រាជធានីភ្នំពេញ ៖ កូនប្រសាស្រីវ័យក្មេងទើបរៀបការថ្មីថ្មោង ដែលបានបាត់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ ហើយក្រុមគ្រួសារ ជាពិសេសឪពុកក្មេកមានការព្រួយបារម្ភនិងកាន់រូបថតតាមរកគ្រប់ច្រកល្ហកនោះ ពេលនេះបានទទួលដំណឹងហើយ គឺនាងបានវេចបង្វេចទៅតាមប្រុសថ្មី ដោយមិនមានការអាឡោះអាល័យឡើយ ។ នេះបើតាមការឱ្យដឹងពីឪពុកក្មេក និងបុរសអភ័ព្វស្នេហ៍ដែលជាប្តីរបស់នាង ។ ទន្ទឹមនោះ បុរសជាប្តីស្ទើរកកឈាម បន្ទាប់ពីទទួលបានដំណឹងដ៏សែនឈឺចាប់នេះ ។ គួររំលឹកថា៖ ខណៈរកនាងមិនទាន់ឃើញ ប្តីអះអាងថាសង្ស័យប្រពន្ធរត់តាមប្រុសថ្មីបាត់
បុរសរូបនេះ បានពោលពាក្យយ៉ាងកម្សត់ថា តើបងខុសអីបានជាអូនរត់ចោលបងបែបនេះ ? កូនប្រសាស្រីដែលរត់ចោលប្តីនេះឈ្មោះ ថន ដាវី អាយុ២០ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរស្នាក់នៅបន្ទប់ជួលក្នុងភូមិទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកប្តីឈ្មោះ ឈាត ឆើត អាយុ២០ឆ្នាំ ជាជាងអគ្គិសនី បម្រើការនៅខេត្តព្រះសីហនុ ។ អ្នកទាំងពីរនាក់ត្រូវជាបងប្អូនជីទួតមួយនឹងគ្នា មានស្រុកកំណើរនៅភូមិធ្លក ឃុំស្ពឺ ស្រុកបាភ្នំ ខេត្តព្រៃវែង។
តាមឪពុកក្មេកឈ្មោះ ឈួន ឈាត អាយុ៤០ឆ្នាំ ជាកសិករ បានឲ្យដឹងតាមទូរស័ព្ទថា កូនប្រសាស្រីដែលបាត់ខ្លួននេះបានទទួលដំណឹងហើយ ដោយកូនស្រីនោះបានទូរស័ព្ទមកប្រាប់ម្តាយបង្កើតរបស់ខ្លួនកាលពីល្ងាចថ្ងៃទី៤ ខែវិច្ឆិកា កុំឱ្យបារម្ភ ហើយម្តាយក៏បានមកប្រាប់គាត់ជាដន្លងនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ។
ឪពុកក្មេករូបនោះក៏បានឱ្យដឹងថា កូនប្រសាស្រីដែលបានបាត់ខ្លួននេះ គឺបានវេចបង្វេចចុះចោលផ្ទះទៅតាមប្រុសស្នេហ៍ ។ មុនបាត់ខ្លួន ដោយបាត់បង្វេចខោអាវគាត់មានការសង្ស័យដែរតែមិនហ៊ាននិយាយ ។ គាត់នឹងទាមទារប្រាក់បណ្ណាការចំនួន១.៦០០ដុល្លារមកវិញ ព្រោះទើបតែរៀបការរួចថ្មីៗ ស្រាប់តរត់ចោលប្តី ។
បុរសជាឪពុកក្មេកបានឲ្យដឹងទៀតថា ក្រុមគ្រួសារខាងស្រីជាបងប្អូនដីដូនមួយនឹងគ្នា មិនទាន់ដឹងថាគិតយ៉ាងណានោះទេ ។ ជួបជាមួយបុរសអភ័ព្វស្នេហ៍ដែលប្រពន្ធរត់ចោលបានឲ្យដឹងតាមទូរស័ព្ទថា ខ្លួនមានការសង្ស័យថាប្រពន្ធរបស់ខ្លួនបានស្រឡាញ់គ្នាជាមួយបុរសនោះ តាំងពីមុនពេលរៀបការម្ល៉េះ បានជានៅសុខៗ វេចបង្វេចចុះចោលផ្ទះបែបនេះ ។ បើស្រឡាញ់គេហើយ ហេតុអីក៏មករៀបការជាមួយបងធ្វើអ្វី ? ការបាន៤ខែ ហេតុអី្វអូនប្រាប់ម៉ែថារត់តាមប្រុសទៅវិញ ? តើបងខុសអីបានជាអូនរត់ចោលបងបែបនេះ ឬមួយបងក្រ ឯគេមានលុយ ? មួយរយៈពេលដែលយើងរស់នៅជាមួយគ្នា ល្អូកល្អឺនណាស់ ហេតុអ្វីក៏អូនទៅដោយមិនអាឡោះអាល័យ…និងមិនអស់ចិត្តសោះ ?
គួរបញ្ជាក់ថា កម្មការិនីរូបនេះបានបាត់ខ្លួនកាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ មិនឃើញទៅធ្វើការឡើយ ។ បន្ទាប់ពីបាត់ខ្លួន បុរសជាឪពុកក្មេកបានកាន់រូបថតតាមរកគ្រប់ច្រកល្ហកព្រមទៅប្តឹងនគរបាលប៉ុស្តិ៍ទួលសង្កែទី១ កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ដើម្បីឱ្យជួយតាមរក បន្ទាប់ពីគាត់បានរកគ្រូទាយថា កូនស្រីនៅម្តុំខាងជើង រង្វង់មូលកួចកាណុង ។
ចំណែកជាប្តីរបស់នាងធ្វើការនៅឯខេត្តព្រះសីហនុ ក៏បានធ្វើដំណើរមកទាំងអន្ទះសាដែរ ដើម្បីតាមរកប្រពន្ធជាទីស្រឡាញ់ រួមជាមួយនឹងក្តីបារម្ភពីឪពុកម្តាយបង្កើត ដែលយំសោករាល់ថ្ងៃព្រោះតែបាត់កូនស្រីសំណព្វចិត្ត ។ ប៉ុន្តែទីបំផុត កូនស្រីរូបនេះ បានផ្តល់ដំណឹងដ៏សែនឈឺចាប់និងអាម៉ាស់ដោយប្រាប់ថា នាងរត់តាមប្រុសទៅវិញ ។ បើនាងមានសង្សារហើយ មករៀបការធ្វើអ្វី ?
ចែករំលែកព័តមាននេះ