ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ធម្មជាតិ​«​ពពុះ​ពេជ្រ​ចិន្តា​»​ត្រូវ​បាន​ស្ងាត់ឈឹង (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​ពពុះ​ពេជ្រ​ចិន្តា ឬ​ជ្រោះ​ពេជ្រ​ចិន្តា​» គឺជា​ឈ្មោះ «​រមណី​ដ្ឋា​ន​ធម្មជាតិ​» ដ៏​ស្រស់បំព្រង​មួយ​កន្លែង​ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ និង​ល្បីល្បាញ​បំផុត​នៅ​ចន្លោះ​ទស​វត្ស​ឆ្នាំ​៦០ ដល់​ទស​វត្ស​ឆ្នាំ​៩០ តែ​បច្ចុប្បន្ន​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​មួយ​នេះ​ហាក់​បាន​បាត់​ស្ងាត់ឈឹង​នៅ​ក្នុង​ដីចំការ​របស់​ក្រុមហ៊ុន​ឯកជន​មួយ…

ខេត្តបាត់ដំបង ៖ «​ពពុះ​ពេជ្រ​ចិន្តា ឬ​ជ្រោះ​ពេជ្រ​ចិន្តា​» គឺជា​ឈ្មោះ «​រមណី​ដ្ឋា​ន​ធម្មជាតិ​» ដ៏​ស្រស់បំព្រង​មួយ​កន្លែង​ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ និង​ល្បីល្បាញ​បំផុត​នៅ​ចន្លោះ​ទស​វត្ស​ឆ្នាំ​៦០ ដល់​ទស​វត្ស​ឆ្នាំ​៩០ តែ​បច្ចុប្បន្ន​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​មួយ​នេះ​ហាក់​បាន​បាត់​ស្ងាត់ឈឹង​នៅ​ក្នុង​ដីចំការ​របស់​ក្រុមហ៊ុន​ឯកជន​មួយ បើ​ទោះជា​ម្ចាស់​ចំការ​នេះ​បាន​ប្រឹងប្រែង​កែ​ឆ្នៃ​ឲ្យ​មាន​សោភ័ណ​ភាព​ក្ដី ក៏​មិន​អាច​ទាក់ទាញ​ភ្នែក​ភ្ញៀវ​ទេសចរ​ឲ្យ​ចាប់អារម្មណ៍​ដូច កាលពី​សម័យ​ដើម​ដែរ ។

រមណី​ដ្ឋា​ន​«​ពពុះ​ពេជ្រ​ចិន្តា ឬ ជ្រោះ​ពេជ្រ​ចិ​ត្តា​» ដ៏​ល្បី​មួយ​នេះ​ស្ថិត​នៅ​តាម​ដងស្ទឹង​សង្កែ នៅ​ក្នុងភូមិ​ជា​មន្ត្រី ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល​។ ភ្ញៀវ​ទេសចរ​ដែល​ចង់ទៅ​ទស្សនា ឬ​ចង់​ហែល​ទឹក​ដ៏​សែន​ត្រជាក់​នៅ​រមណី​ដ្ឋា​ន​នេះ​អាច​ធ្វើ​ដំណើរ​ដោយ​យានយន្ត​តាម​ផ្លូវជាតិ​លេខ​៥៧ ដែល​មាន​ចម្ងាយ​ពី​ទីរួមខេត្ត​បាត់ដំបង ប្រមាណ​ជាង​៤៥​គ​.​ម យើង​នឹង​បានឃើញ​ស្លាក​សញ្ញា​បង្ហាញផ្លូវ​រមណី​ដ្ឋា​ន «​ពពុះ​ពេជ្រ​ចិន្តា​»​នេះ​នៅ​ភូមិ​ជា​មន្ត្រី ។ ប៉ុន្តែ​យើង​នឹង​ត្រូវ​បន្តដំណើរ​ចុះ​តាម​ដងផ្លូវ​លំ​តូច​មួយ នៅ​ខាងឆ្វេង​ដៃ​ដែល​មាន​ចម្ងាយ​ប្រហែល​២​គ​.​ម ទៀត ទើប​ទៅ​ដល់​រមណី​ដ្ឋា​ន​នោះ ។

នៅ​តាម​ដងផ្លូវ​ចូល​ទៅ​កាន់​រមណី​ដ្ឋា​ន​មួយ​នេះ ហាក់​មាន​សភាព​ស្ងាត់ជ្រងំ ។ គេ​ឃើញ​មាន​តែព្រៃ​ដុះ​ទ្រប់​ទ្រុល និង​ដំណាំ​ហូប​ផ្លែ​បន្តិចបន្តួច​ជាមួយ និង​លំនៅ​ឋាន​ពលរដ្ឋ​ប៉ុន្មាន​ខ្នង​ប៉ុណ្ណោះ ដែល​សាងសង់​រកេតរកូត​អម​សងខាង​ផ្លូវលំ​ដ៏​តូច​ចង្អៀត​នេះ ។ យូរ​ៗ​ម្ដង​ទើប​គេ​ប្រទះ​អ្នកដំណើរ​ឆ្លងកាត់​ទីនោះ តែ​ពួក​គេ​មិនមែន​ជា​ភ្ញៀវ​ទេសចរ​ទេ ។ នេះ​បើ​តាម​អ្នក​ភូមិ​នៅ​ទីនោះ​បាន​និយាយ​ប្រាប់ ។

អ្នក​ភូមិ​និយាយ​ថា រមណី​ដ្ឋា​ន​«​ពពុះ​ពេជ្រ​ចិន្តា​» ត្រូវ​បាន​អ្នកគ្រប់គ្រង​បិទទ្វារ​ច្រើន​ឆ្នាំ​ហើយ តែ​យ៉ាងណា​យូរ​ៗ​ម្ដង​គេ​ឃើញ​មាន​មនុស្ស​តិចតួច​បំផុត​ចូល​ទៅ​លេង​ទៅ​នោះ ។ បើ​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា កាលពីដើម​ឡើយ​តំបន់​ទេសចរណ៍ធម្មជាតិ​ដែល​មាន​ប្រវត្តិ​យូរលង់​មួយ​នេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ ហើយ​បាន​បើក​ជា​សាធារណៈ​ឲ្យ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​ចូល​ទៅ​លេង​កម្សាន្ត ។ ប៉ុន្តែ​បច្ចុប្បន្ន​រមណី​ដ្ឋា​ន​មួយ​នេះ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ដីចំការ​របស់​ក្រុមហ៊ុន​ឯកជន​មួយ​អស់​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដែល​មាន​ម្ចាស់​ឈ្មោះ ឃួ​ន គី​ន អាយុ​៥៩​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ។

មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាន​កាន់កាប់​ក្រុមហ៊ុន​នេះ​បាន​ប្រឹងប្រែង​កែ​ច្នៃ​លំអ ដោយ​មាន​សង់​តូប​សម្រាប់​ភ្ញៀវ​អង្គុយ​លេង សង់​រូបចម្លាក់​សត្វ​នានា​ដាក់​លំអ​សួនច្បារ រួម​ទាំង​ដាំ​ដំណាំ​យុទ្ធសាស្ត្រ​នានា​ផង ដើម្បី​ឲ្យ​មាន​សោភ័ណ​ភាព​នៅ​ប្រប​មាត់​ស្ទឹង​នៃ​កន្លែង​រមណី​ដ្ឋា​ន​នេះ ។ ប៉ុន្តែ​គម្រោង​នេះ ហាក់​ទ​ទូល​បាន​ផ្លែផ្កា​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ស្រាប់តែ​ដួល​រលំ​ស្ងាត់ឈឹង​ទៅ​វិញ ភ្លាម​រំពេច​រហូត​ដល់​សព្វថ្ងៃ ហើយ​ថៅកែ​ក៏​សម្រេច​បិទទ្វារ​ទេសចរណ៍​តែ​ម្ដង ។

តាម​ការ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្ដែង នៃ​តំបន់​រមណី​ដ្ឋា​ន​នៅ​ពេល​នេះ មើលទៅ​ហាក់​ស្រ​ងួ​ត​ស្រងាត់​គួរ​ឲ្យ​អនិច្ចារ​បំផុត ក្នុង​ស្ថានភាព​ស្ងាត់ជ្រងំ ដែល​មិន​សាក​សម​នឹង​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង កាលពី​អំឡុង​សម័យ​សង្គមរាស្ត្រនិយម និង តាម​រយៈ​សំនៀង​ដ៏​ក្រអួន​ក្រអៅ​របស់​អ្នក​នាង​រស់ សេរី​សុទ្ធា ទាល់តែ​សោះ ។ គេ​ឃើញ​មាន​តែ​សំណល់​ទីតាំង និង​រូបចម្លាក់​សត្វព្រៃ​គ្មាន​វិញ្ញាណ ឈរ​ព្រោងព្រាត​បង្ហាញ​រាង​នៅ​លើ​វាលស្មៅ​ខៀវស្រងាត់​លាយឡំ​នឹង​សំឡេង​ទឹក​ហូរ​ដ៏​គគ្រាំ​ល្វើយ​ៗ​លើ​ផ្ទាំង​ថ្មដា​នៅ​ក្នុង​ស្ទឹង​នៃ​ពពុះ​ពេជ្រ​ចិន្តា ដែល​បាត់​ម្ចាស់​ការ​អស់​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​។

បើ​តាម​ប្រវត្តិ ដែល​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ «​ផែនការ​អភិវឌ្ឍ​ន៏ និង​ការ​ការពារ​តំបន់​ទេសចរណ៍​សំខាន់​ៗ នៅ​ក្នុង​ខេត្តបាត់ដំបង​» ដែល​បោះពុម្ព​ដោយ​អាជ្ញាធរ​នៃ​ខេត្ត​នេះ កាលពី​ឆ្នាំ​២០០៨ កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា រមណី​ដ្ឋា​ន «​ពពុះ​ពេជ្រ​ចិន្តា​» នេះ គឺជា​រមណី​ដ្ឋា​ន​ធម្មជាតិ​ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ ។ នៅ​ក្នុង​ទស​វត្ស​ឆ្នាំ​៦០ មាន​បទ​ចម្រៀង​ជា​ច្រើន​បទ ដែល​បាន​និពន្ធ​ឡើង​ទាក់ទង​នឹង​ពពុះ​ពេជ្រ​ចិន្តា ។ ប៉ុន្តែ​បច្ចុប្បន្ន​«​ពពុះ​ពេជ្រ​ចិន្តា​»​នេះ​ជា​រមណី​ដ្ឋា​ន​«​កែ​ច្នៃ​» ដែល​អាជ្ញាធរ​អះអាង​ថា កែ​លំអ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ថែម​ទៀត សម្រាប់​ការ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ ។

នៅ​ក្នុង​ទស​វត្ស​ឆ្នាំ​៦០ គេ​មិនដឹង​ថា «​ពពុះ​ពេជ្រ​ចិន្តា​» នេះ​គឺជា​ឈ្មោះ​ជាក់លាក់​នៃ​រមណី​ដ្ឋា​ន​ធម្មជាតិ​ដ៏​ចំណាស់​មួយ​នេះ ឬ​បែប​ណា​នោះ​ទេ ។ ប៉ុន្តែ​បើ​យោង​ល​ខ្លឹមសារ​នៃ​បទ​ចម្រៀង ដែល​ពិព័រណ៍​នា​ដោយ​អ្នកនិពន្ធ​ជើង​ចាស់ «​កវី​ម្ចាស់​ស្ទឹង​សង្កែ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​» បាន​ដាក់​ឈ្មោះ​រមណី​ដ្ឋា​ន​ធម្មជាតិ​នេះ ក្នុង​សម័យ​នោះ​ថា «​ជ្រោះ​ពេជ្រ​ចិន្តា​» ។

លោក​ឃួ​ន គឿ​ន ដែល​បច្ចុប្បន្ន​ក្រុម​គ្រួសារ​របស់​លោក​ជា​អ្នក​មើលថែ​ទាំ​ដំណាំ និង​តំបន់​ទេសចរណ៍​នោះ​ជំនួស​ម្ចាស់​កម្ម​សិទ្ធ​បាន​និយាយ​ថា «​ខ្ញុំ និង​ក្រុម​គ្រួសារ ទើបតែ​មក​មើលថែ​ទាំ​កន្លែង​នេះ​បាន​ប្រហែល​៣​ខែ​ប៉ុណ្ណោះ ។ ដីចំការ និង​រមណី​ដ្ឋា​ន​នេះ​គ្រប់គ្រង​ដោយ​បងប្រុស ខ្ញុំ​ឈ្មោះ​ឃួ​ន គី​ន ដែល​នៅ​ភ្នំពេញ ។ រីឯ​រមណី​ដ្ឋា​ន​វិញ បើ​តាម​ខ្ញុំ​ដឹង​គាត់​បាន​ផ្អាក​ដំណើរការ​ប្រហែល​២​ទៅ​៣​ឆ្នាំ​ហើយ តែ​នៅ​មាន​ភ្ញៀវ​មក​លេង ម្ដងម្កាល​ខ្លះ​ៗ​ដែរ ។ ប៉ុន្តែ​ខ្ញុំ​ឮ​បង​ខ្ញុំ​ប្រាប់​ថា នឹង​បើក​ដំណើរការ​វិញ​នា​ពេល​ខាង​មុខ​នេះ​រៀបចំ​ធំដុំ ហើយ​ស្អាត​ជាង​មុន​» ។ អត្ថបទនេះនឹងមានផ្សាយជូនភាគបន្តទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ