រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈពេលជនរងគ្រោះទាំង២នាក់កំពុងជិះម៉ូតូមួយគ្រឿងត្រូវរថយន្តកុងតឺន័របើកបត់ឆ្លងផ្លូវជ្រុកបុកនិងកិន ។ បន្ទាប់ពីកើតហេតុ រថយន្តកុងតឺន័របើកគេចបាត់ស្រមោល។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្ពានដែកចំការដូង តាមបណ្តោយផ្លូវ២១៧កែងនឹងផ្លូវ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ជនរងគ្រោះម្នាក់ដែលស្លាប់ និងជនរងគ្រោះម្នាក់ទៀតដែលរងរបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ចាម ១D-២៣១២។ ចំណែកភាគីខាងរថយន្តកុងតឺន័រមួយគ្រឿងខាងលើមិនស្គាល់ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកគេចបាត់ស្រមោល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងទៅផ្លូវ៣៧១ ស្រាប់តែជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ដែលជិះដោយបុរស២នាក់ខាងលើ កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងពេញទំហឹង រួចកិនបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗផងដែរ ។ រីឯរថយន្តកុងតឺមិនបានឈប់ទទួលខុសត្រូវនោះទេ បន្ទាប់ពីបង្កហេតុរួចក៏បានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំប្រគល់ជូនសាច់ញាតិវិញ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តសំបួរមាសរង់ចាំធ្វើការស្រាវជ្រាវរកសាច់ញាតិដើម្បីឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ