ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​បំផុត​មួយ ​បែរ​គ្មាន​អ្នក​ទៅ​កម្សាន្ត​នា​បច្ចុប្បន្ន

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ «​ពពុះ​ពេជ្រ​ចិន្តា ឬជ្រោះ​ពេជ្រ​ចិន្តា​» គឺជា​ឈ្មោះ«​រមណី​ដ្ឋា​ន​ធម្មជាតិ​»ដ៏​ស្រស់បំព្រង​មួយ​កន្លែង ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ និង​ល្បីល្បាញ​បំផុត​នៅ​ចន្លោះ​ទស​វត្ស​ឆ្នាំ​៦០ ដល់​ទស​វត្ស​ឆ្នាំ​៩០ ។ តែ​បច្ចុប្បន្ន​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​មួយ​នេះ ហាក់​បាន​កប់​បាត់​ស្ងាត់ឈឹង​នៅ​ក្នុង​ដីចំការ​របស់​ក្រុម​ហ៊ុន​ឯកជន​មួយ…

​ខេត្តបាត់ដំបង​៖ «​ពពុះ​ពេជ្រ​ចិន្តា ឬជ្រោះ​ពេជ្រ​ចិន្តា​» គឺជា​ឈ្មោះ«​រមណី​ដ្ឋា​ន​ធម្មជាតិ​»ដ៏​ស្រស់បំព្រង​មួយ​កន្លែង ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ និង​ល្បីល្បាញ​បំផុត​នៅ​ចន្លោះ​ទស​វត្ស​ឆ្នាំ​៦០ ដល់​ទស​វត្ស​ឆ្នាំ​៩០ ។ តែ​បច្ចុប្បន្ន​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​មួយ​នេះ ហាក់​បាន​កប់​បាត់​ស្ងាត់ឈឹង​នៅ​ក្នុង​ដីចំការ​របស់​ក្រុម​ហ៊ុន​ឯកជន​មួយ បើ​ទោះជា​ម្ចាស់​ចំការ​នេះ​ បាន​ប្រឹងប្រែង​កែច្នៃឱ្យ​មាន​សោភ័ណ​ភាព​ក្ដី ក៏​មិន​អាច​ទាក់​​ទាញ​ភ្នែក​ភ្ញៀវ​ទេសចរ​ឱ្យ​ចាប់​អារ​ម្ម​ណ៍​ ដូច​កាលពី​សម័យ​ដើម​ដែរ ​។ រមណី​ដ្ឋា​ន​«​ពពុះ​ពេជ្រ​ចិន្តា ឬ ជ្រោះ​ពេជ្រ​ចិ​ត្តា​»ដ៏​ល្បី​មួយ​នេះ​ ស្ថិត​នៅ​តាម​ដងស្ទឹង​សង្កែ នៅ​ក្នុងភូមិ​ជា​មន្ត្រី ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល​។

ភ្ញៀវ​ទេសចរ​​ដែល​ចង់ទៅ​ទស្សនា ឬចង់​ហែល​ទឹក​ដ៏​សែន​ត្រជាក់​នៅ​រមណី​ដ្ឋា​ន​នេះ អាច​ធ្វើ​ដំណើរ​ដោយ​យានយន្ត តាម​ផ្លូវជាតិ​លេខ​៥៧ ដែល​មាន​ចម្ងាយ​ពី​ទីរួមខេត្ត​បាត់ដំបងប្រមាណ​ជាង​៤៥​គ​.​ម យើង​នឹង​បានឃើញ​ស្លាក​សញ្ញា​បង្ហាញផ្លូវ​រមណី​ដ្ឋា​ន​«​ពពុះ​ពេជ្រ​ចិន្តា​»​នេះ​នៅ​ភូមិ​ជា​មន្ត្រី​ ។ ប៉ុន្តែ​យើង​នឹង​ត្រូវ​បន្ត​ដំណើរ​ចុះ​តាម​ដងផ្លូវ​លំ​តូច​មួយ ​នៅ​ខាងឆ្វេង​ដៃ​ដែល​មាន​ចម្ងាយ​ប្រហែល​២​គ​.​មទៀត ទើប​ទៅ​ដល់​រមណី​ដ្ឋា​ន​នោះ​ ។ នៅ​តាម​ដងផ្លូវ​ចូល​ទៅ​កាន់​រមណី​ដ្ឋា​ន​មួយ​នេះ ហាក់​មាន​សភាព​ស្ងាត់ជ្រងំ​ណាស់​ ។

គេ​ឃើញ​មាន​តែព្រៃ​ដុះ​ទ្រប់​ទ្រុល និងដំណាំ​ហូប​ផ្លែ​បន្តិច​ប​ន្ទូ​ច ជាមួយ​និង​លំនៅ​ឋាន​ពលរដ្ឋ​ប៉ុន្មាន​ខ្នង​ប៉ុណ្ណោះ ដែល​សាងសង់​រកេតរកូត​អម​សងខាង​ផ្លូវលំ​ដ៏​តូច​ចង្អៀត​នេះ​ ។ យូរ​ៗ​ម្ដង​ ទើប​គេ​ប្រទះ​អ្នក​ដំណើរ​​ឆ្លងកាត់​ទីនោះ តែ​ពួក​គេ​មិនមែន​ជា​ភ្ញៀវ​ទេសចរ​​ទេ ​។ នេះ​បើ​តាម​អ្នក​ភូមិ​នៅ​ទីនោះ​បាន​និយាយ​ប្រាប់ ​។ អ្នក​ភូមិ​និយាយ​ថា រមណី​ដ្ឋា​ន​«​ពពុះ​ពេជ្រ​ចិន្តា​» ត្រូវ​បាន​អ្នកគ្រប់គ្រង​បិទទ្វារ​ច្រើន​ឆ្នាំ​ហើយ តែ​យ៉ាងណា​យូរ​ៗ​ម្ដង​ គេ​ឃើញ​មាន​មនុស្ស​តិច​តួចបំផុត​ ចូល​ទៅ​លេង​ទៅ​នោះ​ ។

បើ​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា កាលពីដើម​ឡើយ​តំបន់​ទេសចរ​ណ៍​ធម្មជាតិ​ ដែល​មាន​ប្រវត្តិ​យូរលង់​មួយ​នេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ ហើយ​បាន​បើក​ជា​សាធារណៈ​ឲ្យ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាស​ន៍​​ចូល​ទៅ​លេងកម្សាន្ត ។ ប៉ុន្តែ​បច្ចុប្បន្ន​រមណី​ដ្ឋា​ន​មួយ​នេះ ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ដីចំការ​របស់​ក្រុមហ៊ុន​ឯក​ជន​មួយ​អស់​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដែល​មាន​ម្ចាស់​ឈ្មោះ​ឃួ​ន គី​ន អាយុ​៥៩​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ​។

មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាន​កាន់កាប់ ក្រុមហ៊ុន​នេះបាន​ប្រឹងប្រែង​កែ​ច្នៃ​លំអ ដោយ​មាន​សង់​តូប​សម្រាប់​ភ្ញៀវ​អង្គុយ​លេង សង់​រូបចម្លាក់​សត្វ​នានា ដាក់​លំអ​សួនច្បារ រួម​ទាំង​ដាំ​ដំណាំ​យុទ្ធសាស្ត្រ​នានា​ផង ដើម្បី​ឲ្យ​មាន​សោភ័ណ​ភាព​នៅ​ប្រប​មាត់​ស្ទឹង នៃ​កន្លែង​រមណី​ដ្ឋា​ន​នេះ​។ ប៉ុន្តែ​គម្រោង​នេះ ហាក់​ទ​ទួល​​បាន​ផ្លែផ្កា​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ស្រាប់តែ​ដួល​រលំ​ស្ងាត់ឈឹង​ទៅ​វិញ​ភ្លាម​រំពេច​រហូត​ដល់​សព្វថ្ងៃ ហើយ​ថៅកែ​ក៏​សម្រេច​បិទទ្វារ​ទេសចរ​ណ៍តែ​ម្ដង​។

តាម​ការ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្ដែងនៃ​តំបន់​រមណី​ដ្ឋា​ន «​ពពុះ​ពេជ្រ​ចិន្តា​» នៅ​ពេល​នេះ មើលទៅ​ហាក់​ស្រ​ងូត​​ស្រ​ងាត់ គួរឱ្យ​អនិច្ចារ​បំផុតក្នុង​ស្ថានភាព​ស្ងាត់ជ្រងំ ដែល​មិន​ស័ក្តិសម​​នឹង​កេ​រ្តិ៍​ឈ្មោះ​បោះ​សម្លេង កាលពី​អំឡុង​សម័យ​សង្គមរាស្ត្រនិយម និងតាម​រយៈ​សំនៀង​ដ៏​ក្រអួន​ក្រអៅ​របស់​អ្នក​នាង​រស់ សេរី​សុទ្ធា ទាល់តែ​សោះ​ ។ គេ​ឃើញ​មាន​តែ​សំណល់​ទីតាំង និងរូបចម្លាក់​សត្វព្រៃ​គ្មាន​វិញ្ញាណ ឈរ​ព្រោងព្រាត​បង្ហាញ​រាង​នៅ​លើ​វាលស្មៅ​ខៀវ​ស្រ​ងាត់ លាយឡំ​នឹង​សម្លេង​ទឹក​ហូរ​ដ៏​គគ្រាំ​ងល្វើយ​ៗ​លើ​ផ្ទាំង​ថ្មដា​នៅ​ក្នុង​ស្ទឹងនៃ​ពពុះ​ពេជ្រ​ចិន្តា ដែល​បាត់​ម្ចាស់​ការ​អស់​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ ។

បើ​តាម​ប្រវត្តិដែល​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ«​ផែនការ​អភិវឌ្ឍ​ន៍ និងការ​ការពារ​តំបន់​ទេសចរ​ណ៍​សំខាន់​ៗនៅ​ក្នុង​ខេត្តបាត់ដំបង​» ដែល​បោះពុម្ព​ដោយ​អាជ្ញាធរនៃ​ខេត្ត​នេះ កាលពី​ឆ្នាំ​២០០៨ កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា រមណី​ដ្ឋា​ន​«​ពពុះ​ពេជ្រ​ចិន្តា​»នេះ​ គឺជា​រមណី​ដ្ឋា​ន​ធម្មជាតិ ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ ​។ នៅ​ក្នុង​ទស​វត្ស​ឆ្នាំ​៦០ មាន​បទ​ចម្រៀង​ជា​ច្រើន​បទ ដែល​បាន​និពន្ធ​ឡើង​ទាក់ទង​នឹង​ពពុះ​ពេជ្រ​ចិន្តា​។ ប៉ុន្តែ​បច្ចុប្បន្ន​«​ពពុះ​ពេជ្រ​ចិន្តា​»​នេះ ជា​រមណី​ដ្ឋា​ន​«​កែ​ច្នៃ​» ដែល​អាជ្ញាធរ​អះអាង​ថា កែ​លំអ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ថែម​ទៀត សម្រាប់​ការ​កំសាន្ត​របស់​ភ្ញៀវ​ទេសចរ​ណ៏ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ​។

នៅ​ក្នុង​ទស​វត្ស​ឆ្នាំ​៦០គេ​មិនដឹង​ថា «​ពពុះ​ពេជ្រ​ចិន្តា​» នេះ​គឺជា​ឈ្មោះ​ជាក់លាក់ នៃ​រមណី​ដ្ឋា​ន​ធម្មជាតិ​ដ៏​ចំណាស់​មួយ​នេះ ​ឬ​បែប​ណា​នោះ​ទេ​ ។ ប៉ុន្តែ​បើ​យោង​លើ​ខ្លឹម​​សារនៃ​បទ​ចម្រៀង ដែល​ពិ​ព​ណ៌​នា​ ដោយ​អ្នកនិពន្ធ​ជើង​ចាស់ «​កវី​ម្ចាស់​ស្ទឹង​សង្កែ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​» បាន​ដាក់​ឈ្មោះ​រមណី​ដ្ឋា​ន​ធម្មជាតិ​នេះ ក្នុង​សម័យ​នោះ​ថា «​ជ្រោះ​ពេជ្រ​ចិន្តា​»​។ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​សរសេរ​ពិ​ព​ណ៌នា​យ៉ាង​អន្លង់​អ​ន្លូ​ច​អំពី​ទិដ្ឋភាព នៃ​ជ្រោះ​ពេជ្រ​ចិន្តា ចារ​ទុក​នៅ​ក្នុង​សៀវភៅ​«​កំណាព្យ​ស្នេ​ហ៍​មាស​» របស់​លោក តាម​រយៈ​បទ​ចម្រៀង​មនោ​ស​ច្ចេតនា​ដ៏​អន្លង់​អ​ន្លូ​ច​មួយ ដែល​បកស្រាយ​ដោយ​អ្នកស្រី រស់ សេរី​សុទ្ធា គឺ​បទ​«​ជ្រោះ​ពេជ្រ​ចិន្តា​» នេះឯង​។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ហាក់​បាន​បង្ហាញ​ពី​អារ​ម្ម​ណ៍​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​លោក​បាន​ទៅ​ឃើញ​សម្រស់​ព្រៃ​ព្រឹក្សា និង​ផ្ទាំង​ថ្មដា​នៅ​បាត​ស្ទឹងនៃ​ជ្រោះ​ពេជ្រ​ចិន្តា ជា​លើក​ដំបូង​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​ ។ នេះ​បើ​យោង​លើ​សំ​ណេ​រ​របស់​លោក​នៅ​ក្នុង​សៀង​ភៅ​«​កំណាព្យ​ស្នេ​ហ៍​​មាស​»​។ ទំនង​ដោយសារ​តែ​ទិដ្ឋភាព​ដ៏​ល្អ​ត្រកាល​គ្រប់​បែប​យ៉ាង​ពី​ធម្មជាតិ នៃ​ជ្រោះ​ពេជ្រ​ចិន្តា នេះ​ហើយ ទើប​ធ្វើ​ឲ្យ «​កវី​ម្ចាស់​ស្ទឹង​សង្កែ​» រូប​នេះ ​ជំពាក់ចិត្ត​ដិត​អារ​ម្ម​ណ៍​ដក​មិន​រួច រហូត​លាន់មាត់​អ៊ូ​ត​សរសើរ​ថា«​ខ្ញុំ​បានឃើញ​ជ្រោះ​ពេជ្រ​ចិន្តា​.. ក៏​នឹក​អរគុណ​ដល់​ធ្ម​ជាតិ ដែល​ចេះ​រចនា​ដងព្រៃ​នោះ​..ឲ្យ​ទៅ​ជា​រមណី​ដ្ឋា​ន​មួយ​ប្រកបដោយ​សោ​ភ័ណ​ភាព សែន​ស្រងេះស្រងោច​ខ្លោចផ្សា​..»​។ ទំនង​ដោយសារ​តែ​អារ​ម្ម​ណ៍​ឈ្លក់​នឹង​សម្រស់​ជ្រោះ​ពេជ្រ​ចិន្តា នេះ​ហើយ ទើប​ធ្វើ​លោក​បង្ខំចិត្ត​លើក​ប៉ា​កាទឹក​ខ្មៅ​ពិ​ព​ណ៌​នា​ជា​ទំនប់​ចម្រៀង​យ៉ាង​ពិីរោះ​រណ្ដំ គឺ​បទ​
«​ជ្រោះ​ពេជ្រ​ចិន្តា​»​។ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ប្រាប់​អំពី​មូលហេតុ​ថា «​ខ្ញុំ​បាន​សរសេរ​បទ​ចម្រៀង​នេះ ដើម្បី​រំលឹក​ដល់​រមណី​ដ្ឋា​ន​ទេសចរ​ណ៏​មួយ​នៅ​ខេត្តបាត់ដំបង តាម​ផ្លូវ​នៅ​ស្រុក​រតន​មណ្ឌល ដែល​ឆ្ពោះទៅ​ប៉ៃលិន​»​។

អ្នកនិពន្ធ​ដ៏​សំបូរ​បែប​រូប​នេះ បាន​បញ្ជាក់​ថា «​ដោយសារ​លំអ​របស់​ទីនោះ បាន​ចាក់​ធ្លុះ​មុត​ជ្រៅ​ទៅ​ក្នុង​ក្រអៅបេះដូង​អ្នកទេសចរ​ណ៍ជា​ច្រើន​នោះ​ហើយ ទើប​ខ្ញុំ​ប្រសិទ្ធ​នាម​បទ​នេះ​ថា ជ្រោះ​ពេជ្រ​ចិន្តា និង​បាន​ប្រគល់​ឲ្យ​អ្នក​នាង រស់ សេរី​សុទ្ធា ជា​អ្នក​បកស្រាយ​។ ប៉ុន្តែ​នៅ​ពេល​ថត​បទ​នេះ ខ្ញុំ​អាណិត​នាង ពន់ពេក​ណាស់ ព្រោះ​នាង​ច្រៀង​បណ្ដើរ មាន​ដំណក់ទឹកភ្នែក​នៅ​ក្នុង​រង្វង់​ភ្នែក​បណ្ដើរ​។ នេះ​ក៏​ព្រោះតែ​នាង​នឹក​ស្រណោះ​ទីនោះ ជា​កន្លែង​អនុ​ស្សាវ​រី​យ៍ ដែល​នាង​ធ្លាប់​ទៅ​កំសាន្ត កាល​នាង​នៅ​ក្មេង​»​។ ការ​បរិយាយ​មិន​ចេះ​អស់​អំពី​សម្រស់ «​ជ្រោះ​ពេជ្រ​ចិន្តា​» របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុ​ន​ឈឿ​ន ខាងលើ​នេះ ក៏​មិន​ខុស​ពី​ការ​សរសេរ​រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​ផែនការ​អភិវឌ្ឍ​ន៍ និង ការ​ការពារ​តំបន់​ទេសចរ​ណ៏​សំខាន់​ៗ នៅ​ក្នុង​ខេត្តបាត់ដំបង​»ដែរ​។

សំ​ណេ​រ​នៅ​ក្នុង​សៀវភៅ​នេះ បាន​ចង្អុលបង្ហាញ​ពី​លក្ខណៈ​ពិសេស នៃ​រមណី​ដ្ឋានកាលពី​សម័យ​ដើម និង​នៅ​ក្នុងអំឡុងពេល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន នា​បច្ចុប្បន្ន​។ រមណី​ដ្ឋា​ន​«​ពពុះ​ពេជ្រ​ចិន្តា​» មានព្រៃ​ក្រាស ដើម​ឈើ​ធំ​ៗ​តាម​មាត់​ស្ទឹង មាន​ផ្ទាំង​ថ្ម​ធំ​ៗ​នៅ​ក្នុង​ទឹក មាន​តូប​សម្រាប់​អង្គុយ​កំសាន្ត និង​មាន​ជណ្ដើរ​បេតុង​សម្រាប់​ចុះ​ងូតទឹក​លេង នៅ​ក្នុង​ស្ទឹង​ផង​។ នៅ​ក្នុង​គម្រោង គេ​បាន​ចាត់​ទុក​ផ្ទាំង​ថ្ម​ធំ​ៗ​ចំ​កណ្ដាលស្ទឹង​(​កន្លែង​ហែល​កំសាន្ត​) ជា​តំបន់​ស្នូល ហើយ​បាន​កំណត់​យក​ចម្ងាយ​៣០០​ម៉ែត្រ ពី​តំបន់​ស្នូល​នេះ ជា​តំបន់​ទេសចរ​ណ៏​ដែល​ត្រូវ​ថែរក្សា​។

ពិតមែនតែ​ច្បាប់​បាន​ហាមប្រាម​មិន​ឲ្យ​មានការ​កាប់ ​ឬ​ដុត​ព្រៃឈើ និងហាម​ទន្ទ្រាន​យក​ដី​នៅ​តំបន់​នោះ តែបើ​ពិនិត្យ​លើ​ទិដ្ឋភាព​ជាក់ស្ដែង​នា​ពេល​នេះ ដើមឈើ​ធំ​ៗ​នៅ​ទីនោះ​សព្វថ្ងៃ​ត្រូវ​បាន​កាប់​គ្មាន​សល់ ជំនួស​មក​វិញ​ដោយ​ដាំំ​ណាំ​ហូប​ផ្លែ​ ។ រីឯ​ផ្ទៃដី​សងខាង​ស្ទឹង​ ដែល​ស្ថិត​ក្នុង​តំបន់​ស្នូល នៃ​រមណី​ដ្ឋា​ន​ធម្មជាតិ​មួយ​នេះ បាន​ក្លាយជា​ដី​កម្ម​សិទ្ធ​ឯកជន​ស្ទើរ​ទាំងស្រុង​អស់​ទៅ​ហើយ ដែល​មើលទៅ​តំបន់​រមណី​ដ្ឋា​ន​ទាំងមូល ហាក់​កប់​បាត់​ស្ងាត់ឈឹង​នៅ​ក្នុង​ដី​កសិកម្ម​របស់​ឯកជន​បាត់​ទៅ​ហើយ​។

លោក​ឃួ​ន គឿ​ន ដែល​បច្ចុប្បន្ន​ក្រុម​គ្រួសារ​របស់​លោក​ជា​អ្នក​មើលថែ​ទាំ​ដំណាំ និង តំបន់​ទេសចរ​ណ៍​នោះ ជំនួស​ម្ចាស់​កម្ម​សិទ្ធ​ិបាន​និយាយ​ថា «​ខ្ញុំ​និង​ក្រុម​គ្រួសារ ទើបតែ​មក​មើលថែ​ទាំ​កន្លែង​នេះ បាន​ប្រហែល​៣​ខែ​ប៉ុណ្ណោះ ​។ ដីចំការ​និង​រមណី​ដ្ឋា​ន​នេះ ​គ្រប់គ្រង​ដោយ​បងប្រុស​ខ្ញុំឈ្មោះ​ឃួ​ន គី​ន ដែល​នៅ​ភ្នំពេញ ​។ រីឯ​រមណី​ដ្ឋា​ន​វិញ បើ​តាម​ខ្ញុំ​ដឹង គាត់​បាន​ផ្អាក​ដំណើ​ការ​ប្រហែល​២​ទៅ​៣​ឆ្នាំ​ហើយ តែ​នៅ​មាន​ភ្ញៀវ​មក​លេង​ម្ដងម្កាល​ខ្លះ​ៗ​ដែរ​។ ប៉ុន្តែ​ខ្ញុំ​ឮ​បង​ខ្ញុំ​ប្រាប់​ថា នឹង​បើក​ដំណើ​ការ​វិញ នា​ពេល​ខាង​មុខ​នេះ រៀបចំ​ធំដុំ ហើយ​ស្អាត​ជាង​មុន​»​។ លោក​ឃួ​ន គឿ​ន បាន​បញ្ជាក់​ថា ដីចំការ​ដែល​ជាប់​រមណី​ដ្ឋា​ន​នេះ មាន​ទំ​ហំ៣​ហិក​តា​។ ប៉ុន្តែ​លោក​ថា ដី​នៅ​ត្រើយម្ខាង​ស្ទឹង ក៏​ជា​ដី​របស់​បងប្រុស​លោក​ដែរ ដែល​គាត់​បាន​ទិញ​ពី​គេ ដែល​លាត​សន្ធឹង​រហូត​ដល់​ជើងភ្នំ​វាល​ចាប ​។

កោះសន្តិភាព បាន​ព្យាយាម​សុំ​ការ​ពន្យល់​បន្ថែម​ពី​លោក​អ៊ុ​ច​អ៊ុំ ភី​នី​ស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរ​ណ៍ខេត្ត អំពី​គម្រោង​អភិវឌ្ឍ​ន៍ ឬផែនការ​ការ​ការពារ​តំបន់​រមណី​ដ្ឋា​ន​ធម្មជាតិ ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ តែ​មិន​អាច​ទំនាក់ទំនង​បាន​ទេ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​០៣ វិច្ឆិកា ។ ប៉ុន្តែ​នៅ​ក្នុង​ផែនការ ដែល​បាន​កត់​ត្រា​នៅ​ក្នុង​សៀវភៅ​ទេសចរ​ណ៍​របស់​ខេត្ត បាន​និយាយ​អំពី​ការ​កែ​លំអ​រមណី​ដ្ឋា​ន​នេះ យ៉ាង​ដូច្នេះ​ថា «​ត្រូវ​ពង្រីក​ផ្លូវ​ចូល​ឲ្យ​ធំ​ទូលាយ​ស្អាត រៀបចំ​តូប​លក់​បន្ថែម អាហារ​ដ្ឋា​ន​មាន​លក្ខណៈ​រាច​នា​ប័​ទ្ម​ខ្មែរ សំអាត​ច្រាំង​ស្ទឹង​ឲ្យ​មាន​សោភ័ណ​ភាព ដាំ​ដើមឈើ​បន្ថែម​សម្រាប់​ជា​ម្លប់​។​ល​។​ និង​។​ល​។

ទោះ​យ៉ាងនេះ​ក្ដី ប៉ុន្តែ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​រមណី​ដ្ឋា​ន​«​ពពុះ​ពេជ្រ​ចិ​ត្តា ឬ ជ្រោះ​ពេជ្រ​ចិន្តា​» នេះ បាន​លើក​ឡើង​ថា កាលពី​មិន​ទាន់​មាន​ក្រុមហ៊ុន​ឯកជន​រៀបចំ​រមណី​ដ្ឋា​ន​ប្រមូល​លុយ គឺ​រមណី​យដ្ឋា​ន​នេះ មាន​មនុស្ស​ទៅ​លេង​ច្រើន​ណាស់​ ។ ជា​ពិសេស​នៅ​ថ្ងៃ​បុណ្យប្រពៃណី​ខ្មែរ​ធំ​ៗ ដែល​អាជ្ញាធរ​មូលដ្ឋាន​បាន​រៀបចំ​ល្បែង​ប្រពៃណី​កំសាន្ត និង​កម្មវិធី​ផ្សេង​ៗ នៅ​ទីនោះ​យ៉ាង​គ្រឹ​ក​គគ្រេង​រៀង​រាល់​ឆ្នាំ​ ។ ប៉ុន្តែ​នៅ​ពេល​មាន​ក្រុមហ៊ុន​ឯកជន​រៀបចំ ដើម្បី​យក​លុយ ភ្ញៀវ​ក៏​មានការ​ថយ​ចុះ​រហូត​ដល់​សព្វ​ថ្ងៃនេះ​។

ពលរដ្ឋ​បាន​លើក​ជា​មតិយោបល់​ដល់​អាជ្ញាធរ ដែល​គួរតែ​ពិចារណា​ឡើង​វិញ អំពី​ការ​វិនិយោគ​លើ​តំបន់​ទេសចរ​ណ៍មួយ​នេះ ដើម្បី​ឲ្យ​រមណី​ដ្ឋា​ន «​ពពុះ​ពេជ្រ​ចិន្តា ឬជ្រោះ​ពេជ្រ​ចិន្តា​»ដ៏​ល្បីល្បាញ​ជា​ប្រវត្តិសាស្ត្រ​នេះ​រស់​ឡើង​វិញផង ។

https://www.youtube.com/watch?v=t_6br0wyzGE

អត្ថបទសរសេរ ដោយ