រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតកីឡា ប្រដាល់«កម្ពុជា សង្វៀនគុនខ្មែរ» នៅសង្វៀនស្ថានីយទូរទស្សន៍ស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២ ខែ វិច្ឆិកា គឺឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។ ក្នុងចំណោមកីឡាករកម្ពុជាចំនួន៤ រូបមាន៣រូបបានធ្លាក់ចេញពីវគ្គប្រកួតជម្រុះ គឺ
នៅសល់តែបេក្ខភាព ធន់ ចាន់តាក់ ម្នាក់គត់មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដែល ជាក្ដីរំពឹងតំណាងឱ្យកម្ពុជាឡើងទៅដល់វគ្គប្រ កួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
ទោះជាយ៉ាងណា កីឡាករ ធន់ ចាន់តាក់ ដែលឡើងទៅដល់វគ្គនេះ គេត្រូវប៉ះជាមួយកីឡាករជើងខ្លាំងរបស់ថៃ ដែលមានអាយុ៤០ឆ្នាំ ទៅហើយ គឺ នុម ស្ទីក ស.រ៉ូតឆៃ ។ ម្យ៉ាងវិញ ទៀត បើតាមពីគណៈកម្មការរៀបចំការប្រកួតគឺគេទាំងពីរមិនដែលជួបប្រកួតគ្នាទេពីមុនមក។
កីឡាករថៃម្នាក់នេះ ធ្លាប់ឈានជើងចូលមកប្រកួតនៅលើសង្វៀនស្រុកខ្មែរយូរឆ្នាំមកហើយ ហើយថែមទាំងធ្លាប់បានយកឈ្នះកីឡាករជើងខ្លាំងខ្មែរមិនតិចនាក់រួចមកហើយដែរ ។ ដូច្នេះលើកនេះ ធន់ ចាន់តាក់ ត្រូវរ៉ាប់រងការងារធ្ងន់បន្តិចហើយ ។ លើកនេះ អ្នកគាំទ្រខ្មែរយើងត្រូវពឹងវាសនាលើ ធន់ ចាន់តាក់ ហើយ សង្ឃឹមថាគេនឹងអាចឆ្លងផុតដោយជោគជ័យ។
ការប្រកួតមួយគូទៀតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរ ជាការជួបគ្នារវាងកីឡាករថៃដូចគ្នា គឺកីឡាករ ភេតណងបី គាតបានឌីតយីម ប្រកួតជាមួយ ស៊ីងថង ស៊ីតកាំណាន់ប្រាសឹត។
ចំណែកគូប្រកួតមិត្តភាពអន្តរជាតិវិញ កីឡា ករជើងខ្លាំង ឡៅ ចន្ទ្រា មកពីក្លិបកងទ័ពពិសេស
ឆត្រយោង៩១១ ត្រូវជួបប្រកួតជាមួយកីឡាករថៃ កងមឿងឆាង ស័ក្តិឆ័យយុង ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ប្រកួតជាមួយ រ៉ែន រាជ មក ពីក្លិបអង្គរមានជ័យខេត្តសៀមរាប ។
កម្មវិធីនាថ្ងៃសៅរ៍នេះដែរ វេលាម៉ោង២រសៀល គឺមានការប្រកួតជាលក្ខណៈដណ្ដើមប្រាក់លានអន្តរជាតិពីក្រុមហ៊ុនខារ៉ាបាវចំនួន២គូ និងគូប្រកួតមិត្តភាពចំនួន៣គូទៀត ។ គូប្រកួតដណ្ដើមប្រាក់លានមាន កីឡាករ ខាំ ខ្លានាង មកពី ក្លិបរ៉ាហាប់ស្វាយប៉ាក ប្រកួតជាមួយកីឡាករថៃ ដាំងកាន់វ៉ាន ពៀកខាឃែរ៍ ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ កីឡាករ កូយ ឡាយ មក ពីក្លិបកងទ័ពពិសេសឆត្រយោង៩១១ ប្រកួតជា មួយកីឡាករថៃ រិទ្ធអៃយ៉ារ៉ា ត.សិលាឆ័យ ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម ។
រីឯគូប្រកួតមិត្តភាពវិញ ទេស សំខាន់ មកពី ក្លិបកងពលតូចលេខ៧០ ប្រកួតជាមួយកីឡាករ នន់ ជំនិត មកពីសមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ ។ សូរ ចាន់រាជ មកពីក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយកីឡាករ ឡុក ប៊ុនសំណា មកពីសមាគមកីឡាប្រដាល់ក្រសួង ការពារជាតិ ។ កីឡាករ ជ័យ គឹមសុង មកពីក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយ ពេជ្រ វិចិត្រ មកពីក្លិបចលនាយុវជន១៥៧ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ