បរទេស ៖ លោកមហាសេដ្ឋី វ៉ារេន បាហ្វេ (Warren Buffett) មិនត្រឹមតែជាបុគ្គលដ៏ជោគជ័យក្នុងរឿងលុយនិងការវិនិយោគទេ លោកថែមជាបុគ្គលជោគជ័យក្នុងជីវិតទៅទៀតដែលបានក្លាយជាអ្នកផ្តល់ដំបូន្មានសំខាន់ដល់មហាសេដ្ឋីធំៗដូចជាលោកប៊ីល ហ្គេតស៍ (Bill Gates) ជាដើម។ លោកបានជួបនឹងមនុស្សជាច្រើនប្រភេទទាំងបរាជ័យ និងជោគជ័យ ហើយយោងតាមបទពិសោធន៍ លោកបានចែករំលែកថាមានការសម្រេចចិត្តធំៗ៣ក្នុងជីវិតដែលអាចបែងចែកអ្នកជោគជ័យ និងអ្នកមានតែក្តីសុបិនបាន។
១. កុំលះបង់អ្វីដែលខ្លួនមាន ដើម្បីឈោងចាប់អ្វីដែលអ្នកមិនត្រូវការ ៖ លោកបាហ្វេធ្លាប់ផ្តល់យោបល់ដល់និស្សិតម្នាក់ មកពីសាកលវិទ្យាល័យ University of Florida ថា លោកបានជួបមនុស្ស និងអាជីវកម្មដែលឈោងចាប់អ្វីៗជាច្រើន ព្រោះតែមហិច្ចតាទោះជាខ្លួនត្រូវលះបង់អ្វីដែលខ្លួនមានក៏ដោយ។ លោកបានបន្តថា «ប្រសិនបើអ្នកហ៊ានលះបង់អ្វីដែលសំខាន់សម្រាប់អ្នក ដើម្បីអ្វីដែលមិនសំខាន់សម្រាប់អ្នក វាមិនសមហេតុសមផលឡើយ» ។
២. វិនិយោគលើទំនាក់ទំនងជាមួយមនុស្សដែលស្មោះត្រង់ និងគោរពតាមសីលធម៌ ៖ លោកបានប្រាប់ទៅនិស្សិតខាងលើឲ្យគិតពីមិត្តរួមថ្នាក់ម្នាក់ដែលអាចជោគជ័យក្នុងរយៈពេលវែងបាន រួចលោកបានបន្ថែមថា«អ្នកប្រហែលជាជ្រើសមនុស្សដែលអ្នកចូលចិត្តសន្ទនាជាមួយជាងគេ អ្នកដែលមានគុណភាពជាអ្នកដឹកនាំល្អជាងគេ អ្នកដែលមានសមត្ថភាពក្នុងការជំរុញឲ្យអ្នកនៅជុំវិញខ្លួនចង់ជួយសម្រេចគោលដៅរបស់គេ ។ មនុស្សម្នាក់នោះជាមនុស្សដែលចិត្តល្អ ស្មោះត្រង់ និងជាមនុស្សដែលមិនលួចគំនិតអ្នកដទៃ» ។
៣. យកក្តីស្រលាញ់ទៅធ្វើជារង្វាស់នៃភាពជោគជ័យ៖ ក្នុងសៀវភៅជីវប្រវត្តិរបស់លោកបាហ្វេ The Snowball: Warren Buffett and the Business of Life លោកបាហ្វេបានបកស្រាយថា រង្វាស់សំខាន់ជាងគេនៃភាពជោគជ័យក្នុងជីវិតគឺក្តីស្រលាញ់ពីមនុស្សដែលអ្នកស្រលាញ់ក្នុងជីវិត។
មនុស្សមួយចំនួនទទួលមរណភាពដោយមានទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែមិនមាននរណាដែលស្រលាញ់ពួកគេពិតប្រាកដទេ។ ហើយភាពលំបាកមួយទាក់ទិននឹងក្តីស្រលាញ់គឺមនុស្សមិនអាចយកលុយទៅទិញវាបានឡើយ។ លោកបានអះអាងថា «វិធីតែមួយដើម្បីទទួលបានក្តីស្រលាញ់គឺធ្វើជាមនុស្សដែលសមនឹងទទួលបានក្តីស្រលាញ់»៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ