អ្នកមានទ្រព្យសម្បត្តិមួយចំនួនមានថ្ងៃនេះព្រោះពួកគេជាមនុស្សដែលចេះទុកដាក់លុយ និងឆ្លាតវៃក្នុងការវិនិយោគ។ ប៉ុន្តែសម្រាប់មហាសេដ្ឋីមួយចំនួនទៀត ការចាយវាយលើរបស់ដែលពួកគេមិនត្រូវការគឺជាកត្តាដែលជៀសមិនបាន។ មិនថាវាជាអ្វីដែលមានតម្លៃខ្ពស់លើសលប់ ឬអ្វីដែលចម្លែកៗទេ ការចាយវាយលើរបស់ទាំងនេះនៅតែគួរឲ្យចាប់អារម្មណ៍។ខាងក្រោមនេះ គឺជារបស់ចម្លែកៗដែលមហាសេដ្ឋីចាយលុយលើ ៖
១. ត្រីឆ្លាមងាប់
អ្នកមានទ្រព្យសម្បត្តិជាច្រើនស្រលាញ់និងចូលចិត្តត្រីឆ្លាមដែលធ្វើឲ្យពួកគេចាយវាយលុយលើការបង្កើតអាងត្រីឆ្លាមជាដើម។ ប៉ុន្តែបើធៀបនឹងលោក ស្ទីវ ខូហេន (Steve Cohen) វិញ វាគ្មានអ្វីអស្ចារ្យទេ ព្រោះលោកបានទិញត្រីឆ្លាមងាប់ដែលត្រូវបានត្រាំដោយអាល់កុល និងជាតិគីមី Formaldehye នៅឆ្នាំ ២០០៤។ មកដល់ពេលនេះ វាមានតម្លៃប្រមាណពី៨ ទៅ១២លានដុល្លារឯណោះ។
២. កោះ
សម្រាប់មហាសេដ្ឋីខ្លះ ការរស់នៅវីឡា ឬខុនដូគឺមិនគ្រាប់គ្រាន់ទេ។ ដោយហេតុដូចនេះទើបមហាសេដ្ឋីដូចលោក ឡារី អេឡីសាន់ (Larry Ellison) ទិញហោះមួយក្នុងតម្លៃ ៣០០លានដុល្លារនៅឆ្នាំ ២០១២។ កោះនេះមានទំហំប្រមាណ ៣៦០០ហិចតា និងមានមនុស្សរស់នៅប្រមាណ៣,២០០នាក់។
៣. រាជវាំងលើអាកាស
សមាជិកក្រុមគ្រួសាររាជានៅប្រទេសអារ៉ាប៊ីសាអូឌីតតែងតែល្បីក្នុងផ្នែកចាយវាយ និងរស់នៅជីវិតសម្បូរបែប ដូចជាព្រះរាជ្យបុត្រ អាល់វ៉ាវីដ ប៊ីន តាឡា (Alwaleed bin Talal) ជាដើមដែលមានយន្តហោះ Boeing មួយតម្លៃ ២២០លានដុល្លារ។ នៅឆ្នាំ ២០០៧ ទ្រង់បានទិញយន្តហោះមួយទៀតក្នុងតម្លៃ ៣១៩លានដុល្លារ និងចំណាយថវិកាបន្ថែមដើម្បីកែវាឲ្យមានកន្លែងសម្រាប់សេះ និងរថយន្ត Rolls Royce របស់ទ្រង់។
៤. សៀវភៅសរសេររបស់អ្នកប្រាជ្ញ
លោកប៊ីល ហ្គេតស៍ (Bill Gates) និងអ្នកប្រាជ្ញ លីអូដាណូ ដាវីនស៊ី (Leonardo da Vinci) សុទ្ធតែជាអ្នកពូកែផ្នែកគណិតវិទ្យាដែលបានផ្លាស់ប្តូរប្រវត្តិសាស្ត្រ។ ដោយហេតុដូចនេះទើបលោកហ្គេតស៍បានចំណាយ ៣០.៨លានដុល្លារដើម្បីទិញសៀវភៅសរសេរដៃ Codex Leicester របស់លោកដាវីនស៊ី ដែលបានចងក្រងឡើងនៅដើមសតវត្សទី ១៦ ស្តីពីគំនិតសម្រាប់ការបង្កើតថ្មីនាថ្ងៃអនាគត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ