ណូ​ម័​រ មិន​ស្ដាយ​ការ​បែកបាក់ គិតគូរ​រឿង​ថ្មី​វិញ


រាជធានី​ភ្នំពេញ ៖ ណូ​ម័​រ បែកបាក់​ប្តី​ប្រ​ព​ន្ឋ បន្ទាប់​ពី​រៀប​ការ​មិន​ទាន់​បាន​៥​ខែ​ផង ។ វា​ក្លាយជា​សំណួរ​សួរ​ដេញដោល​គ្នា ពិសេស​ក្នុង​មជ្ឈដ្ឋាន​សិល្បៈ​ថា​ហេតុ​អ្វី​ទៅ​ជា​បែប​នេះ ។

វី​ជេ​សុភា និង​ណូ​ម័​រ បាន​ចូល​រោងការ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩​នេះ ។ ពួក​គេ​ត្រូវ​អ្នក​សិល្បៈ​លើក​សរសើរ​ថា​ជា​គូស្នេហ៍​ស្រឡាញ់​គ្នា​ខ្លាំង ដូច្នេះ​ហើយ​ជឿជាក់​ថា​នឹង​ដឹក​ដៃ​គ្នា​ដល់​ចាស់​កោង​ខ្នង ។ មិន​ដូច្នោះ​ទេ គូ​ស្វាមីភរិយា​នេះ​បាន​ឈាន​ដល់​ផ្លូវបំបែក ដោយ​ថែម​ទាំង​បាន​ផ្តិត​មេដាយ​លែងលះ​តាម​ផ្លូវច្បាប់​ទៀត​ផង ។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​ណូ​ម័​រ បាន​បង្ហោះ​សារ​រៀបរាប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​រៀន​កាត់ចិត្ត រឿង​ណា​កន្លង​ផុត​ទៅ​ហើយ ឲ្យ​វា​ផុត​ទៅ​ចុះ កុំ​ស្តាយ​អី ស្តាយ​ទៅ​ក៏​គ្មាន​បាន​ផល​អី​មក​វិញ​ដដែល បើ​រឿង​អាច​កែខៃ​បាន​ប្រឹង​ដោះស្រាយ​ទៅ តែបើ​កែខៃ​មិនកើត​ទេ ចាត់​ទុក​ថា​វា​ជា​ផល​បាប​របស់​អ្នក​ចុះ អ្នក​អាច​ទុក​វា​ជា​បទ​ពិសោធន៍​ជីវិត​បាន តែ​កុំ​ស្ពាយ​សំពីងសំពោង​ពេក ធ្ងន់​ពេក​ទៅ ទៅ​មុខ​មិន​ឆ្ងាយ​ទេ ។

ចាប់ផ្តើម​គិត​រឿង​ថ្មី រឿង​បច្ចុប្បន្ន រឿង​ដែល​ត្រូវធ្វើ​បន្ត ទីបំផុត​នៃ​រឿង​មួយ ជា​ចំណុច​ចាប់ផ្តើម​នៃ​រឿង​ថ្មី​មួយទៀត បើ​អ្នក​ព្រម​បញ្ចប់​វា តែបើ​អ្នក​នៅ​ក្តៅក្រហាយ​នឹង​រឿង​ចាស់ មាន​ន័យ​ថា អ្នក​អនុញ្ញាត​ឲ្យ​ទុក្ខ​ពី​អតីត​បង្កើត កូនចៅ​មក​រំខាន​អ្នក​ដល់​ពេល​បច្ចុប្បន្ន​បន្ត​ទៀត​។ នោះ​អ្នក​នៅ​តែ​ជា​ជន​រង​គ្រោះ​របស់​អតីតកាល​ដដែល ខ្មោច​ងាប់​ហើយ​ត្រូវ​យក​ទៅ​កប់ កុំ​ទុក​នៅ​លើ​ផ្ទះ​យូរ​ពេក។

ពេល​កប់​ហើយ កុំ​គាស់​មក​ហិត​អី ក្លិន​មិនល្អ​ទេ បើ​ដើរ​ត្រូវ​សម្លឹង​ទៅ​មុខ កុំ​បែរក្រោយ​យូរ​ពេក ប្រយ័ត្ន​មាន​គ្រោះថ្នាក់ បើ​អ្នក​ប្រឹងប្រែង​ថែរក្សា​វា​ហើយ តែ​វា​នៅ​តែ​មិន​គង់វង្ស មាន​ន័យ​ថា​របស់​នោះ មិនមែន​ជា​របស់​អ្នក​ទេ រៀន​អនុញ្ញាត​ឲ្យ​អតីតកាល​កន្លង​ទៅ ហើយ​រៀន​អត់ឱន​ឲ្យ​ខ្លួន​អ្នកផង ប្រឹងប្រែង​តស៊ូ ពី​ថ្ងៃនេះ​តទៅ រៀន​ដោះ​លែងខ្លួន​អ្នក​ពី​អតីតកាល ជីវិត​អ្នក​នឹង​បាន​សុខសាន្ត​»​។

តារា​សម្ដែង និង​ជា​ពិធីការនី ពូកែ​វោហារ​ស័ព្ទ អ្នក​នាង​ណូ​ម័​រ និង​វី​ជេ សុភា បាន​រួម​រស់នៅ​ជាមួយ​គ្នា ព្រមទាំង​បាន​ចុះ​លិខិត​អា​ពា​ហ៍​ពី​ពា​ហ៍​រយៈ​ជា​យូរ​មក​ហើយ ទើប​សម្រេច​រៀប​ការ​បំពេញមុខ​មេបា កាលពី​ថ្ងៃ​ទី ២៨ ខែឧសភា ឆ្នាំ ២០១៩ បើ​គិត​មក​ទល់​ពេល​នេះ គឺ​ទើបតែ​បា​រយៈពេល​៥​ខែ​ប៉ុណ្ណោះ ។

ការ​បែកបាក់​គ្នា​នេះ​ក្លាយជា​រឿង​ចាប់អារម្មណ៍​ថ្មី​មួយទៀត​ពី​អ្នកគាំទ្រ ព្រមទាំង​មិត្ត​សិល្បៈ ដ្បិត​ពួក​គេ​បែក​គ្នា​រហ័ស​ពេក ក្រោយ​រៀប​ការ​រួច ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ