ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន សម្ពោធ​ដំណើរ​ភាពយន្ត​ចល័ត​លើក​ទី​៤ ​កម្ពុជា​ដ៏​ឆ្នើម «​មួយ​គីឡូម៉ែត្រ​ចុង​ក្រោយ​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​លើ​វិស័យ​វប្បធម៌ សិល្បៈ និង​ភាពយន្ត​រវាង​ប្រទេស​ចិន និង​កម្ពុជា​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ថែម​មួយ​កម្រិត​ទៀត និង​ពង្រឹង​នូវ​ចំណងមិត្តភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​តំណាង​រដ្ឋាភិបាល​កម្ពុជា​- ចិន​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៤ ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ដំណើរការ​ភាពយន្ត​ចល័ត​ចិន​-…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​លើ​វិស័យ​វប្បធម៌ សិល្បៈ និង​ភាពយន្ត​រវាង​ប្រទេស​ចិន និង​កម្ពុជា​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ថែម​មួយ​កម្រិត​ទៀត និង​ពង្រឹង​នូវ​ចំណងមិត្តភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​តំណាង​រដ្ឋាភិបាល​កម្ពុជា​- ចិន​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៤ ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ដំណើរការ​ភាពយន្ត​ចល័ត​ចិន​- កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៤ នា​រសៀល​ថ្ងៃ​ទី​៤​វិច្ឆិកា នៅ​សា​លាស​ន្និ​ចតុមុខ ។

លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​ថា ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស​ស្ថិត​នៅ​ក្រោម​ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ប្រជាជន ហើយ​ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ប្រជាជន​ស្ថិត​ក្រោម​ការ​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។ លោក​បន្ត​ថា​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចាក់​ទុក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​វប្បធម៌​ទេសចរណ៍​រវាង​កម្ពុជា និង​ចិន គឺ​ដើម្បី​ជំរុញ​កិច្ច​ទំនាក់ទំនង​មនុស្ស​សាស្ត្រ​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​ប្រសើរ ។

លោក​បញ្ជាក់​ថា ៖ «​ព្រឹត្តិការណ៍​ដំណើរ​ចាក់​បញ្ចាំងភាពយន្ត​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ​ឆ្ងាយ​ពី​ទីក្រុង​អាច​ចូលរួម​ទស្សនា​ភាពយន្ត​ឆ្នើម​រវាង​កម្ពុជា ចិន តាម​ទម្រង់​ខុស​ៗ​គ្នា​នៅ​ក្បែរ​ភូមិដ្ឋាន អាស្រ័យ​ហេតុនេះ​ក៏​ទទួល​បានការ​ស្វាគមន៍​យ៉ាងច្រើន និង​កក់ក្តៅ ។ អាច​និយាយ​បាន​ថា ជា​ការ​ជំរុញ​សាកល្បង​គុណភាព​នៃ​កិច្ច​ទំនាក់ទំនង​វប្បធម៌​សិល្បៈ​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ព្រឹត្តិការណ៍​«​ដំណើរ​ចាក់​បញ្ចាំងភាពយន្ត​ឆ្នើម​កម្ពុជា ចិន​» ក៏​កំពុង​តែ​ចូលរួម​ជួយ​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាង​សកម្ម​ក្នុង​កិច្ច​ជម្រុញ​ផ្នែក​យល់​ដឹង​អំពី​ចិន បច្ចុប្បន្ន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​» ។

ចំណែក​លោក ស្រី ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​លើក​ឡើង​ថា ចាប់តាំងពី​ឆ្នាំ​២០១៦​មក ព្រឹត្តិការណ៍​«​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​» ដែល​បាន​រៀបចំ​ឡើង​ដោយ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​សិល្បៈ ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​របស់​កម្ពុជា​បាន​ចាក់​ប​ញ្ជាំ​ង​អស់​រយៈពេល​៣​ឆ្នាំ​ជាប់​ៗ​គ្នា​រួច​មក​ហើយ ដែល​បាន​គ្របដណ្ដប់​ខេត្ត​-​ក្រុង​ចំនួន​២០ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ចាក់​ប​ញ្ជាំ​ង​ជូន​បងប្អូន​ប្រជាជន​ខ្មែរ​ជិត​១០​ម៉ឺន​នាក់ នៅ​តាម​តំបន់​នីមួយ​ៗ​បាន​ចូលរួម​ទស្សនា ។

សូម​ជម្រាប​ថា ព្រឹត្តិការណ៍​ដំណើរ​ភាពយន្ត​ចល័ត​ចិន​កម្ពុជា​ដ៏​ឆ្នើម គឺជា​កម្មវិធី​ដែល​រៀបចំ​ធ្វើ ឡើង​នៅ​កម្ពុជា និង​រៀបចំ​ដោយ​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​វិទ្យុ​មិត្តភាព កម្ពុជា​ចិន​នៃ​អគ្គ​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន ក្នុង​គោលបំណង​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​លើ​វិស័យ​វប្បធម៌ សិល្បៈ និង​ភាពយន្ត​រវាង​ប្រទេស​ចិន និង​កម្ពុជា​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ថែម​មួយ​កម្រិត​ទៀត និង​ពង្រឹង​នូវ​ចំណងមិត្តភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។

ព្រឹត្តិការណ៍​នេះ​ក៏​បាន​ទទួល​នូវ​ការ​ស្វាគមន៍​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​គ្រប់​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​ទាំងនោះ​ផង​ដែរ ។ ចាប់ពី​ខែវិច្ឆិកា ដល់​ខែធ្នូ ឆ្នាំ​២០១៩​ខាង​មុខ​នេះ ក្រុមការងារ​ចាក់​បញ្ចាំងភាពយន្ត​ដែល​សហការ​ដោយ​ភាគី​កម្ពុជា និង​ចិន នឹង​នាំ​យក​នូវ​វី​ដេ​អូ​នៃ​ពិធី​ដង្ហែ​ក្បូន​ព្យុហយាត្រា​ឆ្នាំ​២០១៩ និង​រឿង «​មួយ​គឺ​ឡូ​ម៉ែត្រ​ចុង​ក្រោយ​» «​រឿង​សួស្ដី​លោក​មហាសេដ្ឋី​» រឿង «​ដើម​ក្រសាំង​» ។​ល​។ ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ប៉ៃលិន ខេត្ត ឧត្តរមានជ័យ ខេត្តក្រចេះ ខេត្ត​ត្បួ​ង​ឃ្មុំ ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត កណ្ដាល ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ