ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដង្ហែអង្គកឋិនទានមួយ…បង្កការភ្ញាក់ផ្អើលលើបណ្តាញសង្គមខ្លាំង​

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏​ដូច​ជា​ពលរដ្ឋ​ទូទៅ បាន​ភ្ញាក់ផ្អើល និង​មានការ​ចាប់ អារម្មណ៍​​ជា​ខ្លាំង បន្ទាប់​ពី​បានឃើញ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បង្ហោះ​ពី​ពិធី​ហែ​អង្គ​កឋិនទាន ចូល​វត្ត​មេសរ​ប្រ​ចាន់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​មេសរ​ប្រ​ចាន់ ឃុំ​មេសរ​ប្រ​ចាន់…

ខេត្តព្រៃវែង ៖ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏​ដូច​ជា​ពលរដ្ឋ​ទូទៅ បាន​ភ្ញាក់ផ្អើល និង​មានការ​ចាប់ អារម្មណ៍​​ជា​ខ្លាំង បន្ទាប់​ពី​បានឃើញ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បង្ហោះ​ពី​ពិធី​ហែ​អង្គ​កឋិនទាន ចូល​វត្ត​មេសរ​
ប្រ​ចាន់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​មេសរ​ប្រ​ចាន់ ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង កាលពី​ថ្ងៃ​ទី​២ វិច្ឆិកា​កន្លង​ទៅ ។

ក្នុង​ពិធី​ហែ​អង្គ​កឋិន​នោះ គេ​ឃើញ​មាន​ពុទ្ធបរិស័ទ​ជា​ច្រើន​រយ​នាក់​បាន​ស្លៀកពាក់​ជា​សម្លៀក​បំពាក់​បុរាណសម័យ​អង្គរ មាន​សំពត់​ចងក្បិន​អាវប៉ាក់ ហូល​ផាមួង ដែល​ជា​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ និង​មាន​អ្នក​ស្លៀកពាក់​សម្ដែង​ជា​តួ​អប្សរា​តួអង្គ​នៅ​ក្នុង​សាច់​រឿង​«​ទុំ​ទាវ​» និង​មាន​ទាំង​ក្រុម​ឆៃយ៉ាំ រាំ​ដង្ហែ​យ៉ាង​គគ្រឹកគគ្រេង​ផង​ដែរ ដែល​អាច​ចាត់​ទុក​ថា​ មិន​ធ្លាប់​មាន​កន្លង​មក​នោះ​ទេ ហើយ​ក៏​ប្រហែល​មាន​តែ​អង្គ​កឋិន​មួយ​នេះ​គត់​ដែល​បាន​រៀបចំ​ឡើង​បែប​នេះ ។

ពិធី​ហែ​អង្គ​កឋិនទាន​ចូល​ទៅ​កាន់​វត្ត​មេសរ​ប្រ​ចាន់​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា ដែល​ជា​បុណ្យ​កឋិនទាន​សាមគ្គី​ធ្វើ​ឡើង ដោយ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​រាប់រយ​នាក់​រួម​គ្នា​ដង្ហែ​អង្គ​កឋិនទាន ចូល​មក​កាន់​ក្នុង​វត្ត​មេសរ​ប្រ​ចាន់ ហើយ​បើ​តាម​ការ​បញ្ជាក់​ពី​គណៈកម្មការ​វត្ត​បានឱ្យ​ដឹង​ថា បច្ច័យ​បាន​ពី​អង្គ​កឋិន​ឆ្នាំ​នេះ គឺ​ប្រមូលប្រាក់​បាន​ប្រមាណ​២​ម៉ឺន​៧​ពាន់​ដុល្លារ​អា​មេ​រិ​ក ។

លោកតា​គណៈកម្មការ​អាចារ្យវត្ត​មេសរ​ប្រ​ចាន់​នេះ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា ពិធី​ដង្ហែ​អង្គ​កឋិនទាន​ចូល​វត្ត​មេសរ​ប្រ​ចាន់​នេះ គឺ​ប្រព្រឹត្ត​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់ ដូច​ពិធីបុណ្យ​កឋិន ដែល​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​វត្ត​ផ្សេង​ៗ​ដែរ ខុស​ប្លែក​ត្រង់​វត្ត​មេសរ​ប្រ​ចាន់​ឆ្នាំ​នេះ ព្រះ​តេជគុណ​ព្រះ​គ្រូ​ចៅអធិការ​វត្ត បាន​រៀបចំ​ឲ្យ​មាន​ជា​កម្មវិធី​ស្លៀកពាក់​សម្លៀក​បំពាក់​បុរាណ បែប​ប្រពៃណី​ខ្មែរ នឹង​មាន​ជា​ក្រុម​សម្តែង​សិល្បៈ ដូច​ជា​ក្រុម​ឆៃយ៉ាំ ក្រុម​របាំ​បូរាណ​និង​ក្រុម​សម្ដែង​រឿង​ផង​ដែរ​ហើយ​ជាមួយ​នេះ​ក៏​មានការ​រៀបចំ​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន​ទៀត ដែល​កម្មវិធី​ទាំង​អស់នេះ​ផ្ដួចផ្ដើម​គំនិត​ធ្វើ​ឡើង​ដោយ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​មេសរ​ប្រ​ចាន់​ផ្ទាល់​តែ​ម្ដង ។

ព្រះ​តេជគុណ ស៊ុន ច័ន្ទ​សុធា ព្រះ​គ្រូ​ចៅអធិការ​វត្ត​មេសរ​ប្រ​ចាន់​នេះ​បានឱ្យ​កោះសន្តិភាព​ដឹង​ថា មូលហេតុ​ដែល​ព្រះ​តេជគុណ​រៀបចំ​ឱ្យ​មានកម្ម​វិធី​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ដើម្បី​បំផុសគំនិត​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ឱ្យ​ស្គាល់​និង​ស្រឡាញ់​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ជា​ពិសេស គឺ​សម្លៀក​បំពាក់​ខ្មែរ​តាំងពី​សម័យ​បុរាណ ពិសេស​សម័យ​អង្គរ​ដ៏​ថ្កុំថ្កើង​របស់​ខ្មែរ ។

ជា​លទ្ធផល​ឃើញ​ថា នៅ​ថ្ងៃ​បុណ្យ​កឋិនទាន​វត្ត​មេសរ​ប្រ​ចាន់​នេះ មាន​ពុទ្ធបរិស័ទ និង​ក្រុម​យុវជន​រាប់រយ​នាក់ បាន​ចូលរួម​ស្លៀកពាក់​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ មក​ចូលរួម​នៅ​ក្នុង​ពិធី​ហែ​អង្គ​កឋិនទាន​នេះ​យ៉ាង​គ្រឹ​ក​គ្រេង ។ ព្រះ​តេជគុណ​ចៅអធិការ​បាន​បញ្ជាក់​ផង​ដែរ​ថា ព្រះ​តេជគុណ​គ្រាន់តែ​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​បង្កើត​ឲ្យ​មានកម្ម​វិធី​នេះ​ប៉ុណ្ណោះ ដោយឡែក​ក្រុម​សិល្បៈ​ឆៃយ៉ាំ ក្រុម​របាំ​បុរាណ ក្រុម​សម្តែង​រឿង ក៏​ដូច​ជា​សម្លៀក​បំពាក់​ប្រពៃណី​ទាំងអស់ គឺ​ពុទ្ធបរិស័ទ​ជា​អ្នក​រៀបចំ និង​យក​មក​ដោយ​ខ្លួនឯង ខាង​វត្តមាន​តែ​ក្បិន​ចំនួន​១០៨​ក្បិន​ប៉ុណ្ណោះ​សម្រាប់​ឲ្យ​ពុទ្ធបរិស័ទ​ស្លៀក ។

ព្រះ​តេជគុណ​បាន​បន្ត​ទៀត​ថា ព្រះ​តេជគុណ​បាន​ធ្វើ​ជា​ចៅអធិការ​វត្ត​មេសរ​ប្រ​ចាន់​នេះ​រយៈពេល​២០​ឆ្នាំ​មក​ហើយ រាល់​ឆ្នាំ​ព្រះ​តេជគុណ​តែងតែ​រៀបចំ​ជា​កម្មវិធី​ថែរក្សា និង​លើកតម្កើង​ប្រពៃណី​វប្បធម៌ ទំនៀម​ទម្លាប់​​ខ្មែរ​បែប​នេះ​រាល់​ៗ​ឆ្នាំ ប៉ុន្តែ​លក្ខណៈ​ទ្រង់ទ្រាយ​តូច ទើបតែ​ឆ្នាំ​នេះ​ដែល​បាន​រៀបចំ​ជា​ទ្រង់ទ្រាយ​ធំ​ហើយ ជា​លទ្ធផល​ឃើញ​ថា​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ជា​ពិសេស​ក្រុម​យុវជន​ដូច្នេះ ព្រះ​តេជគុណ​បាន​សម្រេចចិត្ត​ថា នៅ​ក្នុង​ថ្ងៃ​ទី​២ នៃ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ ដែល​នឹង​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​វត្ត​មេសរ​ប្រ​ចាន់ នឹង​រៀបចំ​កម្មវិធី​ធំ​មួយទៀត ដោយ​បែក​ចែក​ជា​កម្មវិធី​តូច​ៗ​ចំនួន​បួន

ទី​១-​គឺ​បង្កើត​ឲ្យ​មាន​ក្រុម​កសិករ​ចំនួន​៤​ក្រុម ដែល​ក្នុង​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជា​១០០​នាក់ ប្រដាប់​ទៅ​ដោយ​ឧបករណ៍​នេសាទ ឧបករណ៍​ធ្វើ​កសិកម្ម​និង​ស្រែ​ចម្ការ ហើយ​នាំ​គ្នា​ដង្ហែ​ជា​ក្បួន ចាប់ពី​ចុង​ភូមិ​រហូត​ដល់​ដើមភូមិ រួច​ទើប​វិល​ចូល​មក​ក្នុង​វត្ត​វិញ ។ ទី​២ គឺ​បង្កើត​កម្មវិធី​ប្រឡងប្រណាំង​ដាល់អំបុក​ដណ្ដើម​យក​រង្វាន់ ទី​៣ និង​ទី​៤ ធ្វើ​ឡើង​នៅ​ពេល​យប់ គឺ​កម្មវិធី​បង្ហោះគោម និង​បណ្ដែតប្រទីប ហើយ​នៅ​ពេល​នេះ ក្រុម​យុវជន​ស្ម័គ្រចិត្ត បាន​កាត់​និង​កែ​ច្នៃ​ធ្វើ​ជា​ប្រទីប​បាន​ជាង​១​ពាន់​ប្រទីប​ហើយ ទុក​សម្រាប់​ចែក​ជូន​ពុទ្ធបរិស័ទ ដែល​មក​ចូលរួម​នៅ​ក្នុង​ពិធី​បណ្ដែតប្រទីប​នៅ​វត្ត​មេសរ​ប្រ​ចាន់​នេះ ៕

អត្ថបទសរសេរ ដោយ