ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋម បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកានេះថា មុនពេលកើតហេតុមានក្រុមបងធំ២ក្រុមឈ្លោះគ្នាកើតជាគំនុំរហូតឈានដល់ដេញកាប់ចាក់គ្នាដូចរឿងហុងកុងផ្អើលពេញក្រុងទេសចរណ៍សៀមរាប បណ្តាលឲ្យជនរងគ្រោះម្នាក់បានស្លាប់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង០០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ចំណុចមុខវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង-សៀមរាប ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងទៀតថា ករណីហិង្សាមានស្ថានទម្ងន់ទោសនេះបង្កឡើងដោយជនម្ខាងទៀតមានគ្នាជាច្រើននាក់ បាននាំគ្នាជិះម៉ូតូដេញមកកាប់ជនរងគ្រោះឈ្មោះ ពៅ វណ្តេត ភេទប្រុស អាយុ២៥ឆ្នាំ បុគ្គលិកក្លឹបស្នុកឃ័រផាត់អាន ខណៈកំពុងជិះម៉ូតូចេញពីធ្វើការ បណ្តាលឲ្យរបួសធ្ងន់ជាច្រើនកន្លែង ហើយត្រូវបានមិត្តភក្តិបញ្ជូនទៅមន្ទីរពេទ្យឯកជនសឹងរិទ្ធីរ៉េត ដោយគ្មានលទ្ធភាពសង្គ្រោះខាងមន្ទីរពេទ្យក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែជនរងគ្រោះបានស្លាប់តាមផ្លូវបាត់ទៅហើយ ដោយកន្លែងកាប់ត្រូវច្រើនកន្លែង និងមានដាច់ម្រាមដៃផងដែរ ឡើងឈាមស្រោចពេញខ្លួន ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីនេះអាចកើតឡើងដោយសារគំនុំរវាងបងតូចបងធំ ទើបអាចឈានដល់ដេញកាប់គ្នាដូចរឿងហុងកុងបែបនេះ ។ សមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាស្វែងរកចាប់ខ្លួនបេក្ខពួកជនបងធំដែលដៃដល់កាប់មកលើជនរងគ្រោះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ