រាជធានីភ្នំពេញ ៖លោកព្រហ្ម ម៉ាញ បានប្រកាសជាថ្មីម្តងទៀតបើកបង្រៀនសិល្បៈចម្រៀងអាយ៉ៃ ដោយមិនគិតថ្លៃ ព្រមទាំងរ៉ាប់រងការហូបចុក និងស្នាក់នៅផងដែរ សម្រាប់សិស្សដែលមានបំណងចង់ហាត់រៀន និងមកពីបណ្តាខេត្តឆ្ងាយ ។ ការប្រកាសរបស់លោក ព្រហ្ម ម៉ាញ ពីការបើកបង្រៀនអាយ៉ៃនេះបានធ្វើឡើងក្នុងឱកាសដែលលោកសម្តែងនៅក្នុងកម្មវិធីសោភ័ណតន្ត្រីរបស់ស្ថានីយទូរទស្សន៍CTN កាលពីចុងសប្តាហ៍កន្លងទៅ ។ ដំណឹងនេះលោកធ្លាប់បានប្រកាសម្តងរួចមកហើយកាលពីពេលកន្លងទៅ ។
លោកព្រហ្ម ម៉ាញ បានឲ្យដឹងថា គោលបំណងតែមួយគត់នៅក្នុងការបើកបង្រៀនសិល្បៈអាយ៉ៃ គឺចង់អភិរក្សសិល្បៈបុរាណដ៏ចំណាស់មួយនេះមិនឲ្យបាត់បង់ គ្មានអ្នកបន្តវេន ក្នុងពេលដែលលោកមានវ័យកាន់តែចាស់ ។ សិល្បៈអាយ៉ៃនេះហាក់មិនសូវមានអ្នកចាប់អារម្មណ៍ហាត់រៀននោះឡើយ ដោយសារតែភាគច្រើនយុវវ័យងាកទៅរកសិល្បៈចម្រៀងសម័យ ដែលសិល្បៈមួយនេះហាក់មានទីផ្សារខ្ពស់ និងមានការគាំទ្រច្រើន ។
លោកព្រហ្ម ម៉ាញ ថា ដល់រដូវបុណ្យកឋិន និងបុណ្យផ្សេងទៀតចូលមកដល់ សិល្បៈអាយ៉ៃគឺពិបាកជួលណាស់ ដោយមិនមានអ្នកសម្តែងច្រើន ហើយលោកក៏មានការមមាញឹកច្រើនជាមួយនឹងការច្រៀងភ្លេងការ និងជាប់បេសកកម្មភាពនៅក្រៅប្រទេសមួយរយៈ ។
បើតាមលោកព្រហ្ម ម៉ាញ ដោយឃើញបញ្ហានេះលោកក៏សម្រេចចិត្តបើកបង្រៀនដល់ក្មេងជំនាន់ក្រោយដោយមិនឲ្យបង់ថ្លៃ ព្រមទាំងផ្តល់ជូនការស្នាក់នៅ និងហូបចុកថែមទៀតសម្រាប់សិស្សដែលមកពីឆ្ងាយ ដោយសារតែលោកទទួលបានមូលនិធិពីសប្បុរសជននានា ។ ប្រសិនបើមានអ្នកចង់ទៅរៀននោះសូមទៅតាមអាសយដ្ឋានក្នុងបុរីមួយនៅម្តុំពោធិ៍ចិនតុង ជាប់វត្តសំរោងអណ្តែត ដោយលោកនឹងធ្វើតេស្តសាកល្បងអ្នកដែលអាចមានទេពកោសល្យហាត់រៀនលើផ្នែកអាយ៉ៃនេះ ។
ការហាត់រៀននេះមិនសម្ដៅតែអ្នកមាននិស្ស័យនោះឡើយ ពោលឲ្យតែអ្នកមានទេពកោសល្យលើកំណាព្យ និងមានវោហារស័ព្ទ ចំណែកការច្រៀងតាមបែបអាយ៉ៃនោះលោកនឹងបង្ហាត់បង្រៀនបន្ថែមទៀត ។ ការហាត់រៀននេះគឺមួយសប្តាហ៍ មិនហាត់ពេញនោះឡើយ ដោយសារវាអាស្រ័យទៅលើពេលវេលាដែលលោកមាន ប៉ុន្តែលោកនឹងផ្តល់ដំណឹងជាមុនពីពេលនៃការហាត់រៀន ដោយលោកយល់ថា ទំនេរពេលណាហាត់ពេលហ្នឹង ។
ក្នុងនាមជាអ្នកប្រកបអាជីពសិល្បៈចម្រៀងអាយ៉ៃអស់ជាច្រើនឆ្នាំមកនេះ លោកព្រហ្ម ម៉ាញ បានត្រៀមផ្តល់បទពិសោធន៍លើសិល្បៈមួយនេះដល់អ្នកជំនាន់ក្រោយ ដើម្បីជាការបន្តវេន ខណៈពេលដែលលោកកំពុងព្រួយបារម្ភដោយសារវ័យរបស់លោកកាន់តែជ្រេ និងមានជំងឺប្រចាំកាយ ។ លោកបញ្ជាក់ថា«ខ្ញុំកាន់តែចាស់ បើមិនបង្រៀនខ្លាចវាបាត់បង់ទៅតាមពេលដែលយើងបាត់ទៅដែរ ដូច្នេះបើសុខភាពកាន់តែទ្រុឌទ្រោមនោះយើងកាន់តែបង្រៀង ព្រោះវាមិនមានពេលច្រើនសម្រាប់ការបង្រៀននេះឡើយ »។
ការប្រកាសពីការបង្ហាត់ប្រៀងចម្រៀងអាយ៉ៃដោយមិនយកកម្រៃពីលោកព្រហ្ម ម៉ាញ នាពេលនេះបានទទួលការសាទរយ៉ាងខ្លាំងពីមហាជន ហើយវាជាការល្អមួយសម្រាប់ ក្មេងៗជំនាន់ក្រោយសម្រាប់ការហាត់រៀនពីអ្នកជំនាញដ៏ល្អ និងល្បីល្បាញតែមួយគត់នៅក្នុងប្រទេសសម្រាប់សិល្បៈបុរាណមួយនេះ ។
អាយ៉ៃជាឈ្មោះសិល្បៈប្រជាប្រិយខ្មែរមួយបែប ដែលតាមឯកសារខ្លះបង្ហាញថា គឺជាការហៅតាមឈ្មោះអ្នកច្រៀងចម្រៀងនេះ ឈ្មោះតាយ៉ៃ ដែលមានស្រុកកំណើតនៅភូមិឈើនាង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង កើតនៅឆ្នាំ១៨៧៨ ។ តាយ៉ៃស្លាប់នៅឆ្នាំ១៩៥៨ ។ គាត់មាន វោហារស័ព្ទពូកែណាស់ ហើយតាំងពីពេលនោះមក គេក៏លែងហៅគាត់ថាតាយ៉ៃៗ និង ប្តូរមកហៅថាទៅមើលអាយ៉ៃៗច្រៀង តាមចាស់ហៅវិញ ។
សិល្បៈអាយ៉ៃ ចែកចេញជាពីរប្រភេទ គឺមានអាយ៉ៃឆ្លើយឆ្លង និងអាយ៉ៃរឿង ។ តែក្នុងការច្រៀងអាយ៉ៃឆ្លើយឆ្លងនេះ ជួនកាលគេមានច្រៀងជាពីរគូ ឬបីគូដែរ ។ ពីសម័យដើមចម្រៀងអាយ៉ៃមិនត្រូវបានគេយកមកច្រៀងក្នុងពិធីកាត់សក់ ហែកូនកំលោះនៃមង្គលការរបស់ខ្មែរទេ ប៉ុន្តែឥឡូវមានការកែប្រែខ្លះ ដោយមានបទមួយចំនួនត្រូវបានគេយកមកច្រៀងដូចជាបទបំពេ ជាដើម ។
ឧបករណ៍សម្រាប់ប្រគំសិល្បៈអាយ៉ៃជំនាន់នោះ ចាស់ៗបាន យកឧបករណ៍តន្ត្រីប្រភេទមហោរី ដូចជាចាប៉ីដងវែងមួយ ប៉ីអមួយ ខ្លុយមួយ ស្គរដៃមួយ និងក្រាប់មួយគូ ប៉ុន្តែរហូតមកដល់ក្នុងអំឡុងទសវត្សរ៍៥០ និង៦០ ជំនាន់លោកតាសង្ហាផន និងតាម៉ុក ឧបករណ៍តន្ត្រីនៃសិល្បៈអាយ៉ៃនេះ ត្រូវបានគេយកប្រភេទឧបករណ៍ប្រពៃណីមកប្រគំជំនួសវិញ ដូចជា ទ្រអ៊ូ ទ្រសោ ឃឹមតូច តាខេ ខ្លុយ ស្គរដៃ និង ឆឹងមួយគូ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ