ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ពូកែ​ជាង​៣​ពាន់​នាក់​ត្រូវ​បាន​លើកទឹកចិត្ត​ពី​អភិបាល​រាជធានី​ភ្នំពេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​២០១៩​នេះ នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​មាន​សិស្ស​ពូកែ​ទាំង​ពីរ​ភេទ​សរុប​ជាង​៣​ពាន់​នាក់ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣ ពី​ថ្នាក់​ទី​៩ ដល់​ថ្នាក់​ទី​១២ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​លើកទឹកចិត្ត និង​ផ្តល់​រង្វាន់​ជូន…

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​២០១៩​នេះ នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​មាន​សិស្ស​ពូកែ​ទាំង​ពីរ​ភេទ​សរុប​ជាង​៣​ពាន់​នាក់ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣ ពី​ថ្នាក់​ទី​៩ ដល់​ថ្នាក់​ទី​១២ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​លើកទឹកចិត្ត និង​ផ្តល់​រង្វាន់​ជូន ខណៈ​ដែល​វិស័យ​អប់រំ​ធ្វើ​កំណែទម្រង់​ចម្រាញ់​យកគុណ​ភាព ។

ក្នុង​ពិធី​បើក​បវេសនកាល និង​ចែក​រង្វាន់​ដល់​សិស្ស​ពូកែ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០ នៅ​វិទ្យាល័យ​ជា​ស៊ី​ម​សន្ធ​ម៉ុ​ក នា​ពី​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ការ​ផ្តល់​រង្វាន់​ដល់​សិស្ស​ពូកែ​នេះ គឺជា​ការ​លើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស​កាន់តែ​ខិតខំ​រៀនសូត្រ​កាន់តែ​ពូកែ ដែល​ក្លាយជា​ធនធាន​ដ៏​សំខាន់​សម្រាប់​កិច្ច​អភិវឌ្ឍន៍​ជាតិ ។

លោក​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ធ្វើ​កំណែ​ទម្រ​គុណភាព ដើម្បី​សម្រិតសម្រាំង​រក​ធនធានមនុស្ស​ពិត ចំណេះវិជ្ជា​ពិត និង​ការងារ​ពិត ដើម្បី​អាច​ឆ្លើយ​តប​បាន​ទៅ​ជាមួយ និង​តម្រូវការ​អភិវឌ្ឍ​នៃ​សង្គម ដូច្នេះ​សិស្សានុសិស្ស​ត្រូវ​តែ​បន្ត​ការ​យកចិត្តទុកដាក់​រៀនសូត្រ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ។

លោក​ហែម ស៊ី​ណា​រ៉េ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ឆ្នាំ​សិក្សា​២០១៨-២០១៩​កន្លង​ទៅ​នេះ រាជធានី​ភ្នំពេញ​មាន​សិស្ស​ពូកែ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣ ពី​ថ្នាក់​៩ ដល់​ថ្នាក់​ទី​១២ តាម​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ​មាន​ចំនួន​៣.៦០៩​នាក់ សិស្ស​ស្រី​២.៤១១​នាក់ ។ លោក​បាន​បញ្ជាក់​ថា លទ្ធផល​ដែល​សិស្ស​ទទួល​បាន​នា​ពេល​នេះ គឺ​សិស្សានុសិស្ស​ខ្លួនឯង​ផ្ទាល់​បាន​ព្យាយាម​រៀនសូត្រ ក្នុង​នាម​ជា​កូន​ល្អ សិស្ស​ល្អ​ហើយ​លោកគ្រូ អ្នកគ្រូ​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​បង្រៀន ។

លោក​បាន​បញ្ជាក់​ថា ការ​ប្រកួតប្រជែង​សម្រាប់​សិស្ស​ពូកែ​ជា​រៀង​រាល់​ឆ្នាំ​នេះ គឺ​បាន​ធ្វើ​ឡើង​ស្រប​តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​បើក​ឲ្យ​មានការ​ប្រកួតប្រជែង​រហូត​ចេញ​ទៅ​ប្រឡង​នៅ​ថ្នាក់​តំបន់ និង​នៅ​លើ​ពិភពលោក​ទៀត​ផង ។ លោក​បាន​បន្ថែម​ថា ផ្តើម​ចេញពី​ការ​លើក​ឡើង​នូវ​អនុសាសន៍​បែប​នេះ ពិតជា​មាន​ប្រសិទ្ធិ​ភាព ដើម្បី​ឲ្យ​សិស្ស​ខិតខំ​រៀនសូត្រ​យក​ស្នាដៃ​ព្រោះថា នេះ​ជា​កម្លាំង​ច​លករ​លើកទឹកចិត្ត ដើម្បី​បំផុសស្មារតី​ដល់​គណនាយក​សាលា លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ក៏​ដូច​ជា មាតា បិតា​អ​ណា​ព្យាបាល​បាន​យល់​ដឹង​រួម​គ្នា​យកចិត្តទុកដាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ