ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិ​ក​កម្ពុជា ប្រាប់​ពី​ការ​ត្រៀមខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន អគ្គ លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា បាន​ថ្លែងប្រាប់​គ្រូបង្វឹក…

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន អគ្គ លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា បាន​ថ្លែងប្រាប់​គ្រូបង្វឹក និង​អគ្គលេខាធិការ​នៃ​សហព័ន្ធ​ជាតិ​ទាំង​៣០ ដែល​ត្រូវ​ចេញ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ថា ចាប់ពី​ពេល​នេះ​ទៅ​មិន​ត្រូវ​នៅ​ឆ្ងាយ​ពី​កីឡាករ​ឡើយ ។

នេះ​ជា​ដំណាក់កាល​ត្រៀម​ប្រកួត ហេតុនេះ​គ្រូបង្វឹក និង​អគ្គលេខាធិការ ត្រូវ តែ​នៅ​តាមដាន​ពី​គុណ​ផល​(Perfomance) សុខភាព ការ​ហ្វឹកហាត់​របស់​កីឡាករ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ។ ទាំង​គ្រូ ទាំង​អគ្គលេខាធិការ មិន​ត្រូវ​ចេញ​ទៅ​ក្រៅប្រទេស​ឡើយ លើកលែង តែ​មាន​ករណី​ពិសេស​ដូច​ជា​ដឹកនាំ​កីឡាករ កីឡា ការិនី​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស ។

ស៊ី​ហ្គេ​ម​លើក​នេះ កម្ពុជា​បញ្ជូន​កីឡា​ចំនួន​៣០​ប្រភេទ​ដែល​មាន​អត្ត​ព​លិ​ក​ជាង​៣០០​រូប ក្រៅពី​នោះ​មាន​មន្ត្រី​សម្របសម្រួល និង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣(Camsoc) ទៅ​ចូលរួម ដើម្បី​ពិនិត្យ​មើល​ការ​រៀបចំ និង​ស្រាវជ្រាវ​ពី​ការ​រៀបចំ​ស៊ី​ហ្គេ​ម​កន្លង​មក ។

លោក វ៉ា​ត់ ចំរើន បាន​បន្លុយ​ពាក្យ​ថា ស៊ី​ហ្គេ​ម​នៅ​ហ្វ៊ី​លី​ពី​ន​លើក​នេះ​ទំនងជា​មិនមែន​ជា​បទ​ពិសោធន៍​ល្អ​សម្រាប់​កម្ពុជា​ទេ ។ នៅ​សល់​រយៈពេល​៣​ខែ​ទៀត គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ហ្វ៊ី​លី​ពី​ន​នឹង​ប្ដូរ​មេដឹកនាំ ជា​ហេតុ​ធ្វើ ឲ្យ​ការងារ​មួយ​ចំនួន​នៅ​រាំងស្ទះ ដែល​សូ​ម្បី​តែ​ទីកន្លែង​ប្រកួត​ខ្លះ​នៅ​ធ្វើ​មិន​ទាន់​ហើយ​ផង ។

ស៊ី​ហ្គេ​ម​ឆ្នាំ​នេះ​គឺជា​ឆ្នាំ​យុទ្ធសាស្ត្រ ហេតុនេះ​ប្រសិនបើ​សហព័ន្ធ​ណា​រក​មេដាយ​មិន​បាន​ទេ គួរតែ​ពិនិត្យ​មើល​ខ្លួនឯង​ឡើង​វិញ តើ​គួរ​ចូល រួម​នៅ​ឆ្នាំ​២០២៣​ឬទេ ? បន្ទាប់​ពី​ប្រកួត​ចប់ នឹង​មានការ​វាយតម្លៃ​លើ​សីលធម៌​គ្រូបង្វឹក មន្ត្រី​ដឹកនាំ កីឡាករ វាយតម្លៃ​លើ​លទ្ធផល​។

អ្វី​ៗ គឺ​គណៈកម្មាធិការ​ជាតិ​បាន​រៀបចំ​រួចរាល់​អស់ហើយ សូ​ម្បី​ការ​ចេញដំណើរ សំបុត្រ​យន្ដ ហោះ ក៏​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាត់ចែង​រួចរាល់​ចប់​សព្វគ្រប់​ដែរ ។

នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ​អ្នក​ដែល​ត្រូវ​ចេញ​ទៅ​ស៊ី​ហ្គេ​ម ត្រូវ​បាន​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ជួប​សំណេះសំណាល​ជាមួយ បន្ទាប់​មក​នៅ​វេលា​ម៉ោង​៤​រសៀល សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជួប​សំណេះ​សំ​ណា​ល និង​ផ្ដល់​អនុសាសន៍ ។

លោក វ៉ា​ត់ ចំរើន បាន​ប្រាប់​ទៅ​គ្រូបង្វឹក និង​អគ្គលេខាធិការ​សហព័ន្ធ កុំ​ប្រញាប់ប្រញាល់ បញ្ចេញ​ព័ត៌មាន​ពី​រឿង​បាន​ទទួល​មេដាយ​ពេក​ប្រយ័ត្ន​ខ្មាស​គេ គឺ​ត្រូវ​រង់ចាំ​ការ​ប្រកាស​ពី​គណៈ
កម្ម​ការ​ស៊ី​ហ្គេ​ម​ជា​មុន​សិន ព្រោះ​គ្រប់​អ្នក​ដែល​បាន​មេដាយ​ត្រូវ​គេ​យក​ទៅ​ពិនិត្យ​រក​សារធាតុ​លើក​កម្លាំង​ដែល​ហាម​ប្រើ​ក្នុង​កីឡា​ជា​មុន​សិន​ទើប​មេដាយ​នោះ​ជា​មេដាយ​ផ្លូវការ ។

ចំពោះ​កីឡាករ​កីឡាការិនី​ដែល​ជា​កូន​ខ្មែរ នៅ​បរទេស ត្រូវ​ប្រញាប់ប្រញាល់​ធ្វើ​លិខិត​ឆ្លង ដែន​សញ្ជាតិ​កម្ពុជា ។ ចំពោះ​គ្រូបង្វឹក​បរទេស​ដែល​មក​ពី​បណ្ដា​ប្រទេស​ស្ថិត​ក្នុង​បញ្ជីខ្មៅ ត្រូវ​ប្រញាប់​ប្រញាល់​ធ្វើ​ទិដ្ឋាការ​ដល់​ពួក​គាត់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ