អាសូរ​លោក​មេឃុំ​ម្នាក់​បាត់បង់​ជីវិត​យ៉ាង​រន្ធត់


ខេត្តស្វាយរៀង ៖ លោក​មេឃុំ​កណ្តៀង​រាយ​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ដល់​មន្ទី​ពេទ្យ​ស្រុក​ស្វាយ​ទាប បន្ទាប់​ពី​ជន​រង​គ្រោះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវលំ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កណ្តៀង​រាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឡឹ​ក កង ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ​មេឃុំ​កណ្តៀង​រាយ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ស្វាយ​រៀង ១Q-៤២៨៧ ។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយទៀត​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ឆ្នាំង ១A-១៤២៦ បើកបរ​ដោយ​ឈ្មោះ​ផាត់ សា​រ៉ា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រង​របួសស្រាល ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​លោក​មេឃុំ​កណ្តៀង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ក៏​បើកបរ​ម៉ូតូ​ចូល​ទៅ​ខាងឆ្វេង​ចូល​ទៅ​ចំណែក​ផ្លូវ​ភាគី​ម្ខាង​ទៀត រួច​ក៏​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ចំ​ពីមុខ​ខណៈ​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បណ្តាល​ឱ្យ​លោក​មេឃុំ​កណ្តៀង​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​ពេល ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ។ ចំណែក​ភាគី​ខាង​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ទៀត​ដែល​រង​របួសស្រាល ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កណ្តៀង​រាយ ។ រីឯ​សព​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ