វៀតណាម​ឱ្យ​សុទ្ធ​គ្មាន​ចេះ​ខ្មែរ​អី​មួយ​ម៉ាត់​ដឹក​ជ្រូក​៣០០​ក្បាល​ចូល​ដី​ខ្មែរ


ខេត្តស្វាយរៀង ៖ ឈ្មួញ​ជនជាតិ​វៀតណាម​ដឹក​ជ្រូក​ចំនួន​៣០០​ក្បាល​តាម​រថយន្ត​០៤​គ្រឿង​វង្វេង​ចូល​ដី​ខ្មែរ​ជិត​ច្រក​ទ្វា​ព្រំដែន​ទ្វេភាគី​បុស្ស​មន ឃុំ​បុស្ស​មន ស្រុក​រំដួល ត្រូវ​សមត្ថកិច្ច​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បង្ក្រាប​យក​សួរនាំ​ស្រាប់តែ​មាន​អ្នក​ចេញ​មុខ​ដោះស្រាយ​ប្រាប់​ថា ជ្រូក​ខ្មែរ​ទេ​ទាន​គឺ​ជ្រូក​ក្រុមហ៊ុន​ស៊ី​ភី ដឹក​មក​លក់​ឲ្យ​វៀតណាម​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ហើយ​ទំនង​វង្វេងផ្លូវ​រក​ផ្លូវ​ចេញ​ទៅ​វៀតណាម​អត់​ឃើញ ។

ការ​បង្ក្រាប​ជ្រូក​វៀតណាម​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ជិត​ច្រក​ទ្វា​ព្រំដែន​ទ្វេភាគី​បុស្ស​មន ឃុំ​បុស្ស​មន ស្រុក​រំដួល ។ រថយន្ត​ដឹក​ជ្រូក​៣០០​ក្បាល​នោះ​ទី​១-​ម៉ាក​ហី​យិ​ន​ដាយ ពាក់​ស្លាក​លេខ វៀតណាម 60C.371.47, ទី​២-​ពាក់​ស្លាក​លេខ 60C270.02, ទី​៣-​ពាក់​ស្លាក​លេខ​60C310.04 និង​រថយន្ត​ទី​៤-​ពាក់​ស្លាក​លេខ​61C.360.69 អ្នកបើកបរ​ជនជាតិ​វៀតណាម និង​អ្នក​រួម​ដំណើរ​១២​នាក់ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​សមត្ថកិច្ច​ក្រុម​ចល័ត​នៃ​ការិយាល័យ​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ចុះ​ល្បាត​បាន​ជួប​រថយន្ត​ជនជាតិ​វៀតណាម​ចំនួន​០៤​គ្រឿង​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ចំណុច​ជិត​ច្រក​ទ្វា​ព្រំដែន​ទ្វេភាគី​បុស្ស​មន ឃុំ​បុស្ស​មន ស្រុក​រំដួល​ដែល​មាន​ជ្រូក​ប្រមាណ​៣០០​ក្បាល​សង្ស័យ​ថា ជ្រូក​វៀតណាម​ទើប​បញ្ជូន​ទៅ​កាន់​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង​ដើម្បី​ធ្វើការ​សាកសួរ​ដោយ​ជនជាតិ​វៀតណាម​ទាំងនោះ​ពុំ​មាន​ម្នាក់​ណា​ចេះ​ភាសា​ខ្មែរ​សោះ ។

ក្រោយ​ពី​ពិនិត្យ និង​សាកសួរ​ក៏​មាន​អ្នក​មក​ចូល​ដោះស្រាយ​ដោយ​អះអាង​ថា ជា​ជ្រូក​ខ្មែរ​គឺ​ជ្រូក​របស់​ក្រុមហ៊ុន​ស៊ី​ភី ដោយ​មានច្បាប់​អនុញ្ញាតិ​របស់​ក្រុមហ៊ុន​ស៊ី​ភី នាំ​ចេញពី​ខេត្តកំពង់ស្ពឺ​ទៅ​ចែកចាយ​ក្នុង​ខេត្តស្វាយរៀង ក៏​ប៉ុន្តែ​បុគ្គលិក​ក្រុមហ៊ុន​ស៊ី​ភី​បាន​លក់​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ដោយ​តម្លៃ​ជ្រូក​នៅ​ប្រទេស​វៀតណាម​ថ្លៃ​ជាង​ជ្រូកស្រុក​ខ្មែរ ។

វៀតណាម​ចូល​មក​ទិញ​ជ្រូក​ខ្មែរ​ហើយ​គ្មាន​ច្បាប់​នាំ​ចេញ​ទើប​ឃាត់​មក​សាកសួរ និង​បូម​ឈាម​ជ្រូក​ទៅ​នាយកដ្ឋាន​ផលិតកម្ម​សត្វ​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​មន្ទីរ​ពិសោធ​ពិនិត្យ​ប្រសិនបើ​គ្មាន​ផ្ទុកមេរោគ​ទេ​មន្ទីរ​នឹង​ប្រគល់​ឲ្យ​ម្ចាស់​យក​ទៅ​លក់​ចែកចាយ​ក្នុង​ខេត្តស្វាយរៀង​មិន​អនុញ្ញាតិ​ឲ្យ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ទេ តែបើ​មាន​ផ្ទុកមេរោគ​យើង​នឹង​កម្ទេច​ចោល ។

មក​ដល់​វេលា​ម៉ោង​១​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​០៥ វិច្ឆិកា នេះ​ជ្រូក​ដែល​ចាប់​មក​នោះ​ងាប់​អស់​៦០​ក្បាល​ហើយនឹង​បាន​កប់​ចោល​ចំនួន​៤០​ក្បាល និង​២០​ក្បាល​ទៀត​កំពុង​ត្រៀម​យក​ទៅ​កប់​ចោល​ទៀត ។ ក៏​ប៉​ន្តែ​មហាជន​បាន​ដាក់​ការ​សង្ស័យ​ថា ជា​ជ្រូក​វៀតណាម​មិនមែន​ជា​ជ្រូក​ខ្មែរ​ទេ​ដោយ​ពួក​គាត់​បង្ហើប​ឲ្យ​ដឹង​ថា កន្លង​មក​គេ​ឃើញ​វៀតណាម​ដឹក​ជ្រូក​វៀតណាម​ចូល​មក​ស្រុក​ខ្មែរ​តាម​ច្រក​ទ្វា​ព្រំដែន​តំបន់​ខ្សែ​ដែក​ឃុំ​ត្រស់ ស្រុក​រមាស​ហែក ហើយ​ទំនង​អ្នកបើកបរ​រថយន្ត​វៀតណាម​វង្វេងផ្លូវ​ទើប​បើក​មក​ចូល​តាម​ច្រក​ទ្វា​ព្រំដែន​បុស្ស​មន​ក៏​ត្រូវ​មន្ត្រី​ពេទ្យសត្វ​ចុះ​បង្ក្រាប​តែ​ម្តង ៕

កែសម្រួល​ដោយ ៖ សំណាង

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ