រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសធ្វើការបិទផ្លូវនាវាចររយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៨ រហូតដល់១២ ខែវិច្ឆិកា ដើម្បីរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់១២ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការបិទផ្លូវទឹកមួយរយៈចាប់ពីថ្ងៃទី៨ ដល់១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីរក្សាការពារនូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយជូនប្រជាពលរដ្ឋទាំងភ្ញៀវជាតិ-អន្តរជាតិ ព្រមទាំងក្រុមកីឡាករ កីឡាការិនីដែល អញ្ជើញមកពីបណ្តាខេត្តនានា ដែលមកចូលរួមប្រណាំងទូកក្នុងព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ។
សេចក្ដីជូនដំណឹងបានអោយដឹងទៀតថា នៅតាមដងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ គឺជាទីកន្លែងប្រារព្ធពិធីដូច្នេះមិនអនុញ្ញាតអោយនាវាចរឆ្លងកាត់ឡើយ ហើយនឹងដាក់អោយដំណើរការឡើងវិញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោយពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប សំពះព្រះខែ និងអកអំបុកត្រូវបានបញ្ចប់។
រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់តាមផ្លូវទឹកទាំងអស់មេត្តាយោគយល់និងអធ្យាស្រ័យ ហើយនាំគ្នាចូលរួមកម្សាន្តសប្បាយអោយកាន់ច្រើនកុះករ និងគ្រប់ៗគ្នា៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ