ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​កម្មករ​ចំការ​កៅស៊ូ​រក​ចំណូល​បាន​ត្រឹម​មួយ​រស់​ព្រោះ​ខ្វះ​ជំនាញ​និង​កម្រិតវប្បធម៌​មាន​កម្រិត

4 ឆ្នាំ មុន
  • មណ្ឌលគិរី

រតនគីរី ៖ ដោយសារ​តែ​ខ្វះ​ជំនាញ​និង​កម្រិតវប្បធម៌​រៀនសូត្រ​បាន​តិចតួច ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្ខំចិត្ត​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ធ្វើការ​នៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយ​ៗ ហើយ​មាន​អ្នកខ្លះ​ក៏​បាន​ចំណាកស្រុក​ទៅ​កាន់​ប្រទេស​ជិតខាង ជា​ពិសេស​ប្រទេស​ថៃ ដែល​រង់ចាំ​ទទួលយក​ពលករ​ដែល​ប្រើ​កំលាំងកាយ​ជា​ជាង​ជំនាញ ។ មិន​ខុស​គ្នា​ដែរ នៅ​តាម​ជាយ​ដែន​នៃ​ប្រទេស​កម្ពុជា…

រតនគីរី ៖ ដោយសារ​តែ​ខ្វះ​ជំនាញ​និង​កម្រិតវប្បធម៌​រៀនសូត្រ​បាន​តិចតួច ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្ខំចិត្ត​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ធ្វើការ​នៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយ​ៗ ហើយ​មាន​អ្នកខ្លះ​ក៏​បាន​ចំណាកស្រុក​ទៅ​កាន់​ប្រទេស​ជិតខាង ជា​ពិសេស​ប្រទេស​ថៃ ដែល​រង់ចាំ​ទទួលយក​ពលករ​ដែល​ប្រើ​កំលាំងកាយ​ជា​ជាង​ជំនាញ ។ មិន​ខុស​គ្នា​ដែរ នៅ​តាម​ជាយ​ដែន​នៃ​ប្រទេស​កម្ពុជា ជា​ពិសេស​បណ្តា​ខេត្ត​ដែល​មាន​សក្ដានុពល​សម្រាប់​ដំណាំ​កៅស៊ូ ក៏​ទទួលយក​កម្មករ​ពី​ខេត្ត​ផ្សេង​ៗ​ច្រើន​ផង​ដែរ ដើម្បី​បម្រើ​ការងារ​នៅ​ក្នុងចំការ​កៅស៊ូ ក៏​ប៉ុន្តែ​ការងារ​នេះ​មិន​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ប៉ុន្មាន​ទេ ពោល​គឺ​បាន​ត្រឹមតែ​មួយ​រស់​ប៉ុណ្ណោះ មិន​មាន​អ្វី​សល់​ជា​ដុំ​កំភួន​ឡើយ ។

លោក វេ​ង រឹទ្ធ ជា​កម្មករ​ចំការ​កៅស៊ូ​មួយ​កន្លែង​នៅ​ស្រុក​បរ​កែវ នៃ​ទឹកដី​ខេត្ត​រតនគីរី និង​ជា​អ្នក​ចំណាកស្រុក​ពី​ខេត្តព្រៃវែង បានអោយ​ដឹង​ថា​លោក​ធ្វើការ​នៅ​ក្នុង​ចំការ​កៅស៊ូ​ក្នុងស្រុក​បរ​កែវ បាន​រយៈពេល​៤​ទៅ​៥​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​ចំណូល​ត្រឹមតែ​មួយ​រស់​ប៉ុណ្ណោះ មិន​មាន​អ្វី​សេសសល់​ច្រើន​នោះ​ទេ ។ ប៉ុន្តែ​សម្រាប់​ការងារ​វិញ ក៏​មិន​ពិបាក​ណាស់ណា​នោះ​ទេ តែ​មិន​មាន​ជម្រើស​សម្រាប់​លោក​ក្នុង​ការ​ប្រកប​របរ​ក្រៅពី​កម្មករ​ចំការ​កៅស៊ូ ដោយសារ​តែ​លោក​មិន​មាន​ជំនាញ​អ្វី​នៅ​ក្នុង​ខ្លួន ។

​កម្មករ​ចំការ​កៅ​ស៊ួ​បាន​ពោល​បន្ត​ទាំង​ទឹកមុខ​ស្រពោន​ថា ក្នុង​មួយ​ថ្ងៃ​លោក​ក៏​ដូច​ជា​កម្មករ​ផ្សេង​ទៀត ត្រូវ​ធ្វើការ​ចាក់​ជ័រកៅស៊ូ​និង​ប្រមូល​ជ័រកៅស៊ូ​ទុក​មួយ​កន្លែង ដើម្បី​អោយ​ឡាន​ដែល​ប្រមូល​ទិញ​មក​ដឹក​ទៅ​កែ​ច្នៃ​នៅ​រោងចក្រ ហើយ​ប្រាក់​កម្រៃ​ដែល​លោក​ទទួល​បាន គឺ​បាន​តែ​៦៥​ម៉ឺន​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​ខែ ដូច្នេះ​បើ​ប្រៀបធៀប​នឹង​ការងារ​នៅ​ទីក្រុង​គឺ​មាន​គំលាត​ខុស​គ្នា​ឆ្ងាយ ។ ​លោក​បាន​ថា «​ខ្ញុំ​នឹង​ភរិយា​ធ្វើការ​ក្នុង​ចំការ​កៅស៊ូ​ទាំង​ពីរ​នាក់​តាំងពី​ជាង​៤​ឆ្នាំ​មុន ដោយ​ទាំង​ពីរ​នាក់​អាច​បាន​ប្រាក់ខែ​ប្រមាណ​ជាង ១​លាន​រៀល ហើយ​ប្រាក់ខែ​នេះ បើ​យក​មក​ទូទាត់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​វិញ​ទៅ មិនជា​សល់​ប៉ុន្មាន​ទេ ដោយ​មានកូន​ក្នុង​បន្ទុក​ចំនួន​២​នាក់​ផង​ដែរ តែ​ពួក​គេ​នៅ​តូច​ៗ​មិន​ទាន់​ចូល​រៀន​ទៀត បើសិនជា​ពួក​គេ​ចូល​រៀន​ទៀត​នោះ ការ​ចំនាយ​កាន់តែ​ខ្ពស់​ទៀត​ហើយ » ។

ដោយឡែក​កម្មករ​ចំការ​កៅស៊ូ​ម្នាក់​ទៀត​ដែល​ធ្វើការ​ក្នុង​ចំការ​ជាមួយ​លោក វេ​ង រឹទ្ធ​បានអោយ​ដឹងផង​ដែរ​ថា បើ​និយាយ​ថា​គ្រប់គ្រាន់​នោះ គឺ​វា​មិន​គ្រប់គ្រាន់​ទេ «​ដោយសារ​តែ​បច្ចុប្បន្ន​នេះ អ្វី​ៗ​ក៏​ឡើងថ្លៃ​ដែរ ដូច្នេះ​រាល់​ការ​វ​ចាយវាយ​ត្រូវ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់ បើ​ពុំនោះ​ទេ ពេល​រដូវ​កាល​ភ្ជុំ ឬ​ចូល​ឆ្នាំ ច្បាស់​ជា​មិន​មាន​លុយ​ទៅ​លេង​បងប្អូន​នៅ​ស្រុក​ហើយ អ​ញ្ចឹ​ង​ហើយ​រាល់​ការ​ចាយវាយ​ត្រូវ​សន្សំ​សំចៃ​ខ្ពស់​»​។​លោក ខេ​ង សៀង​ឡាំង ម្ចាស់​ចំការ​កៅស៊ូ​មួយ​កន្លែង​ក្នុងស្រុក​បរ​កែវ ខេត្ត​រតនគីរី​បានអោយ​ដឹង​ថា ជា​ការ​ពិត​ណាស់ ប្រាក់​កម្រៃ​ពួក​គាត់​មិន​ច្រើន​ប៉ុន្មាន​នោះ​ទេ ហើយ​ថៅកែ​ក៏​មិន​មាន​លទ្ធភាព​អោយ​ប្រាក់ខែ​កម្មករ​ច្រើន​ជាង​នេះនោះ​ទេ ព្រោះ​តម្លៃ​កៅស៊ូ​ក៏​ខ្ពស់​ប៉ុន្មាន​ដែរ​នៅ​ពេល​បច្ចុប្បន្ន​នេះ ។

​ម្ចាស់​ចំការ​កៅស៊ូ​រូប​នេះ​បាន​បន្ត​ថា «​យើង​ទទួលស្គាល់​ថា​ប្រាក់​កម្រៃ​របស់​កម្មករ​ដែល​យើង​បាន​ផ្ដល់​ជូន​គាត់​មិនជា​ច្រើន​មែន តែ​យើង​បាន​បើក​សិទ្ធិ​ទូលាយ​អោយ​ពួក​គាត់​អាច​ធ្វើ​ការងារ​ខាងក្រៅ​បាន ឬ​ការងារ​នៅ​ផ្សេង​ទៀត​បាន ដូច​ជា​ធ្វើការ​ក្នុង​ចំការ​ដំឡូង​មី ឬ ការងារ​បន្ទាប់បន្សំ​នៅផ្ទះ​គាត់​ជាដើម ។ ការងារ​ដែល​យើង​ផ្ដល់​ជូន​ពួក​គាត់ ពេល​ខ្លះ​ក្នុង​មួយ​ថ្ងៃ​គាត់​អាច​ធ្វើ​តែ​មួយ​ព្រឹក​ចប់ អ​ញ្ចឹ​ង​ពេល​រសៀល គាត់​អាច​ទៅ​ធ្វើ​ការងារ​នៅ​ខាងក្រៅ​បាន ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​បាន ដោយ​មិន​ចាំបាច់​ពឹង​តែ​លើ​ប្រាក់​កម្រៃ​ដែល​បាន​មក​ពី​ចំការ​កៅស៊ូ » ។

លោក​បាន​បន្ត​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ យើង​តែងតែមាន​គោលការណ៍​ដំឡើង​ប្រាក់ខែ​អោយ​ពួក​គាត់​ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​ការ​ដំឡើង​ប្រាក់ខែ​អោយ​ពួក​គាត់​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែរ បើ​ទោះបីជា​តម្លៃ​កៅស៊ូ​ឡើង​ខ្លាំង​ក៏​ដោយ ពីព្រោះ នៅ​ពេល​ដែល​កៅស៊ូ​ធ្លាក់​ថ្លៃ​វិញ យើង​មិន​អាច​ដក​ប្រាក់ខែ​គាត់​មក​វិញ​នោះ​ទេ បើ​ឡើង​ហើយ​គឺ​ឡើង​រហូត មិន​អាច​ចុះ​វិញ​ទេ ។ ​លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន​នេះ កម្មករ​ធ្វើការ​ក្នុង​ចំការ​កៅស៊ូ មិន​មាន​ប្រាក់ខែ​ដូច​គ្នា​ទាំងនោះ​ទេ អ្នកខ្លះ​ធ្វើការ​កន្លែង​ដែល​ពិបាក យើង​ផ្ដល់​ប្រាក់ខែ​ខ្ពស់​បន្តិច​ហើយ​អ្នក​ដែល​ធ្វើការ​មិនសូវ​ពិបាក យើង​ផ្ដល់​ប្រាក់ខែ​ទាប​ទៅ​តាម​ហ្នឹង ក៏​ប៉ុន្តែ​កម្មករ​ចំការ​កៅស៊ូ​អាច​ទទួល​បាន​ប្រាក់ខែ​ចន្លោះ​ពី​៦០​ម៉ឺន​រៀល​ដល់​៧០​ម៉ឺន​រៀល ។

លោក ខេ​ង សៀង​ឡាំង បាន​បន្ត​ទៀត​ថា « បច្ចុប្បន្ន​នេះ​តម្លៃ​កៅស៊ូ​ហាក់​នៅ​ទ្រឹង​យើង​មិន​ទាន់​ហ៊ាន​ដំឡើង​ប្រាក់ខែ​ជូន​ពួក​គាត់​ទេ ចាំ​មើល​តម្លៃ​វា​ឡើង​បន្តិច​យើង​នឹង​ឡើង​ជូន ក៏​ប៉ុន្តែ​ត្រូវ​មាន​ប្រយ័ត្ន​ផង​ដែរ បើ​ចេះ​តែ​ឡើង ហើយ​នៅ​ពេល​កៅស៊ូ​ធ្លាក់​វិញ បើ​យើង​ហ៊ាន​កាត់​ប្រាក់ខែ​កម្មករ នោះ​ប្រាកដជា​គ្មាន​កម្មករ​ធ្វើការ​នោះ​ទេ​»​។ ​លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ តម្លៃ​កៅស៊ូ​មិន​ទាន់​កែ​ច្នៃ​តម្លៃ​ប្រមាណ​៥០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន ដោយ​មាន​ក្រុមហ៊ុន​ទទួល​ទិញ​យក​ទៅ​កែ​ច្នៃ​នៅ​រោងចក្រ​របស់​គេ​ផ្ទាល់ ។ យ៉ាងណាមិញ តម្លៃ​កៅស៊ូ​មិន​ទាន់​កែ​ច្នៃ​ហាក់​ឡើង​ខ្ពស់​ជាង​មុន​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​ព្រោះ​តម្លៃ​ក្នុង​មួយ​គីឡូក្រាម​គឺ​ប្រមាណ​២០០០​រៀល​នា​ពេល​បច្ចុប្បន្ន​នេះ កើន​ជាង​ឆ្នាំ​ពី​មុន​បន្តិចបន្តួច​ដែល​កាល​មុន​គឺ​តម្លៃ ១៩៧៥​រៀល​ក្នុង​មួយ​គីឡូក្រាម ។

​គួរ​បញ្ជាក់​ថា​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បានអោយ​ដឹង​ថា​គិត​ត្រឹម​ដំណាច់​ខែកញ្ញា ២០១៩ ផ្ទៃដី​កៅស៊ូ សរុប​មាន​៣៤.៥៥២​ហិច​តា ក្នុង​នោះ​ផ្ទៃដី ចៀរ​ជ័រ​បាន​មាន​ជាង​២៣​ម៉ឺន​ហិច​តា ស្មើនឹង​៥៤​ភាគរយ ។ សម្រាប់​រយៈពេល​៩​ខែ​ដើមឆ្នាំ ២០​ឥ​១៩​នេះ ទិន្នផល​កៅស៊ូ​ដែល​ទទួល​បាន​មាន​ចំនួន​ជាង ១៧៥​ពាន់​តោន កើនឡើង​ប្រមាណ​២៦​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ហើយ​បញ្ចេញ​លក់​បាន​ប្រមាណ​ជាង​២៣​ម៉ឺន​តោន​កើនឡើង​២​ភាគរយ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ