រាជធានីភ្នំពេញ៖ ខេត្តមណ្ឌលគិរី នឹងរៀបចំព្រឹត្តិការណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅទស្សនា និងលំហែកាយនៅថ្ងៃបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក នៅពេលខាងមុខនេះមានឈ្មោះថា «រម្យនា ហ្វេសស្ទីវ៉ល» ។
លោក ងិន សុវិមាន ប្រធានមន្ទីទេសចរណ៍ខេត្តមណ្ឌលគិរី បានលើកឡើងក្នុងសន្និសិទ្ធសារព័ត៌មានព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថាព្រឹត្តិការណ៍ «រម្យនា ហ្វេសស្ទីវ៉ល» ដែលនឹងប្រព្រឹត្តិទៅនៅពេលខាងមុខនេះនឹងផ្តល់អត្ថប្រយោជន៍ និងចាប់អារម្មណ៍ដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បើមានការផ្សព្វផ្សាយឲ្យមានភាពទូលំទូលាយ ។
លោកបញ្ជាក់ថា៖ «ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍មួយប្លែកដែលខេត្តមណ្ឌលគិរី មិនដែលបានធ្វើ ហើយប្លែកពីអ្វីដែលយើងធ្លាប់ធ្វើពីមុន នឹងធ្វើឱ្យមានការចាប់ អារម្មណ៍ចំពោះភ្ញៀវទេចរដែលទស្សនាផងដែរ ។ វាមិនផ្តល់អត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនដែលធ្វើនោះទេ តែវាមានប្រយោជន៍ដល់ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ដែរ ដូចជាសេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ សេវាកម្មលក់ផ្លែបឺ ផលិតផលការហ្វេ ផ្លែផាសិន ជាដើមនឹងទទួលបានផលពីព្រឹត្តិការនេះដែរ» ។
លោកប្រធានមន្ទីក៏ស្នើសុំឲ្យមានការផ្សព្វផ្សាយបានទូលំទូលាយ ពិសេសនោះដល់ អ្នកទេចរជាតិអន្តរ និងជាតិផងដែរ ។ លោកបន្តថា ព្រឹត្តិការណ៍នេះក៏ជាមេរៀនសម្រាប់អ្នកនៅមណ្ឌលគិរី ក្នុងការរៀនសូត្រដូចជាការតាំងពិព័រណ៍ម្ហូបអាហារដែលមានអានាម័យ ការបោះតង់ នៅតាមកន្លែងទស្សនាផ្សេងៗជាដើម ។
លោក សុខ វណ្ណា ប្រធាននាយករដ្ឋានកីឡាទេចរណ៍ និងសេវាកម្សាន្តនៃក្រសួងទេស ចរណ៍បានលើកឡើងថាព្រឹត្តិការណ៍នេះក៏ជាបំណងមួយរបស់ក្រសួងទេចរណ៍ ក៏ដូចជារាជរដ្ឋាភិបាល ដែលទាមទារឲ្យក្រុមហ៊ុនចូលរួមដើម្បីធ្វើយ៉ាងណាឲ្យសហការគ្នាដើម្បីជំរុញកំណើនអ្នកទេសចរជាតិ និងអន្តរជាតិមកទស្សនានៅក្នុងខេត្តមណ្ឌលគិរី ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ។ ជាមួយគ្នានោះលោក ពីជិត សិរីរិទ្ធ អនុប្រធាននាយកដ្ឋានជំរុញទេចរណ៍ក្នុងស្រុក បានលើកឡើងថាព្រឹត្តិការណ៍នេះ ក៏នឹងធ្វើឲ្យកម្ពុជាទទួលលំហូរទឹកប្រាក់ចូលជាតិផងដែរ ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងពេលដែលយើងជំរុញវិស័យទេសចរណ៍ក្នុងស្រុកបានទូលាយដោយផ្អែកលើគោលដៅទេចរណ៍នីមួយៗនោះផលិតផលទេចរណ៍ថ្មីៗក៏អាចកើតឡើងផងដែរ ។ ជាក់ស្តែងនោះខេត្តមណ្ឌលគិរី គឺជាខេត្តមួយលេចធ្លោក្នុងវិស័យអេកូទេចរណ៍ ក៏ដូចជាអាកាសធាតុល្អ» ។
លោកបន្ថែមថា ការជំរុញទេចរណ៍ក្នុងស្រុកក៏បានចូលរួមដល់វិស័យផលិតផលក្នុងស្រុកផងដែរ ដូចជាបង្កើនការងារដល់ប្រជាជនសហគមន៍ក្នុងការបង្កើតប្រាក់ចំណូ លសម្រាប់ផ្កត់ផ្គង់គ្រួសារផងដែរ ។ លោកបន្តថា៖ «ពួកគាត់នឹងបើកការងាររកស៊ីទៅតាមជំនាញរបស់គាត់ដើម្បីលក់ដូរឱ្យអ្នកទេចរជាងជាឲ្យគាត់ទៅធ្វើការងារផ្សេង ឬទៅធ្វើពលករចំណាកស្រុក ។ ពិសេសនោះយើងអាចទប់ស្កាត់បានវិបត្តិសេដ្ឋកិច្ចផ្សេងៗផង» ។
ក្នុងសន្និសីទនោះដែលកញ្ញា ឆរដ្ឋ ឆលាភី ស្ថាបនិក «រម្យនា ហ្វេសស្ទីវ៉ល» បានលើក ឡើងមូលហេតុដែលកញ្ញាបង្កើតព្រឹត្តិការណ៍ «រម្យនា ហ្វេសស្ទីវ៉ល» នេះឡើងដោយ សារនៅខេត្តមណ្ឌលគិរី មានអាកាសធាតុ និងទេសសភាពល្អ ដែលអាចទាកទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តនេះឲ្យបានច្រើន ។
កញ្ញាបន្តថា ព្រឹត្តិការណ៍នេះនឹងបង្កើតឡើងនៅកណ្តាលក្រុងសែមមនោរម្យ ជាព្រឹត្តិ ការណ៍ប្រើប្រាស់ដី ៥ហិកតា ក្នុងគោលបំណងផ្សព្វផ្សាយកំណប់ទ្រព្យរបស់ខេត្ត ដែលមានភ្នំ ទឹកជ្រោះ ទេសភាពដ៏ស្រស់បំព្រមនៃធម្មជាតិដែលជាអេកូទេចរណ៍ក្នុងខេត្ត ។ កញ្ញាក៏បានលើកឡើងថាព្រឹត្តិការណ៍នេះធ្វើការបង្ហាញផ្សព្វផ្សាយកន្លែងទេសចរណ៍នានាដែលអាចទាក់ទាញនាំឲ្យកើនឡើងសន្ទុះអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ។ ព្រឹត្តិការណ៍នេះជាស្នាក់ដៃកូនខ្មែរ នឹងធ្វើឲ្យភ្ញៀវទេចរថត និងផ្តិតរូបស្អាតផងដែរ ។
ជាមួយគ្នានោះដែរកញ្ញាក៏បានឲ្យដឹងដែរថាព្រឹត្តិការណ៍ «រម្យនា ហ្វេសស្ទីវ៉ល» គ្រោង នឹងធ្វើឡើង ៤ ដង គឺនៅក្នុងឱកាសបុណ្យអុំទូក ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែវិច្ឆិការខាងមុខនេះ លើកទី ២ ក្នុងពិធីបុណ្យណូអ៊ែល និងចូលឆ្នាំសកល និងទី ៣ និង ៤ នឹងធ្វើនៅក្នុងពិធីបុណ្យចូលឆ្នាំចិន និងបុណ្យចូលឆ្នាំខ្មែរ ។
កញ្ញាគូសបញ្ជាក់ថា៖ «ព្រឹត្តិការណ៍នឹងរៀបចំបែបសិល្បៈ និងភាពច្នែប្រឌិតខ្ពស់នៅក្នុងខេត្តដូចជាឫស្សី បច្ចេកវិទ្យាភ្លើងរៀបចំប្លែកៗ ។ លើសពីនេះមានកន្លែងទស្សនា ដូចជា ៖មានបណ្ណាល័យក្នុងព្រៃ កន្លែងហូបអាហារដែលបម្រើបែបច្នៃប្រឌិតខ្ពស់ ស្តង់ធ្វើដោយឫស្សី ជាដើម»។
ក្រៅពីនេះនឹងមានការរៀបចំកម្មវិធីផ្សេងៗគ្នាទៅតាមពេលវេលា និងថ្ងៃ ដូចជាការសម្តែងសិល្បៈពីបងប្អូនជនជាតិ កម្មវិធីដាល់អំបុក កម្មវិធីអកអំបុក និងសំពះព្រះខែ កម្មវិធីកីឡា ការថែរក្សាអប់រំផ្លូវចិត្ត និងការប្រគំតន្ត្រី ដែលមានរចនាបទបែបធម្មជាតិ ដោយមានការចូលរួមពីសិល្បៈករ ដែលជាអ្នកនិពន្ធចំម្រៀងផ្ទាល់ខ្លួនផងដែរ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ