ខេត្តរតនគីរី ៖ មូលនិធិអេស៊ីលីដា-ចារឌីន ដែលបង្កើតឡើងអំឡុងឆ្នាំ ២០១៧ បានចាប់ផ្ដើមបញ្ចេញសកម្មភាពរបស់ខ្លួន ក្នុងការចូលរួមដ៏សកម្ម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ជាក់ស្ដែងមូលនិធិអេស៊ីលីដា-ចាឌីន កាលពីថ្ងៃទី០១ វិច្ឆិកា ២០១៩ បានប្រគល់អគារសិក្សាមួយខ្នង៥បន្ទប់ ជូនដល់សាលាបឋមសិក្សា លើហន់ ភូមិ លើហន់ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគីរី ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សនៅក្នុងតំបន់នោះ។
លោក Peter Beynon ស្ថាបនិកនៃជាអនុប្រធានក្រុមប្រឹក្សាភិបាលអង្គការមូលនិធិអេស៊ីលីដា-ចារឌីន បានមានប្រសាសន៍ថា យុទ្ធសាស្ត្រក្នុងការឈានទៅសម្រេចគោលរបស់ខ្លួន គឺមានលក្ខណៈសាមញ្ញា ដោយជាជំហានដំបូងអង្គការត្រូវឧបត្ថម្ភនូវហេដ្ឋារចនាសម្ព័ន្ធអគារសិក្សា ដែលទោះបីជាមានអាកាសធាតុបែបណាក៏ដោយ ក៏អ្នកគ្រូ លោកគ្រូ នៅតែអាចបង្រៀនបាន ។
នេះគឺជាអាទិភាពចម្បង ជាមូលដ្ឋានដែលអង្គការត្រូវធ្វើឱ្យបាន ដើម្បីអោយលោកគ្រូ អ្នកគ្រូ មានលទ្ធភាពពេញលេញ ក្នុងការបំពេញតួនាទីប្រកបដោយប្រសិទ្ធភាព ក្នុងការផ្ដល់ចំណេះដឹងជូនក្មួយយៗ សិស្សានុសិស្សនៅក្នុងតំបន់ ។
លោកបន្តថា បច្ចុប្បន្ននេះ អង្គការមូលនិធិអេស៊ីលីដា-ចារឌីន សម្រាប់ការអប់រំ បានឧបត្ថម្ភ និងសាងសង់អគារសិក្សាថ្មី សម្រាប់សាលាបឋមសិក្សាចំនួន០២ខ្នង រួចរាល់ ស្របតាមបទដ្ឋានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលអគារមួយខ្នងមាន៥បន្ទប់ អាចទទួលសិស្សបានយ៉ាងតិច១០០នាក់ ។ អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាលើហន់នេះ គឺជាសមិទ្ធផលទី២ របស់អង្គការមូលនិធិនេះ ដែលអគារដំបូងបង្អស់របស់ខ្លួន បានសាងសង់នៅសាលាបឋមសិក្សាគោកសង្កែ ក្នុងខេត្តឧត្តរមានជ័យ និងបានដាក់ដំណើរការកាលពីខែកក្កដា កន្លងទៅនេះ ។ បន្ទាប់ពីបញ្ចប់ការសាងសង់ អគារទាំងនេះ នឹងត្រូវប្រគល់ជូនអាជ្ញាធរខេត្តធ្វើជាម្ចាស់កម្មសិទ្ធិ និងជាអ្នកគ្រប់គ្រង តាមរយៈមន្ទីរអប់រំ យុវជននិងកីឡា ដែលជាសេនាធិការ និងនាយកសាលាជាអ្នកគ្រប់គ្រងនិងថែរក្សាផ្ទាល់ ។
លោកថា៖ « អង្គការមូលនិធិអេស៊ីលីដា-ចារឌីន សម្រាប់ការអប់រំ មានផែនការឧបត្ថម្ភ និងសាងសង់អគារសិក្សាបឋមសិក្សាឱ្យបានយ៉ាងតិចចំនួន២ខ្នង ក្នុងមួយឆ្នាំនៅតាមតំបន់នានា នៅក្នុងភូមិសាស្ត្រគោលដៅរបស់ខ្លួន ដើម្បីផ្ដល់ឱ្យកុមារទទួលបាននូវការអប់រំ កម្រិតមូលដ្ឋាន សម្រាប់កសាង និងពង្រីកគុណភាពជីវិតរបស់ពួកគេ ក្នុងគោលដៅ ចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាទ្រព្យដ៏មានតម្លៃបំផុតក្នុងការអភិវឌ្ឍសង្គមជាតិ» ។
លោកបញ្ជាក់ថា ក្នុងនាមជាថ្នាក់ដឹកនាំ អង្គការនេះ សូមប្ដេជ្ញាថា រាល់មូលនិធិមនុស្សធម៌ ដែលទទួលបានពីសប្បុរសជន នឹងគ្រប់គ្រងប្រកបដោយតម្លាភាព និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីសាងសង់សាលារៀនជូនកុមារកម្ពុជា ។
លោកស្រី ញាណ ទិត្យចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តរតនគីរី បានមានប្រសាសន៍ថា អគារសិក្សាប្រកបដោយ គុណភាព ផាសុខភាព និងស្រស់ស្អាតនេះ ពិតជាមានតម្លៃបំផុត សម្រាប់ក្មួយៗសិស្សានុសិស្សក្នុងស្រុកបរកែវ ធ្វើជាទីកន្លែង និងថ្នាលសម្រាប់ក្រេបយក និងបណ្ដុះចំណេះវិជ្ជាកម្រិតមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ខ្លួនដ៏ល្អប្រសើរនៅពេលអនាគត ។
លោកស្រីនិយាយថា៖ « សកម្មភាពមនុស្សធម៌ របស់អង្គការមូលនិធិអេស៊ីលីដា-ចារឌីន សម្រាប់ការអប់រំ ពិតជាបានបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការនេះ ក្នុងការកិច្ចការងារសង្គម មនុស្សធម៌ និងអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាទ្រព្យដ៏មានតម្លៃបំផុតក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្មវិធីកំណែទម្រង់គុណភាពវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រសួង ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ ។
បើតាមលោកនាយកសាលាបឋមសិក្សាលើហន់ លោកណែម ចាន់ធូ បានអោយដឹងថា កាលពីមុនសាលានេះ ខ្វះខាតខ្លាំងណាស់ មិនមានអគារសិក្សាត្រឹមត្រូវ ហើយនៅពេលក្ដៅខ្លាំងក៏ឱ្យសិស្សត្រលប់ទៅផ្ទះវិញមុនម៉ោង ដោយសារមិនអាចទ្រាំនឹងអាកាសធាតុបាន ហើយពេលភ្លៀងខ្លាំងក៏មិនអាចទប់ទល់បបានដែរ ដូច្នេះការសិក្សាមិនបានជាប់លាប់នោះទេ ។
តែនៅពេលដែលមានអគារសិក្សា១ខ្នង៥បន្ទប់នេះ សង្ឃឹមថា នឹងមានកំណើនសិស្សមកសិក្សាកាន់តែច្រើន និងអាចឱ្យសិស្សរៀនបានជាប់លាប់ ដែលអាចពង្រឹងគុណភាពអប់រំថ្នាក់មូលដ្ឋានបានមួយកម្រិតផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ