ម្ចាស់ជ័យលាភីសំឡេងឯកនៃការប្រឡងចម្រៀងខ្មែរជាសាកលលើកទី៥ ឆ្នាំ ២០១៩ ផ្នែកនារី កញ្ញា វង្ស ម៉ាលីន កំពុងតែទទួលបានប្រជាប្រិយភាព ហើយដោយសារមានសំឡេងពីរោះរណ្តំស្រដៀង រស់ សេរីសុទ្ធា ។ កញ្ញាបានធ្វើឲ្យគេចាប់អារម្មណ៍បន្ថែមទៀតនៅពេលគេឃើញនាងចូលជួបសំណេះសំណាលជាមួយលោកជំទាវ ម៉ែន សំអន ។
កញ្ញា វង្ស ម៉ាលីន បានចូលជួបផ្ទាល់ជាមួយលោកជំទាវ ម៉ែន សំអន កាលពីព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ ដោយក្នុងនោះក៏មានវត្តមានតារាសម្តែងជើងចាស់លោក យស បូវណ្ណៈ ផងដែរ ។
ម៉ាលីន បានឲ្យដឹងថា នាងពិតជារំភើប និងមានកិត្តិយសបំផុតដែលបានថ្នាក់ដឹកនាំណាត់ជួបសំណេះសំណាល ។ កញ្ញាបន្តថា លោកជំទាវចង់ឲ្យនាងមកលេងស្រុកកំណើតពេលបុណ្យជាតិធំៗ ដើម្បីច្រៀងបំពេរប្រិយមិត្តព្រោះស្រឡាញ់សំឡេង ។
តារាចម្រៀងដែលមានប្រភពពីខេត្តបាត់ដំបង ហើយចេញទៅរស់នៅប្រទេសកាណាដា បានឲ្យដឹងទៀតថា តបតាមការគាំទ្រនាងនឹងរកពេលវេលាសមស្របណាមួយមកបង្ហាញវត្តមាននៅកម្ពុជា ឲ្យបានញឹកញាប់ ក្រោយពេលឃើញថា ពុកម៉ែបងប្អូនគាំទ្រច្រើន ។
សូមរំឭកថា កញ្ញា វង្ស ម៉ាលីន ក៏ជាអតីតតារាចម្រៀងបែបមនោសញ្ចេតនាចូលចិត្តច្រៀងបទមរតកដើមជាច្រើនបទ ពិសេសប្រភេទបទចម្រៀងរបស់លោកស្រី រស់ សេរីសុទ្ធាដោយសារសំឡេងរបស់នាងស្រដៀងគ្នា ។
មុនពេលសម្រេចចិត្តចាកចេញពីកម្ពុជាប៉ុន្មានឆ្នាំមុន នាងធ្លាប់បង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ធំៗ ក្នុងតន្ត្រីផ្សាយបន្តផ្ទាល់ដូចជា នៅក្នុងកម្មវិធី «មន្តស្នេហ៍សំនៀង» របស់ស្ថានីយទូរទស្សន៍ ស៊ី ធី អិន កម្មវិធី «ប្រជុំតារាតន្ត្រី» របស់ទូរទស្សន៍បាយ័ន និង តន្ត្រីស្រុកស្រែជាដើម ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ