ក្រុម​ជម្រើសជាតិ​កម្ពុជា​យកឈ្នះ​ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង ​9-0


រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ បាន​ប្រកួត​ឈ្នះ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កោះ​ម៉ា​រី​ណា​ខាងជើង ក្នុង​លទ្ធផល​៩-០ នៅ​ក្នុង​ជំនួប​វគ្គ​ជម្រុះ​ពូ​ល​G​នៃ​ពានរង្វាន់ AFC U-19 Championship 2019 ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក កាលពី​ល្ងាច ថ្ងៃ​ទី​៤​ខែវិច្ឆិកា ។ ចំណែក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នា​ប្រទេស​ថៃ យកឈ្នះ​លើ​ក្រុម​ប្រទេស​ប៊ុ​យ​ណេ ៩-០ ដូច​គ្នា​។

គួរ​រំឭក​ថា សម្រាប់​ការ​ប្រកួត​ថ្ងៃ​បើក​ឆាក​ដំបូង ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​ចាញ់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​ម៉ា​ឡេ​ស៊ី ក្នុង​លទ្ធផល​៥-៤ ។ ដូច្នេះ ជាមួយនឹង​ការ​យក​ឈ្នះ​​ក្រុម​ប្រទេស​ម៉ា​រី​ណា​ខាងជើង​៩-០​ធ្វើ​ឱ្យ​ក្រុម​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល​ជា​បណ្ដោះអាសន្ន ដោយ​ទទួល​បាន​៣​ពិន្ទុ ។

ការ​ប្រកួត​លើក​នេះ គ្រាន់តែ​កីឡាករ សៀង ច​ន្ធា ម្នាក់ឯង​មានឱកាស​ទាត់​បាល់​បញ្ចូល​ទី​បាន​សម្រេច​រហូត​ដល់​៣​គ្រាប់​នៅ​ក្នុង​តង់​ទី​២ ខណៈ​ដែល​រូបគេ​បាន​ប្ដូរ​ចូល​ជំនួស​មិត្ត​រួម​ក្រុម វុ​ធ តុលា​។

គ្រាប់​បាល់​ទី​១ រកបាន​នៅ​នាទី​ទី​៨៣ បន្ទាប់​ពី​អូស​ដាច់​ខ្សែការពារ​កោះ​ម៉ា​រី​ណា​ខាងជើង ហើយ​ស៊ុត​បញ្ចូល​ទី​បាន​យ៉ាង​ល្អ ។ ចំណែក​គ្រាប់​បាល់​ទី​២ រកបាន​នៅ​នាទី​ទី​៨៨ និង​គ្រាប់​បាល់​ទី​៣​សម្រេច​បាន​នៅ​ចុង​ម៉ោង​បញ្ចប់​ការ​ប្រកួត​ក្នុង​តង់​ទី​២ ។

រីឯ​គ្រាប់​បាល់​៦​គ្រាប់​ទៀត ជា​ចំណែក​របស់​មិត្ត​រួម​ក្រុម ដោយ​កីឡាករ ធី លាង និង​កីឡាករ លឹ​ម ពិសុទ្ធ រកបាន​២​គ្រាប់​ម្នាក់ ក្រោយ​ពេល​កីឡាករ លី ម៉ា​អែ​ល និង វុ​ធ តុលា រកបាន​ម្នាក់​១​គ្រាប់​កាលពី​តង់​ទី​១ ។

ទោះជា​យ៉ាងណា គ្រូ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Koji Gyotoku ប្រាប់​ថា កុំអាល​អរ ព្រោះ​ថា​សម្រាប់​ការ​ប្រកួត​បន្ទាប់​នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា​ខាង​មុខ នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ប្រទេស​ថៃ​ដែល​ជា​ក្រុម​ខ្លាំង​មួយ ។ លោកគ្រូ​ជនជាតិ​ជប៉ុន​ម្នាក់​នេះ​ប្រាប់​ថា បច្ចេកទេស​លេង​របស់​កូនក្រុម​លោក​ធ្វើ​មិនសូវ​បាន​ល្អ​ទាល់តែ​សោះ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ថ្វី​ដ្បិត​ការ​ប្រកួត​ពាន​AFF​កាលពី​នៅ​ប្រទេស​វៀតណាម​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ថៃ​មែន តែ​សម្រាប់​ការ​ប្រកួត​លើក​នេះ ថៃ​មាន​ទម្រង់​លេង​ល្អ​ជាង​មុន​ឆ្ងាយ​ណាស់៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ