​ស៊ី​វិល​ក្នុង​ស្ថាប័នរដ្ឋ មិន​ទាន់​មាន​លក្ខណៈ​ជា​កាតព្វកិច្ច​និង​ជា​ប្រព័ន្ធ​, ៣-) ការ​សិក្សា​អំពី​តម្រូវការ​នៃ​ការ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​មន្ត្រីរាជការ​នៅ​មិន​ទាន់​មាន​លក្ខណៈ​ពេញ លេញ​និង​ទូលំទូលាយ​, ៤-) មិន​ទាន់​មាន​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រីរាជការ​ស៊ី​វិល និង​៥-) ពុំ​ទាន់​មាន​ប្រព័ន្ធ​ទិន្ន័យ​សម្រាប់​គ្រប់គ្រង​ការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រីរាជការ​ជាដើម​»​។

លោក​បាន​លើក​ឡើង​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បរិបទ និង​បញ្ហា​ប្រឈម​ខាងលើ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​នីតិកាល​ទី​៦​នៃ​រដ្ឋសភា បាន​គូសបញ្ជាក់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​និង​បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ​គឺ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលដៅ​ជា​អាទិភាព​៖១-) ការ​កែទម្រង់​និង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​ការងារ​,២-) ការ​ពង្រឹង​ភា​ប​ស្អាតស្អំ​ក្នុង​ស្ថាប័ន​សាធារណៈ​, ៣-)​ការ​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ការងារ និង​៤-) ការ​ពង្រឹង​អភិបាលកិច្ច​វិស័យ​ឯកជន​។

បើ​តាម​លោក​រដ្ឋមន្ត្រី ការ​ពង្រឹង​និង​ការ​កែ​លម្អ​ដំណើរការ​នៃ​ការ​គ្រប់គ្រង​និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​គឺជា​កិច្ចការ​គន្លឹះ និង​មាន​សារៈសំខាន់ បំផុត​ក្នុង​ការ​ប្រែក្លាយ​ធនធានមនុស្ស​នៅ​ក្នុង​វិស័យ​សាធារណៈ​ឱ្យ​កាន់តែ​មាន​សមត្ថភាព​វិជ្ជាជីវៈ​ច្បាស់លាស់​និង​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញការងារ​ដែល​នឹង​ក្លាយជា​មូលដ្ឋាន​មនុស្ស​របស់​សង្គម​កម្ពុជា​ទាំងមូល​។​លើស​ពី​នេះ​ការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រីរាជការ​គឺជា​ការ​វិនិយោគ​មួយ​ដែល​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ អភិវឌ្ឍន៍​ចំណេះដឹង​និង​ជំនាញ​របស់​មន្ត្រី​រជការ​ដោយ​ផល​ចំណេញ​មាន​លក្ខណៈ​អ​រូបិយ និង​ប្រើប្រាស់​សម្រាប់​រយៈពេល​យូរអង្វែង​។

លោក ប៉ូ​ល ពី​ឌូ រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រីរាជការ​ស៊ី​វិល​មាន​គោលបំណង​សំខាន់​ផ្តោត​លើ​ការ​លើកកម្ពស់​សមត្ថភាព​មន្ត្រីរាជការ​ស៊ី​វិល របស់​កម្ពុជា តាម​រយៈ​ការ​កសាង​ចំណេះដឹង​ជំនាញ​និង​លទ្ធភាព​បំពេញការងារ​និង​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ជា​បណ្តើរ​ៗ​នូវ​អាកប្បកិរិយា​ផ្តល់​គំនិត​និង​ឥរិយា​បទ​ក្នុង​ការ​បំពេញការងារ​របស់​មន្ត្រីរាជការ​ឱ្យ​ប្រែក្លាយ​ពី​អ្នកត្រួតត្រា​ទៅ​ជា​អ្នក​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​ជូន​ប្រជាជន ព្រមទាំង​ដើម្បី​បង្កើន​គុណភាព​ក្នុង​ពេល​បច្ចុប្បន្ន​និង​ត្រៀមខ្លួន​សម្រាប់​ប្រឈម​និង​ការងារ​នា​ពេល​អន​គាត​៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ