ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ស្រៀវ​ណាស់! បុកពីក្រោយ​​នារី​ម្នាក់​ធ្វើ​ឱ្យ​ភ្ញាក់​ជាន់ហ្គែ​ថែមបន្តបុករះ​៦​គ្រឿង​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណី​រថយន្ត​ម៉ាក CRV ​មួយគ្រឿង បើកបុកពីក្រោយ​រថយន្ត​​ស៊េរីទំនើបមួយគ្រឿង​ទៀត​​​​ម៉ាកឡិចស៊ីស​ IS300 ទំនងជាធ្វើ​ឱ្យ​នារីជា​អ្នក​បើកបរថយន្ត​ម៉ាកឡិចស៊ីស ​ IS300…

រាជធានីភ្នំពេញ ៖ មានករណី​រថយន្ត​ម៉ាក CRV ​មួយគ្រឿង បើកបុកពីក្រោយ​រថយន្ត​​ស៊េរីទំនើបមួយគ្រឿង​ទៀត​​​​ម៉ាកឡិចស៊ីស​ IS300 ទំនងជាធ្វើ​ឱ្យ​នារីជា​អ្នក​បើកបរថយន្ត​ម៉ាកឡិចស៊ីស ​ IS300 ភ្ញាក់​ក៏ជាន់ហ្គែ​​​ជ្រុល​ទៅបុករះរថយន្តស៊េរីទំនើបៗ​រហូត​ដល់​ទៅ​​៤គ្រឿង និងបុក​រ៉ឺម៉ក​កង់បីឥណ្ឌាចំនួន​២គ្រឿងទៀត បណ្តាលអោយក្រឡាប់ផ្ងារ​ជើងពេញផ្លូវរងការខូចខាត​យ៉ាងដំណំ ហើយរថយន្តដែលរងការខូច​ខាត​ភាគច្រើនជារថយន្តរបស់មន្ត្រីបម្រើការងារនៅក្នុងក្រសួងរ៉ែ និង​ថាមពលដែលចត​នៅស្ងៀម ​តែ​មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​គ្រោះថ្នាក់​នោះទេ ។ បន្ទាប់ពីកើតហេតុ នារីជា​អ្នកបើកបរ និង​អ្នក​រួម​ដំណើរចំនួន​​​២នាក់​​ទៀត​នាំគ្នា​រត់គេចខ្លួនបាត់ ។​

​ហេតុការណ៍ខាងលើ​បាន​បង្ក​ការភ្ញាក់​ផ្អើល​​កើតឡើងកាលពីវេលាម៉ោង​៤​និង​១៥នាទី​រសៀល​ថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅចំណុចខាងមុខក្រសួងរ៉ែ និង​ថាមពល តាម​បណ្តោយ​ផ្លូវលេខ​៥១ (ផ្លូវប៉ាស្ទ័រ) ស្ថិត​ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

រថយន្ត​បង្កស៊េរី​ទំនើប​មួយគ្រឿង​ខាងលើ​ជិះគ្នា​​៣នាក់ ម៉ាក​ឡិចស៊ីស​ IS300 ធុនតូច ​ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ២AF-៩៩៦៩ បើកបរដោយនារី​​ម្នាក់​មិនស្គាល់​អត្ត​សញ្ញាណ មានអាយុប្រមាណជា​២៨ឆ្នាំ ​រីឯ​​អ្នក​រួម​ដំណើរ​២នាក់​ទៀត​​ក្នុងនោះ​បុរសម្នាក់ និង​នារីម្នាក់ ​មិនស្គាល់ស្គាល់អត្ត​សញ្ញាណ​នោះទេ ដោយ​អ្នកទាំង​​៣​បាន​នាំគ្នា​រត់គេចខ្លួនបាត់ ។

ចំណែក​រថយន្ត​ស៊េរីទំនើប​ចំនួន​៤គ្រឿង និង​រ៉ឺម៉កម៉ូតូកង់បី​ឥណ្ឌា​២គ្រឿង​ដែលរងការ​ខូចខាតខាងលើ​ ក្នុងនោះ​រួម​មាន ១-រថយន្តម៉ាក RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AP-២២៧៧, ២-រថយន្តម៉ាក​ Mazda ពាក់ស្លាកលេខ រដ្ឋ ២-១២១០, ៣-​រថយន្តម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខ រដ្ឋ និង​​៤-រថយន្តស៊េរីទំនើបម៉ាក LAND ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២U-០០៨៧ រីឯ​រ៉ឺម៉កម៉ូតូកង់បី​ឥណ្ឌា​​ចំនួន​២គ្រឿង ពណ៌ស មិនចាំ​ស្លាកលេខ ។​

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើប​មួយគ្រឿងជិះគ្នា​​៣នាក់​ម៉ាកឡិចស៊ីស​ IS300 ពណ៌ស បើកបរដោយនារី​ម្នាក់ បានធ្វើដំ​ណើរតាមបណ្តោយផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១) ក្នុងទិសដៅពីជើងទៅត្បូង ។

តាម​ប្រភពដដែល​បាន​បន្ត​ថា លុះពេល​​រថយន្ត​ម៉ាក​ឡិចស៊ីស​ IS300 បើក​មក​ដល់កន្លែងកើតហេតុ​ខាងលើ​ ស្រាប់តែមានរថយន្ត​មួយគ្រឿង​ម៉ាក​CRV ពណ៌ខ្មៅ មិនចាំ​ស្លាកលេខ បើកមកបុកពីក្រោយរថយន្តម៉ាក​ឡិច​ស៊ីស IS300 ​បន្តិច​ រួចក៏បើកបត់ឆ្វេងគេច​បាត់ ។ ពេលនោះ​ទំនង​ជា​នារីជាអ្នក​បើកបរ​រថយន្ត​ម៉ាកឡិចស៊ីស IS300 ភ័យស្លន់ស្លោ ឬ​ក៏ភ្ញាក់​នោះទេ ក៏​ជាន់ហ្គែ​​បោះពួយ​ជ្រុល​ទៅបុកកង់បីឥណ្ឌាមួយគ្រឿង​ដែល​កំពុងតែ​បើកបរនៅ​ពី​មុខបណ្តាល​ឱ្យ​ក្រឡាប់ផ្ងា​រ​ជើងខ្ទាតទៅបុកផ្ទុបនឹងរថយន្តម៉ាក RANGER និងរថយន្តម៉ាក​ Mazda ដែលចតនៅស្ងៀម ។

តាមប្រភព​ដដែលបានប្រាប់បន្តទៀតថា ​បន្ទាប់មក រថយន្ត​ម៉ាកឡិចស៊ីស​ IS300 មិនបានឈប់ភ្លាមនោះ​ទេ ក៏​បោះពួយបន្តទៅបុកកង់បីឥណ្ឌាមួយគ្រឿងដែលកំពុងបើកបរ និង​បន្តទៅបុករថយន្តម៉ាក Mazda ​មួយគ្រឿងផ្សេង​ទៀត​ រួមទាំង​បុក​រថយន្តស៊េរីទំនើបម៉ាក LAND ROVER ដែលចត​នៅខាងមុខក្រសួងរ៉ែ និង​ថាមពល ទើបរថយន្ត​បង្ក​អស់ល្បឿន​ទៅមុខ លែងរួច ។ ភ្លាមនោះគេ​ឃើញនារី​ជាអ្នកបើកបរ​​រថយន្ត​បង្ក​ ​និង​អ្នក​រួម​ដំណើរ​​២នាក់ទៀតបានចុះ​ពីលើ​រថយន្ត ​រួចនាំគ្នា​​រត់គេចខ្លួនបាត់ស្រមោលអស់។

តាម​ប្រភពដដែល​បានបន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹងករណី​ខាងលើ​នេះដែរ ទំនងជាកើតឡើង ដោយសារតែនារី​ជាអ្នកបើកបររថយន្តបង្ក​ម៉ាកឡិចស៊ីស IS300 មានស្មារតីតិច និងភ័យស្លន់ ក្រោយពី​រថយន្ត​ម៉ាក CRV បើកមកបុកពីក្រោយ ទើប​ធ្វើ​ឱ្យ​នាងភ្ញាក់មិនជាន់ហ្វ្រាំងឈប់ បែរ​ជា​ជាន់ហ្គាបន្ថែមបោះពួយ​ទៅបុករះសុទ្ធតែរថយន្ត​ស៊េរី​ទំនើបៗ​ចំនួន​​៤គ្រឿង ក្នុងនោះ​មាន​រថយន្ត​៣គ្រឿងជារបស់មន្ត្រីបម្រើការងារនៅក្នុង​ក្រសួងរ៉ែនិង​ថាមពល និង កង់បីឥណ្ឌា​ចំនួន​២គ្រឿងទៀត រួមទាំងរថយន្តបង្ក​ផង​បាន​​រងការខូចខាតយ៉ាងដំណំ ​ចំណែក​បុរសជាអ្នក​បើកបរ​កង់បីឥណ្ឌាម្នាក់ គ្រាន់តែរលាត់ដៃជើងរងរបួសស្រាលប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ កម្លាំង​សមត្ថ​កិច្ចជំនាញចរាចរណ៍ក៏បានចុះមកដល់ធ្វើការវាស់វែង ​និង​បញ្ជូនរថ​យន្តទាំង​៤គ្រឿង ​ព្រមទាំង​កង់បីឥណ្ឌាទាំង​២គ្រឿង និង​រថយន្ត​បង្ក​​ម៉ាកឡិចស៊ីស IS300 យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃ​ស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវរកនារីជាម្ចាស់រថយន្តបង្ក​ឱ្យ​ចូលខ្លួនមកធ្វើការដោះស្រាយគ្នាជាបន្ត​ទៀត​នៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ