ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៥

4 ឆ្នាំ មុន

តាម​ការ​អញ្ជើញ​របស់ លោក ប្រា យុ​ទ្ឋ ច័ន្ទ​អូ​ចា (Prayut Chan–o-cha) នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ…

តាម​ការ​អញ្ជើញ​របស់ លោក ប្រា យុ​ទ្ឋ ច័ន្ទ​អូ​ចា (Prayut Chan–o-cha) នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ «​ជំរុញ​ភាព​ជា​ដៃគូ​សម្រាប់​ចីរភាព​» នៅ​ទីក្រុង​បាងកក ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល ដូច​ខាងក្រោម ៖

កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៥, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២២, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា លើក​ទី​១៦, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ លើក​ទី​១០, កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី លើក​ទី​២២, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​៧, កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​១៤, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២២ និងកិច្ចប្រជុំ​កំពូល​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ លើក​ទី​៣​ ។

អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី រួម​មាន ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហ​ប្រ​តិ ប​ត្តិ​ការ​អន្តរជាតិ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ឯកឧត្តម​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​អប់រំ យុវជន និង​កីឡា ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ​ធុរកិច្ច នៃ សភាពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ​។

ស្រប​ពេល កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម ក្នុង​កិច្ចប្រជុំ និង​កម្មវិធី​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ខាងក្រោម ៖

ជំនួប​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន​បូក​បី និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ី​បូព៌ា, អាហារ​ថ្ងៃត្រង់​ពិសេស ស្តី​ពី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និងកិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១១ (​អាហារ​ការងារ​ពេល​ល្ងាច​)​ ។

ក្នុងអំឡុងពេល​ស្នាក់​នៅ​ទីក្រុង​បាងកក សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី គ្រោង​នឹង​មាន​ជំនួប​ទ្វេភាគី ជាមួយ​ថ្នាក់ដឹកនាំ និង​ឥស្សរជន​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ​សន្ទនា​អាស៊ាន ផង​ដែរ​។ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​អាហារ​ការងារ​ពេល​ព្រឹក​ជាមួយ​លោក ង្វៀ​ន សួន​ហ៊ុ​ក នាយក​រដ្ឋមន្ត្រី វៀតណាម និង​លោក​ថង​លូន ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋមន្ត្រី​ឡាវ​។

ក្នុង​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ លោក​ឧ​ប នាយក​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន លើក​ទី​២០ កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​២៤ និង​ពិធី​ចុះហត្ថលេខា​លើ​លិខិតុបករណ៍​នៃ​ការ​ចូល​ជា​ភាគីនៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ (TAC) ដោយ​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​ប្រទេស​បា​រ៉ែ​ន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ