ទាល់តែភ្លើងឆេះសណ្ឋាគារ…ទើប​ធ្លាយ​ដឹង​ជាទីតាំង​គ្រឿងញៀន​ដ៏​សន្ធឹក


ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​អគ្គិភ័យ​ឆេះ​បន្ទប់​ក្នុងសណ្ឋាគារ​ព្រី​ន​សេស ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ឯករាជ្យ ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ សមត្ថកិច្ច​បាន​ធ្វើ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ បាន​ប្រទះ​ឃើញ​គ្រឿង​ញៀន​នៅ​ក្នុង​បន្ទប់​ដែល​ឆេះ​នោះ ប្រមាណ​២៧​គីឡូក្រាម ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​(WY) ។ ជា​មួយ​នឹង​ការ​ប្រទះ​ឃើញ​ថ្នាំ​ញៀន​គ្រាប់​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៧​នាក់ ក្នុង​នោះ​ស្រី​២​នាក់ យក​ទៅ​សាកសួរ​ដែល​សុទ្ធ​សឹង​ជា​ជនជាតិ​ចិន ។

យោង​តាម​ប្រភព​ពី​មន្ត្រី​ប៉ូលិស​មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា ករណី​គ្រឿងញៀន​នេះ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​តាម​ចាប់​មេខ្លោង​បន្ត​ទៀត​នៅឡើយ ។ ក្នុង​ករណី​លាក់​គ្រឿងញៀន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ គិត​មក​ដល់​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​៤ វិច្ឆិកា ជនសង្ស័យ​ចំនួន​៧​នាក់​កំពុង​ត្រូវ​បាន​សមត្ថ
កិច្ច​ធ្វើការ​សាកសួរ ដើម្បី​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត​រក​មេខ្លោង​ដែល​នៅ​ពីក្រោយ ។

គួរ​កត់​សម្គាល់ថា ក្រុងព្រះសីហនុ​បាន​កើត​មាន​អគ្គិភ័យ​បន្តបន្ទាប់​គ្នា​៣​ករណី​មក​ហើយ​គឺ​១-​ឆេះ​នៅ​ក្រោយ​ផ្សា​រលើ​អស់​តូប​អាជីវករ​៣៣​តូប នៅ​ថ្ងៃ​ទី​៣១ តុលា ។ លុះ​មក​ដល់​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​១ វិច្ឆិកា នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​ឯករាជ្យ​ក្នុងភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្ដាល​ឱ្យ​ហាង​លក់​គ្រឿងសំណង់​មួយ​កន្លែង​ខូចខាត​អស់ទាំង​ស្រុង ។

យោង​តាម​ព័ត៌មាន​ពី​បុគ្គលិក​បម្រើ​ការ​ក្នុង​ហាង​លក់​គ្រឿងសំណង់​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ពួក​គាត់​មាន​គ្នា​ពីរ​បី​នាក់​បាន​សម្រាក​នៅ​ជាន់​ទី​មួយ កំពុង​លេង​ទូរស័ព្ទ ស្រាប់តែ​ដាច់ wifi ទើប​ចុះ​មក​ក្រោម​មើល​ក៏​ឃើញ​អណ្ដាតភ្លើង​ឆាបឆេះ នៅ​ផ្នែក​ខាង​មុខ​ហើយ​ក៏​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់ ប៉ុន្តែ​អណ្ដាតភ្លើង​ពុំ​បាន​ថមថយ​នោះ​ទេ ។ ទើប​ដឹង​ដល់​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ ភ្លាម​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ពីរ​គ្រឿង​ក៏​បាន​មក​ដល់​នៅ​តែ​ជួយ​ពន្លត់​មិន​បាន រហូត​ហាង​ទាំងមូល​ត្រូវ​ឆេះ​អស់ទាំង​ស្រុង ប៉ុន្តែ​សំណាងល្អ​ពុំ​បណ្ដាល​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ជិតខាង​ដោយសារ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៀត​មក​ជួយ​បាញ់​ទឹក​ទាន់​ពេលវេលា ។

យោង​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៊ូ សុធី ស្នងការ​រង​ទទួល​ផែន​បង្ការ​និង​ពន្លត់អគ្គីភ័យ​បាន​បញ្ជាក់​​ថា ក្នុង​យុទ្ធនាការ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ចំនួន​៨​គ្រឿង ប្រើ​ទឹក​អស់​ចំនួន​១៧​រថយន្ត ។ ចំពោះ​មូលហេតុ​នៃ​ការ​ឆេះ​នេះ តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង គឺ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្ត​ភ្លើង ។ មហន្ត​រាយ​ដោយ​អគ្គិភ័យ​ខាងលើ​នេះ ជា​ករណី​ទី​២ ។ចំពោះ​ករណី​ទី​៣ ឆេះ​ដូច​គ្នា​ដែរ គឺ​ឆេះ​ក្នុង​បន្ទប់​សណ្ឋាគារ​ព្រី​ន​សេស រហូត​បែកធ្លាយ​កន្លែង​លាក់​គ្រឿងញៀន​ដ៏​ធំ​មួយ ដែល​ពិនិត្យ​ទៅ​ឃើញ​គ្រឿងញៀន​ទាំង​កញ្ចប់​ៗ​ត្រូវ​ភ្លើង​ឆេះ​រោលរាល​សម្បក​វេច​ខ្ចប់​អស់​ខ្លះ​ៗ​ទៅ​ហើយ​ដែរ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ