រុ​ស្ស៊ី បង្ហាញ​ជំហរ​ធ្វើ​កិច្ចសហការ​ជាមួយ​កម្ពុជា​លើ​វិស័យ​ជា​ច្រើន


រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​បាន​បង្ហាញ​ជំហរ​ក្នុង​ការ​ធ្វើ​កិច្ចសហការ​ជាមួយ​កម្ពុជា​លើ​វិស័យ​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​វិស័យ​ប្រេង​ផង​ដែរ ។ ការ​បង្ហាញ​ជំហរ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ជាមួយ​លោក ឌី​មី​ទ្រី មី​ដ​វី​ដេ​វ ( Dmitry Medvedev) នាយក រដ្ឋមន្ត្រី​នៃ​ប្រទេស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា នៅ​ក្នុង​ប្រទេស​ថៃ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន​សែន បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​លោកនាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​បាន​ចាត់​ទុក​ថា កម្ពុជា​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​រុ​ស្ស៊ី ហើយ​ថា យើង​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ ហើយ​យើង​ចង់​បន្ត​ពង្រីក ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែម​ទៀត ជា​ពិសេស​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល និង​ក្រប​ខណ្ឌ​ផ្សេង​ៗ​ទៀត ។ លោក​សូម​អបអរសាទរ​ចំពោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ។

សម្ដេច​តេ​ជោ​បាន​ចាត់​ទុក​ថា ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនងជា​យូរលង់​មក​ហើយ ហើយ​ក៏​ជិត​ស្និទ្ធ​គ្នា​ទៀត ។ សម្ដេច​តេ​ជោ​បាន​ថ្លែង​អំណរ​អរគុណ​ដល់​ប្រទេស​រុ​ស្ស៊ី ក្នុង​ការ​បន្ត​ត្រៀម​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​មួយ​ចំនួន រួម​ទាំង​វិស័យ​វប្បធម៌​ផង​ដែរ ហើយ​មិនតែប៉ុណ្ណោះ​ទេ សម្ដេច​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ដោយសារ​កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​រៀបចំ​ទិវា​វប្បធម៌​រុ​ស្ស៊ី នៅ​ក្នុង​ឆ្នាំ​២០២០ នៅ​កម្ពុជា និង​សូម​អរគុណ​រុ​ស្ស៊ី​ដែល​គាំទ្រ​កម្ពុជា​ឲ្យ​ក្លាយជា​ប្រទេស​សង្កេតការណ៍​នៃ​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀង​ហៃ ហើយ​ផ្ដល់​នូវ​វគ្គ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​យោធា​កម្ពុជា និង​ផ្ដល់​ជំនួយ​បច្ចេកទេស​ក្នុង​វិស័យ​កំចាត់​មីន​ផង​ដែរ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថា សម្ដេច​ពិតជា​រីករាយ​អំពី​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំង​ពីរ​ដែល​មានការ​កើនឡើង​កន្លង​មកនេះ ហើយ​ក្នុង​ន័យ​នេះ ដើម្បី​ពង្រឹង​ទំហំ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​នោះ សម្ដេច​តេ​ជោ​ក៏​បាន​ស្នើ​សុំ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​ជួយ​ជំរុញ​វិនិយោគិន​រុ​ស្ស៊ី​ឲ្យ​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​ប្រទេស​កម្ពុជា ក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជា វិស័យ​កែ​ច្នៃ​ម្ហូបអាហារ កសិឧស្សាហកម្ម​, ឧស្សាហកម្ម electronic, ឧស្សាហកម្ម​បង្គំ និង​ឧស្សាហកម្ម​ផលិត​គ្រឿង​ម៉ាស៊ីន​ជាដើម ។ សម្ដេច​ក៏​បាន​ស្នើ​ភាគី​រុ​ស្ស៊ី​ពិនិត្យ​លទ្ធភាព​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ទំនើប​កម្ម មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ព្រោះ​មន្ទីរពេទ្យ​នេះ​ជា​និមិត្តរូប​នៃ​មិត្តភាព​រយៈពេល​យូរអង្វែង​រវាង​ប្រទេស​យើង​ទាំង​ពីរ ។

ដោយឡែក ពាក់ព័ន្ធ​នឹង​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ី​, កម្ពុជា​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​ជា​គោ ល​ការណ៍​របស់​រុ​ស្ស៊ី​ចំពោះ​កិច្ច​ប្រឹងប្រែង​ឲ្យ​មានការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ី​នេះ​។ សម្ដេច​តេ​ជោ​ក៏​លើក​ឡើង​ថា កម្ពុជា​ស្នើ​សុំ​ឲ្យ​រុ​ស្ស៊ី​គាំទ្រ​ចំពោះ​កា រ​ស្នើ​សុំ​ជា​ផ្លូវការ​រ បស់​កម្ពុជា​ទៅ​ដល់​គណៈកម្មការ​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ី ដែល​កន្លង​ទៅ​នេះ​យើង​បាន​ស្នាក់​ដាក់​ស្នើ​សុំ​រួច​មក​ហើយ ។ ចំណុច​មួយទៀត ដោយសារ​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ សម្ដេច​តេ​ជោ​ក៏​បាន​អញ្ជើញ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នេះ​ផង​ដែរ ។

នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី ក៏​បាន​ឆ្លើយ​តប​មក​វិញ​ថា ប្រទេស​រុ​ស្សី ចង់​សហការ​ជាមួយ​កម្ពុជា​លើ​វិស័យ​ជា​ច្រើន​រួម​ទាំង​វិស័យ​ឧស្សាហកម្ម ហើយ​យើង​ចង់​បន្ត​ផ្ដល់​ការ​គាំទ្រ​ទៅ​ដល់​កម្ពុជា​នៅ​ក្នុង​កិច្ចសហការ​លើ​វិស័យ​ថាមពល​ដូច​ជា វិស័យ​ប្រេង វិស័យ​ទូរគមនាគមន៍ , ខាង​ជលផល និង​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ​ទៀត​នៅ​កម្ពុជា ។ ចំពោះ​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ី លោក​បាន​គូសបញ្ជាក់​ថា នេះ​ជា​កិច្ចការ​មាន​សារៈសំខាន់​ណាស់ ហើយ​ជា​គំនិត​ផ្ដួចផ្ដើម​ដ៏​ល្អ​ដែល​យើង​អាច​ចុះ​កិច្ចព្រមព្រៀង​នៅ​ពេល​ខាង​មុខ​នេះ ក្រោយ​ពី​ការ​ចរចា​រួច​ហើយ​នោះ ។ លោក​បាន​បញ្ជាក់​ថា ៖«​យើង​អាច​មាន​កិច្ច​សហស​កា​យ៉ាង​ល្អ​លើ​វិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​វិស័យ​ផ្សេង​ៗ​ទៀត ជា​ពិសេស​នៅ​ក្នុង​ការ​ដោះ​មីន​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ​ដែល​ប្រទេស​រុ​ស្ស៊ី​ចង់​បន្ត​ក្នុង​ការ​បណ្ដុះបណ្ដាល​ផ្នែក​មន្ត្រី​យោធា​កម្ពុជា​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ