ហាម​លក់​សម្លៀក​បំពាក់​ឬ​ស្លៀកពាក់​ស្រ​ដៀង​ឯកសណ្ឋាន​កងកម្លាំងប្រដាប់អាវុធ


រាជធានីភ្នំពេញ ៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ប្រកាសឱ្យសាធារណជន និង​បងប្អូន​អាជីវករ​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ហាម​លក់ដូរ​និង​ស្លៀកពាក់​សំលៀក​បំពាក់​ស្រដៀង​ឯកសណ្ឋាន​កងកម្លាំងប្រដាប់អាវុធ ក្នុងអំឡុងពេល​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​សង្គម​ឱ្យ​បាន​ល្អ​ប្រសើរ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​០៥ ​វិច្ឆិកា បាន​ប្រកាស មិន​អនុ​ញ្ញាត​ឱ្យ​បងប្អូន​ធ្វើការ​លក់ដូរ ការ​ទិញ និង​ប្រើប្រាស់​នូវ​សំលៀក​បំពាក់​មាន​លក្ខណៈ​ប្រហាក់ប្រហែល នឹង​ឯកសណ្ឋាន​កងកម្លាំងប្រដាប់អាវុធ ដែល​មាន​អក្សរ​POLICE PM ARMY ជាដើម និង​វិទ្យុទាក់ទង ឬ​ឧបករណ៍​ផ្សេង​ៗ ដោយ​គ្មាន​ការ​អនុញ្ញាត ធ្វើ​ឱ្យ​មហាជន​មានការ​ភ័ន្ត​ច្រឡំ​ថា ជា​កម្លាំង​សមត្ថកិច្ច ហើយ​អាច​បន្លំ​ខ្លួន​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ​បង្កចលាចល​ក្នុង​សង្គម នៅ​ក្នុងអំឡុងពេល​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៩ នេះ​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​ពិនិត្យ​តាមដាន​ការ​លក់ដូរ ការ​ប្រើប្រាស់​សំលៀក​បំពាក់​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ឯកសណ្ឋាន​កងកម្លាំងប្រដាប់អាវុធ និង​ការ​ប្រើប្រាស់​វិទ្យុទាក់ទង​ដែល​មិន​ប្រក្រតី​។

ប្រភព​ដដែល បញ្ជាក់​ថា ប្រសិនបើ​ពិនិត្យ​ឃើញ​ថា​មាន​សកម្មភាព​នេះ​កើតឡើង ត្រូវ​ចាត់វិធានការ​អប់រំ​ណែនាំ​ឱ្យ​បញ្ឈប់​ការ​លក់ដូរ ការ​ទិញ និង​ការ​ប្រើប្រាស់​ជា​បន្ទាន់​។ ក្នុង​ករណី​ទ​ង្វើ​នេះ​បង្ក​ជា​បទល្មើស​ជាក់ស្តែង ត្រូវ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹមថា សាធារណជន និង​បងប្អូន​អាជីវករ​ទាំងអស់ ចូលរួម​អនុវត្ត​សេចក្តី​ប្រកាស​នេះ​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ