ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធ ឆាយ​រិ​ទ្ធី និង ឆៃ សា​រ៉ា ប៉ះ​សុទ្ធតែ​កីឡា​ករ​ថៃ​ខ្លាំង​ៗ​លើ​សង្វៀន​អន្តរជាតិ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ការ​ប្រកួត​ជា លក្ខណៈ​អន្តរជាតិ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​មុន​នោះ សម្រាប់​ការ​ប្រកួត​នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សង្វៀន​អន្តរជាតិ​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ដែរ…

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ការ​ប្រកួត​ជា លក្ខណៈ​អន្តរជាតិ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​មុន​នោះ សម្រាប់​ការ​ប្រកួត​នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សង្វៀន​អន្តរជាតិ​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ដែរ ដោយ​មាន​វត្តមាន​កីឡាករ​កម្ពុជា​និង​កីឡាករ​ថៃ​សរុប​ចំនួន​៤​រូប​ប៉ះ​គ្នា ។

កីឡាករ​ម្ចាស់ផ្ទះ​២​រូប​គឺ ពុទ្ធ ឆាយ​រិ​ទ្ធី ដែល​ជា​កីឡាករ​ល្បីឈ្មោះ​ជើង​ចាស់ និង ឆៃ សា​រ៉ា ដែល​ជា​កីឡាករ​ឡើង​កូដ​មួយ​រូប រង់ចាំ​ស្វាគម​ន៍​កីឡាករ​ថៃ​ចំនួន​២​រូប​មក​ពី​ប្រទេស​ថៃ​។ ការ​ប្រកួត​២​គូ​នេះ ត្រូវ​បាន​មហាជន​ផ្ដោត​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​ទាំង​កីឡា​ករ​កម្ពុជា​និង​ថៃ សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​ដូច​គ្នា ។

កីឡាករ​កម្ពុជា​ទាំង​២​រូប ដែល​គេ​ស្គាល់​ថា​សុទ្ធតែ​ជា​ជើង​ខ្លាំង​គឺ ពុទ្ធ ឆាយ​រិ​ទ្ធី ដែល​ល្អ​ខាង​ប្រើ​កណ្ដាប់ដៃ​អម​ដោយ​បច្ចេកទេស និង​ជើង​ខ្លាំង​កំពុង​ឡើង​កូដ ឆៃ សា​រ៉ា នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​២​រូប​នៅ​សង្វៀន​អន្តរជាតិ​នា​ល្ងាច​ថ្ងៃ​ទី​៣ ខែវិច្ឆិកា​នោះ ។ ពួក​គេ​ម្នាក់​ៗ​នឹង​ឡើង​ប្រកួត​ស៊ី​សាច់​ហុតឈាម​ជាមួយ​កីឡាករ​ថៃ តែ​ក្នុង​លក្ខណៈ​មិត្តភាព​ដើម្បី​បង្ហាញ​កម្លាំង ។

អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប ទាំង​កម្ពុជា​និង​ថៃ សុទ្ធតែ​បាន​ត្រៀម ខ្លួន ហើយ​មានការ​រំពឹង​ថា​នឹង​ល្អមើល​សម្រាប់​ការ​ប៉ះ​គ្នា​នេះ ។ កីឡាករ​កម្ពុជា​ទាំង​២​រូប បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​ច្បាស់លាស់​ខ្លាំង​ណាស់ ទើប​ឈាន​ដល់​ការ​ផ្គូផ្គង​ឲ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ ដើម្បី​សាកល្បង​សមត្ថភាព​គ្នា ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថ្លែង​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​២​រូប​ដែល​មាន​ឈ្មោះ​ឡើង​ប្រកួត​ជា​មិត្តភាព​អន្តរជាតិ​ក្នុង​ព្រឹត្តិ ការណ៍​ប្រដាល់​នោះ ពុទ្ធ ឆាយ​រិ​ទ្ធី គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប៉ះ​គ្នា
ដោយសារ​តែ​គេ​ទើប​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​ថៃ​មួយ​ចំនួន​មក​ពី​ប្រទេស​ថៃ ។ បើ​ទោះជា​គេ​ត្រូវ
ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​សម្រាប់​ការ​ប្រកួត​លើក​នេះ តែ​ម្នាក់​ៗ​នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​សមត្ថ​ភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ភាគច្រើន ។

ពុទ្ធ ឆាយ​ឫ​ទ្ធី ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ភេ​ត អ៊ូ​ប៊ុ​ន ក្នុង​នាម​ជា​គូ​ឯក​សម្រាប់​ប្រដាល់​អន្តរ​ជាតិ​នៅ​រសៀល​ថ្ងៃអាទិត្យ​នោះ ដោយ​ភាគី​ម្ខាង​ៗ​ពិតជា​ចង់​ឈ្នះ​ជា​ដាច់ខាត ដែល​អ្នក​ណា​ឈ្នះ​ក្រៅពី​បាន​មុខមាត់ និង​ប្រាក់​តម្លៃ​ខ្លួន​ក្នុង​នាម​ជា​អ្នក​ឈ្នះ​ខ្ពស់​ជាង​ហើយ ក៏​បាន​ទទួល​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ជាង​មុន​ទៀត ។ ប៉ុន្តែ​បើ​ការ​ប្រកួត​នេះ បែរជា​ចាញ់​ព្រោះតែ​ប្រកួត​មិន​បាន​ល្អ​វិញ មិន​ខុស​ពី​ត្រូវ​បាក់មុខ និង​រង​ការ​រិះគន់​ពី​អ្នកគាំទ្រ​នោះ​ទេ ។

លោក​ជឿជាក់​ថា កីឡាករ​កម្ពុជា​រូប​នេះ​នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ស្នៀត​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់ ដែល​គេ​ធ្លាប់​បញ្ចេញ​នា​ពេល​កន្លង​មក ។ អ៊ី​ចឹ​ង​ហើយ​ទើប​លោក​យល់​ថា​ជំនួប​រវាង​ជើង​ខ្លាំង ពុទ្ធ ឆាយ​រិ​ទ្ធី ជាមួយ​កីឡា ករ​ថៃ នឹង​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ដោយសារ​ភាគី​ខាង​ណា​ក៏​មិន​ចង់​បាក់មុខ​ដែរ ។

យោង​តាម​ប្រវត្តិ​ប្រកួត គឺ ពុទ្ធ ឆាយ​ឫ​ទ្ធី ធ្លាប់​ប្រកួត​បាន​១២៤​លើក ឈ្នះ​៩៥​លើក ចាញ់​២៧​លើក និង​ស្មើ​២​លើក ។ ឯ​កីឡាករ​ថៃ ភេ​ត អូ​៊​ប៊ុ​ន ធ្លាប់​ប្រកួត​បាន​៦៩​លើក ឈ្នះ​៥៦​លើក ចាញ់​១៣​លើក តែ​គេ​ខ្លាំង​នា​ពេល​ចុង​ក្រោយ​នេះ ខណៈ​ដែល​កីឡាករ​កម្ពុជា​ធ្លាក់ដៃ ។

ចំណែក​កីឡាករ​ជើង​ខ្លាំង​កម្ពុ​ជាមួយ​រូប​ទៀត​គឺ ឆៃ សា​រ៉ា ដែល​អ្នក​ស្នេហា​កីឡាប្រដាល់​ស្គាល់​ថា​ជា​កីឡាករ​មាន​សមត្ថភាព​មួយ​រូប និង​ជា​ម្ចាស់​ខ្សែក្រវាត់​ផង ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង​ឲ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ រ៉ុ​ង ផា​ណា ក្នុង​នាម​ជា​គូ​រង​ឯក ។ ការ​ប្រកួត​របស់​ពួក​គេ នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​ទេ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​រូប​នេះ នៅ​តែ​មាន​ក្រេ​ឌី​ត តែ​ពិបាក​ទុកចិត្ត​ពី​ភាព​ខ្លាំង​១០០​ភាគ​រយ ដោយសារ​កីឡាករ​ថៃ​ក៏​មិនធម្មតា ។ លោក​យល់​ថា កីឡាករ​ថៃ​ជា​ដៃគូ​ខ្លាំង​ម្នាក់ តែ​គេ​ក៏​មិន​ទាន់​ប្រាកដ​ដូច​គ្នា​ថា នឹង​ទទួល​បាន​ជ័យ​ជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា នោះ​ដែរ ដោយសារ​តែ​បទ​ពិសោធន៍​ប្រហាក់ ប្រហែល​គ្នា ។

កីឡាករ​កម្ពុជា ឆៃ សា​រ៉ា ធ្លាប់​ប្រកួត​ផ្លូវការ​បាន​១០១​លើក ឈ្នះ​៨១​លើក ចាញ់​១៨​លើក ស្មើ​២​លើក ឯ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៧១​លើក ឈ្នះ​៥៧​លើក ចាញ់​១៤​លើក មិន​ធ្លាប់​ស្មើ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ