​អាកា​រៈទាំង​នេះ​លេចឡើង បើ​រាង​កាយ​របស់​អ្នក​កំពុង​ស្ត្រេ​ស​ខ្លាំង… ប្រយ័ត្ន​!


ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​អាច​ជា​មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ជំងឺ​ជា​ច្រើន​។ នោះ​ក៏​ព្រោះតែ​ស្ត្រេ​សកាត់​បន្ថយ​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​គួរ​អោយ​ព្រួយបារម្ភ ហើយ​អ្នក​នឹង​ងាយ​ប្រឈម​មុខជា​មួយ​ជំងឺ និង​អារម្មណ៍​ឈឺចាប់​ក្នុង​រាង​កាយ​។ យើង​ប្រហែលជា​មិន​មាន​អារម្មណ៍​តានតឹង​ផង​នៅ​ពេល​ដែល​ស្ត្រេ​ស​ខ្លាំង ឬ​លើស​កម្រិត ប៉ុន្តែ​វា​នឹង​បង្ក​អាកា​រៈ​មួយ​ចំនួន​។

ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​សញ្ញា​ចំនួន ៦ ដែល​បញ្ជាក់​ថា​អ្នក​កំពុង​តែ​ស្ត្រេ​ស​ខ្លាំង ៖

១. ជំងឺ​ស្បែក​ផ្សេង​ៗ ៖ អ្នកជំនាញ​ជា​ច្រើន​បាន​បង្ហាញ​ថា​បញ្ហា​ស្បែក​ផ្សេង​ៗ​ក៏​អាច​កើត​មាន​ឡើង​ដោយសារ​តែ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ខ្លាំង​ផង​ដែរ​។ កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្ពស់​ធ្វើ​ឱ្យ​ស្បែក​ងាយ​នឹង​ឆ្លង​មេរោគ​។

២. ភាព​ប្រែប្រួល​នៃ​ទម្ងន់ ៖ ស្ត្រេ​ស​ញឹកញាប់ ឬ​សឹងតែ​ជា​ប្រចាំ​បង្កើន​ការ​ផលិត​អ័រម៉ូន cortisol ដែល​ជះ​ឥទ្ធិពល​លើ​ការ​ដុត​រំលាយ​ខ្លាញ់ និង​កាបូ​អ៊ី​ដ្រា​ត​ក្នុង​រាង​កាយ ហើយ​ក៏​មិនល្អ​ចំពោះ​កម្រិត​នៃ​ជាតិ​ក្នុង​ឈាម​ផង​ដែរ​។ ប្រសិនបើ​មនុស្ស​ម្នាក់​មាន​កម្រិត​អ័រម៉ូន cortisol ខ្ពស់​ពេក​នោះ​គេ​នឹង​ទទួលទាន​ច្រើន​ជាង​ធម្មតា ខណៈ​ដែល​រាង​កាយ​ផលិត​អ័រម៉ូន testosterone ទាប​ខុស​ប្រក្រតី ហើយ​អាច​ដុត​បំផ្លាញ​កាឡូរី​បាន​តែ​បន្តិច​ប៉ុណ្ណោះ​។ ជា​លទ្ធផល​អ្នក​នឹង​កើន​ទម្ងន់​។ ប៉ុន្តែ​ពេល​ខ្លះ​ស្ត្រេ​ស ឬ​បញ្ហា​ថប់​បារម្ភ​ក៏​បណ្ដាល​ឱ្យ​ស្រក​ទម្ងន់​ផង​ដែរ​បណ្ដាល​មក​ពី​ការ​កើនឡើង​នូវ​កម្រិត adrenaline ក្នុង​ឈាម​។

៣. ឧស្សាហ៍​ផ្ដាសាយ ៖ ដូច​បាន​រៀបរាប់​ខាងលើ ស្ត្រេ​ស​បង្កើន​ការ​ផលិត​អ័រម៉ូន cortisol ដែល​អាច​ទប់ស្កាត់​ការ​រលាក​។ ទោះជា​យ៉ាងណា​ប្រសិនបើ​មនុស្ស​ម្នាក់​ស្ត្រេ​ស​រ៉ាំរ៉ៃ​នោះ​ប្រព័ន្ធ​ភាពស៊ាំ​របស់​គេ​នឹង​ចុះ​ខ្សោយ​ទៅ​ៗ ហើយ​ទទួល​រង​ឥទ្ធិពល​មិនល្អ​ពី​អ័រម៉ូន cortisol វិញ​ដែល​ជា​លទ្ធ​ផល​នៃ​បញ្ហា​រលាក​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​រាង​កាយ​។ ខណៈ​នេះ​រាង​កាយ គឺ​ងាយ​នឹង​ប្រឈម​មុខ​ខ្ពស់​ជាមួយ​ហានិភ័យ​នៃ​ជំងឺ​ផ្ដាសាយ​ណាស់​។ ដូច្នេះ​កុំ​បន្ទោស​តែ​អាកាសធាតុ​ត្រជាក់​ទៀត​។ ប្រសិនបើ​អ្នក​ឈឺ​ញឹកញាប់ ចូរ​ព្យាយាម​គ្រប់គ្រង​ភាព​តានតឹង​របស់​ខ្លួន​វិញ​។

៤. ថប់​បារម្ភ ៖ ការ​ដែល​ចង់​នៅ​ស្ងៀមស្ងាត់​មិន​ធ្វើ​អ្វី​ទាំងអស់ គឺ​ទម្រង់​ទូទៅ​មួយ​ប្រភេទ​នៃ​បញ្ហា​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​។ ធ្លាប់​ដឹង​ទេ​ថា អ្នក​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ស្ត្រេ​ស ឬ​តានតឹង​ខ្លាំង​ហើយ ប្រសិនបើ​អ្នក​មិន​ចង់​ចេញ​ដើរទៅ​ណា​សោះ សូ​ម្បី​តែ​ការ​សន្ធឹង​ពត់​ពែន​ខ្លួន​បន្តិចបន្តួច​ក៏​មិន​ធ្វើ ក្រៅពី​អង្គុយ​សញ្ជឹងគិត​ម្នាក់ឯង? ប្រសិនបើ​ការ​ថប់​បារម្ភ គឺ​កើត​មាន​ជា​ប្រចាំ ហើយ​អ្នក​មិន​អាច​សូ​ម្បី​តែ​តាំង​អារម្មណ៍​អាន​សៀវភៅ​នោះ​វា​ដល់​ពេល​ដែល​អ្នក​គួរ​ចាប់ផ្ដើម​រក​មូលហេតុ​ពិតប្រាកដ​ដែល​ធ្វើ​អោយ​អ្នក​ក្លាយជា​បែប​នេះ​។ ជួនកាល​សត្រូវ​ដ៏​ធំ​បំផុត គឺ​ចិត្ត ឬ​ការ​គិត​របស់​អ្នក​។ វា​ដល់​ពេល​ដែល​អ្នក​គួរ​ប្រញាប់​ដោះស្រាយ​បញ្ហា​ថប់​បារម្ភ និង​ភាព​ភ័យ​ខ្លាច​ផ្សេង​ៗ ឬ​ការ​ខ្វាយខ្វល់​ពេក​ហើយ​។

៥. ឈឺចាប់​រាង​កាយ ៖ អ្នក​ប្រហែលជា​មិន​ចាប់អារម្មណ៍​នូវ​សញ្ញា​ផ្សេង​ៗ​ដែល​រាង​កាយ​ព្យាយាម​បង្ហាញ​ឡើយ រហូត​ដល់​ការ​ឈឺចាប់​កើត​មាន​។ នៅ​ក្រោម​កម្រិត​នៃ​ភាព​តានតឹង ឬ​ស្ត្រេ​ស​ពេក រាង​កាយ​នឹង​ចាប់ផ្ដើម​ចុះ​ខ្សោយ​ទ្រាំទ្រ​លែង​បាន​។ អ្នក​អាច​នឹង​មាន​អារម្មណ៍​ឈឺចាប់​រាង​កាយ​ដូច​ជា ឈឺ​ចុកពោះ រាគ ឡើង​ដំបៅ​ផ្សេង​ៗ ឈឺ​សាច់ដុំ ឈឺទ្រូង ឈឺក្បាល និង​បេះដូង​លោត​ញាប់​ខុសធម្មតា​។ អ្នក​នឹង​មាន​អារម្មណ៍​ឈឺចាប់​ពេញ​ខ្លួន សូ​ម្បី​តែ​សន្លាក់​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ព្យាយាម​គ្រប់គ្រង​កម្រិត​នៃ​ភាព​ស្ត្រេ​ស​របស់​អ្នក​។

៦. មិន​អាច​ផ្តោតអារម្មណ៍​លើ​អ្វី​បាន ក្រៅពី​ការងារ​និង​បញ្ហា​ផ្សេង​ៗ ៖ ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​នឹង​អាច​ចូល​មក​គ្រប់គ្រង​លើ​ជីវិត​របស់​អ្នក ប្រសិនបើ​អ្នក​មិន​អាច​បោះបង់​ការងារ​, ហិរញ្ញវត្ថុ រួម​ទាំង​ការ​ប្រកួតប្រជែង​ដទៃ​ទៀត​ចោល​មួយ​រយៈ​ដើម្បី​ស្វែងរក​ការ​ស្ងប់​អារម្មណ៍ ហើយ​សម្រាក​ខ្លះ​។ ដូច្នេះ​អ្នក​គួរ​ចេះ​ផ្ដាច់ខ្លួន​ចេញពី​បញ្ហា​ណាមួយ​ដែល​មិន​មាន​ដំណោះស្រាយ​។ ការ​បារម្ភ​ច្រើន​ពេក គឺ​ជះ​ឥទ្ធិពល​ប៉ះពាល់​ទាំង​ចំពោះ​ផ្លូវចិត្ត និង​ផ្លូវ​កាយ​។

៧. បញ្ហា​ក្រពះ​ពោះវៀន ៖ អ្នក​ប្រហែលជា​ស្មាន​មិន​ដល់​ទេ​ថា​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​គួរ​ឱ្យ​កត់សម្គាល់​លើ​សុខភាព​ក្រពះ​ពោះវៀន​។ ពេល​ខ្លះ​ការ​លេបថ្នាំ​ក៏​មិន​អាច​ជួយ​បាន​ដែរ​។ ក្នុង​ករណី​នេះ​ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ខាង​ចិត្តសាស្ត្រ​។

៨. ជ្រុះ​សក់ ៖ ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​ធ្លាប់​ដឹង​ហើយ​ថា ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​អាច​បង្ក​បញ្ហា​ជ្រុះ​សក់​គួរ​អោយ​ព្រួយបារម្ភ​។ ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​ថា សក់​ជ្រុះ​ច្រើន​ជាង​មុន​ទាំង​ដែល​អ្នក​គ្មាន​បញ្ហា​កង្វះ​វីតាមីន​ណាមួយ​នោះ ស្ត្រ​ស​អាច​ជា​មូលហេតុ​ហើយ​។ ដូច្នេះ​ប្រសិនបើ​មិន​ចង់​ត្រងោល​ទេ​នោះ ចូរ​ព្យាយាម​គ្រប់គ្រង​កម្រិត​នៃ​ភាព​ស្ត្រេ​ស​។

៩. បាត់បង់​ចំណង់​ផ្លូវភេទ ៖ នោះ​ក៏​ព្រោះតែ​ការ​កើនឡើង​នូវ​កម្រិត​អ័រម៉ូន​ស្ត្រេ​ស​ជះ​ផល​ប៉ះ​ពាល់​លើ​ការ​បញ្ចេញ​អ័រម៉ូន​ដែល​ទទួលខុសត្រូវ​ចំពោះ​ចំណង់​ផ្លូវភេទ​។ លើស​ពី​នេះ​ទៅ​ទៀត ភាព​តានតឹង​ក្នុង​អារម្មណ៍​អាច​ធ្វើ​អោយ​អ្នក​អស់កម្លាំង និង​អសមត្ថភាព​ក្នុង​ការ​បង្កើន​ភាព​ស្និត​ស្នាល​។ ដូច្នេះ​ប្រសិនបើ​អ្នក​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​បាត់បង់​ចំណង់​ផ្លូវភេទ ចូរ​សាកល្បង​ព្យាយាម​គ្រប់គ្រង​កម្រិត​នៃ​ភាព​ស្ត្រេ​ស​។

១០. បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គេង ៖ ភាព​ស្ត្រ​ស​ខ្លាំង​អាច​ជា​មូលហេតុ​ចម្បង​មួយ​នៃ​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ពាក់ព័ន្ធ​ជាមួយ​ការ​គេង​។ អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​នៃ​ជំងឺ​គេង​មិន​លក់ ប្រសិនបើ​អ្នក​ស្ត្រេ​ស​ជាប់​ជា​ប្រចាំ​រយៈពេល​យូរ​។ អ្វី​ដែល​គួរ​អោយ​ព្រួយបារម្ភ​ថែម​ទៀត​នោះ គឺ​ការ​គេង​មិន​គ្រប់គ្រាន់​ជះ​ឥទ្ធិពល​មិន​ល្អជា​ច្រើន​ចំពោះ​សុខភាព​។ នៅ​ពេល​ថ្នាំ​គេង​លក់​មិន​អាច​ជួយ​អ្វី​អ្នក​បាន​ទៀត​នោះ វា​ដល់​ពេល​ដែល​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ហើយ​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ