ដំបូងកងកំលាំងរបស់ជៀងកៃចៀកដណ្តើមបានជ័យជំនះជាបន្តបន្ទាប់ដោយសារតែជៀងមានចំនួនទ័ពច្រើនជាងម៉ៅដល់ទៅបួនដង ។ តែម៉ៅបានស្ថាបនាទំនុកចិត្តក្នុងចំណោមប្រជាជនចិនបានយ៉ាងរឹងមាំ ។ ពួកកសិករនៅខេត្តយេណានល្បីថា លោកបានបែងចែកដីធ្លីរបស់នាយទុនម្ចាស់ដីអោយដល់កសិករក្រីក្រ ម្ល៉ោះហើយទីណាដែលកងទ័ពទៅដល់ពួកគេបានបង្ហាញចរិតសុភាពរាបសាចំពោះប្រជាជននិងព្យាយាមជួយការពារពួកគេជានិច្ច ។ កងកំលាំងរបស់ម៉ៅដណ្តើមបា នសមានចិត្តគាំទ្រពីប្រជាជនទាំងស្រុង ហើយរហូតដល់ឆ្នាំ១៩៤៩ ទាហានសេសសល់ដែលធ្លាប់តែមានកំលាំងខ្លាំងក្លារបស់ជៀងកៃចៀកបានភៀសខ្លួនចេញពីចិនដីគោកទៅស្នាក់អាស្រ័យនៅកោះតៃវ៉ាន់រហូតដល់សព្វថ្ងៃ ។
ការកកើត សាធារណរដ្ឋប្រជាមានិតចិន
គឺនៅថ្ងៃ១ តុលា ឆ្នាំ១៩៤៩ នៅពេលឈរនៅមាត់ទ្វាររបងក្រុងប៉េកាំងម៉ៅ សេទុងបានប្រកាស បង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ ទីបំផុតសង្គ្រាមស៊ីវិល បានបញ្ចប់ចិនបានឯកភាព ។ មិនបង្អែបង្អង់ ម៉ៅបានចាប់ផ្តើមធ្វើការកែទំរង់ប្រទេសជាតិភ្លាមដោយប្រែក្លាយចិនទៅជារដ្ឋកុម្មុយនិស្តមួយតាមគំរូសាធារណសង្គមនិយមសូវៀត ។ ម៉ៅបានរឹបអូសដីកសិកម្មទាំងអស់មកដាក់ជាទ្រព្យសម្បត្តិរដ្ឋគឺទ្រព្យសម្បត្តិរបស់ប្រជាជនទាំងអស់ ។ ពួកគហបតីជាច្រើនត្រូវទៅកាត់នៅមុខតុលាការប្រជាជន ។ ម្ចាស់ដីប្រហែលមួយលាននាក់បានត្រូវគេកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋប្រឆាំងនឹងប្រជាជន ។ មនុស្សរាប់លាននាក់ទៀតដូចជាសាស្ត្រាចារ្យមហាវិទ្យាល័យម្ចាស់រោងចក្រ និងពាណិជ្ជករមានទ្រព្យធន ត្រូវបង្ខំអោយទទួលយកដំណាក់កាល “អប់រំកែប្រែខ្លួន
ជាថ្មី” ។ ទាល់តែពួកគេអាចបង្ហាញអោយឃើញភក្តីភាពចំពោះសមូហភាពជំនួសអោយគំនិតបុគ្គលនិយមចាស់របស់ខ្លួន ទើបត្រូវគេដោះលែងអោយមានសេរីភាព ។
នៅឆ្នាំ១៩៥០ទំនាក់ទំនងចិនជាមួយសហរដ្ឋអាមេរិកត្រូវធ្លាក់ក្នុងសភាពធ្ងន់ធ្ងរយ៉ាងខ្លាំង ។ កងទ័ពសហប្រជាជាតិភាគច្រើនជាទ័ពអាមេរិកក្រោមបញ្ជារបស់ឧត្តមសេនីយ៍ ដូក្លាស ម៉ាក់អាធ័រ បានវាយរុញច្រានកងទ័ពកូរ៉េខាងជើងដែលកំពុងរុលចូលមកកូរ៉េខាងត្បូង ។ នៅពេលទាហានអាធ័របុកឆ្ពោះទៅព្រំដែនត្រង់ទន្លេយ៉ាលូម៉ៅបានបញ្ចូនទ័ពរបស់គាត់ចូលទៅកូរ៉េដើម្បីទប់ស្កាត់ភ្លាម ។ មុនពេលសង្គ្រាមកូរ៉េបានបញ្ចប់ទាហានចិនប្រហែល៩សែននាក់បានបាត់បង់ជីវិត ឯសេដ្ឋកិច្ចចិនបានទទួលរងគ្រោះយ៉ាងដំណំ ។ ក្នុងពេលជាមួយគ្នាប្រធានាធិបតីហារីទ្រូមែនបានសន្យាថាសហរដ្ឋអាមេរិកនឹងការពារមូលដ្ឋានកោះតៃវ៉ាន់របស់ជៀង កៃជៀង ទល់នឹងការឈ្លានពានណាមួយរបស់ចិន ។ នៅពេលសង្គ្រាមកូរ៉េបញ្ចប់ម៉ៅបានបង្កើតយុទ្ធនាការរបស់គាត់ក្នងការប្រមូលដីធ្លីឯកជនយកមកធ្វើជាកម្មសិទ្ធសមូហភាពទាំងអស់ ។
គ្រានោះលោកពុំចង់ក្លាយខ្លួនជាមេដឹកនាំផ្តាច់ការជាមួយប្រជាជនឯងដូច ហ្សូសេហ្វស្តាលីននៅរុស្សីទេ ផ្ទុយទៅវិញលោកបានប្រកាសគោលនយោបាយបញ្ចេញមតិសេរីថ្មីមួយ ដែលអនុញ្ញាតអោយមានការរិះគន់រដ្ឋាភិបាលបាន ។ យ៉ាងនេះហើយបានជាម៉ៅបានបង្កើតពាក្យស្លោកមួយថា “ទុកអោយផ្កាមួយរយទងរីក ទុកអោយថ្នាលគំនិតមួយរយដុះដាលប្រជែងគ្នា” នោះ ។ លោកបាននិយាយថា “គួរមានតុល្យភាពប្រសើរឡើងរវាងបទវិន័យ និងសេរីភាព ហើយបច្ចុប្បន្នយើងត្រូវការសេរីភាពច្រើនថែមទៀត” ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់
បញ្ជាក់ ៖ នេះវគ្គទី១ មេដឹកនាំចិនដែលផុសចេញពីគ្រួសារកសិករ
វគ្គទី២ ស្នេហាដំបូងរបស់ម៉ៅ សេទុង
វគ្គទី៣ ម៉ៅ សេទុង និងការប្រកាសកាត់សក់កំប៉ោយចេញ
វគ្គទី៤ សម្រាប់ម៉ៅ សេទុង ការដណ្តើមបេះដូងកសិករ គឺជាផ្លូវឆ្ពោះទៅការគ្រប់គ្រងអំណាច
វគ្គទី៥ មហាដំណើរថ្មើជើងដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រចិន
វគ្គទី៦ ស្នេហារបស់ម៉ៅ និងឥទ្ឋិពលលើនយោបាយ
ចែករំលែកព័តមាននេះ