តាមប្រភពព័ត៌មាន World Boxing News បានឱ្យដឹងថា កីឡាករប្រដាល់លំដាប់ពិភពលោកគ្រប់គ្នាសុទ្ធតែមានស្នាមសាក់នៅលើខ្លួន ខណៈដែលបុរសម្នាក់ដែលប្រកួតមិនដែលចាញ់ទាល់តែសោះ Floyd Mayweather គ្មានស្នាមសាក់អ្វីបន្តិចសោះរហូតមកដល់សព្វថ្ងៃនេះ។
នៅពេលដែលអ្នកគិតអំពីការចាក់សាក់នៅលើកីឡាករប្រដាល់ អ្នកប្រាកដជាគិតដល់អតីតកីឡាករល្បី Mike Tyson ជាក់ជាមិនខាន។ វាគឺជាស្នាមសាក់នៅលើមុខ ដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងល្បីតៗគ្នាមិនដាច់ ។
កាលពីឆ្នាំ២០០៣ អតីតកីឡាកររូបនេះ មានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង។ គាត់មានអារម្មណ៍ថាមិនចូលចិត្តខ្លួនឯងទាល់តែសោះ។ ពេលនោះ គាត់ក៏ធ្លាក់ខ្លួនប្រើប្រាស់ថ្នាំញៀន ក្នុងគោលបំណងគេចវេសពីបញ្ហាដែលកំពុងកើតមាន តែតាំងពីប្រកាសចូលនិវត្តន៍មក គាត់ក៏សម្រេចចិត្តសាក់នៅលើមុខ ដែលធ្វើឱ្យគាត់សប្បាយចិត្តយ៉ាងខ្លាំង។
បើយើងក្រឡេកមើលកីឡាករប្រដាល់លំដាប់ពិភពលោកនាពេលបច្ចុប្បន្នវិញ យើងក៏ឃើញថា ពួកគេមានស្នាមសាក់យ៉ាងតិចមួយដែរ ដូចជា Manny Pacquiao ជាដើម តែសម្រាប់ Floyd Mayweather វិញមួយក៏គ្មានដែរ ។
Mayweather គឺកីឡាករប្រដាល់ដ៏កម្របំផុត ដែលគ្មានស្នាមសាក់នៅលើខ្លួន។ នៅពេលនេះ គាត់បានប្រកាសចូលនិវត្តន៍រួចទៅហើយ ជាមួយនឹងកំណត់ត្រាប្រកួតមិនដែលចាញ់ទាល់តែសោះ ៥០-០ ។ អស់រយៈពេល ៤២ឆ្នាំហើយ ដែលគាត់ទុករូបកាយរបស់គាត់មិនឱ្យត្រូវម្ជុលសាក់។ ផ្ទុយទៅវិញ អ្នកគាំទ្ររបស់ Floyd មួយចំនួនបានសាក់រូប Floyd លើស្បែកពួកគេទៅវិញ។
គួរបញ្ជាក់ផងដែរថា Mayweather កំពុងតែនៅឌឺដងគ្នាជាមួយនឹង Manny Pacquiao ក្នុងគម្រោងការឡើងប្រកួតម្តងទៀត បើទោះបីជាពេលនេះចូលនិវត្តន៍ហើយក៏ដោយ។ នេះក៏ព្រោះតែ Floyd ចង់បញ្ចប់អាជីពរបស់ខ្លួនជាមួយនឹងលទ្ធផលឈ្នះ ៥១ដង និង មិនដែលចាញ់៕
ប្រភព ៖ worldboxingnews , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ