ខេត្តក្រចេះ ៖ កូនផ្សោតមួយក្បាលថ្មីទៀត ត្រូវបានគេប្រទះឃើញហែលទឹកទន្លេជាមួយ និងហ្វូងផ្សោតញីឈ្មោលតូច-ធំចំនួន៧ក្បាល នៅក្នុងអន្លង់ផ្សោតទន្លេមេគង្គកាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ដែលការប្រទះឃើញនេះ ក៏ត្រូវបានមន្ត្រីជំនាញរបស់អង្គការជាដៃគូអភិរក្សអះអាងថា នេះជាការទើបកើតកូនផ្សោតថ្មីមួយក្បាលទៀត ពីមេផ្សោតដែលកំពុង តែរស់នៅក្នុងអន្លង់នៅនៅទន្លេមេគង្គខេត្តក្រចេះ។
យោងតាមការសផ្សាយព័ត៌មានមួយរបស់អង្គការមូលនិធិសាកល សម្រាប់អភិរក្សធន ធានធម្មជាតិ ហៅកាត់ថា WWF បានឲ្យដឹងថា កូនផ្សោតមួយក្បាលដែលទើបតែកើតថ្មីនេះ ត្រូវបានគេប្រទះឃើញកំពុងតែហែលលេងក្នុងទឹកទន្លេមេគង្គ ជាមួយនិងហ្វូងផ្សោតធំៗនៅ ក្នុងអងន្លង់ផ្សោតកាលពីថ្ងៃទី២៨ តុលា ក្រោយពីបានកើតរយះពេល១ថ្ងៃ ។
ប្រធានអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិហៅកាត់ថាWWF ប្រចាំ ខេត្តក្រចេះលោក ហង្ស ចាន់ដេត បានឲ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិការ នេះថា ខាងជំនាញរបស់ លោកនៅមិន ទាន់ស្រាវជ្រាវដឹងថា កូនផ្សោតដែលទទើបតែនិងកើតនេះ ជាផ្សោតញីឬ ឈ្មោលនៅឡើយ នោះទេ ដោយសារកូនផ្សោតនេះមានរូបរាងនៅតូច។ តែក្រុមអ្នកស្រាវជ្រាវ របស់លោក ក៏បានពិនិត្យឃើញថា សុខភាពកូនផ្សោតនេះ មាំមួននៅពេលឃើញហែលទឹក ជាមួយហ្វូងផ្សោតធំៗដ៏ទៃទៀត។
សមិទ្ធផលនេះ ក៏ត្រូវបានលោកប្រធានអង្គការដៃគូរអភិរក្សលើកឡើងថា បានមកពីការ ខិតខំរួមគ្នាដើម្បីអភិរក្សពីក្រុមការងារអង្គការរបស់លោក ជាមួយនិងការអាជ្ញាធររបស់ខណ្ឌ ក៏ដូចជាអាជ្ញាធរដែលពាក់
ព័ន្ធផ្សេងៗទៀត ធ្វើឲ្យផ្សោតរស់នៅដោយគង់វង្សបន្តពូជបង្កើន កំណើតជាបន្តបន្ទាប់។
បើតាមលោក ម៉ុក ពន្លក ប្រធានឆ្មាំអភិរក្សសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ និងជានាយរងខណ្ឌរដ្ឋបាលជលផល លោកធ្លាប់បានប្រាប់ឲ្យដឹងកាលពីពេលថ្មីៗនេះថា សព្វថ្ងៃទន្លេ មេគង្គខេត្តក្រចេះមានសត្វផ្សោតរស់នៅក្នុងចន្លោះពី៥៥ទៅ៦០ក្បាល។ សត្វផ្សោតទាំងអស់ នេះសព្វថ្ងៃកំពុងតែរស់នៅ តាមអន្លង់ចំនួន៥អន្លង់ធំៗក្នុងទន្លេមេគង្គខេត្តក្រចេះ ។ អន្លង់ទាំង នោះមានដូចជា អន្លង់ខ្សាច់ ម្កាក់ អន្លង់កោះដំបង អន្លង់កោះផ្តៅ អន្លង់កន្ទុយកោះរងាវ និងអន្លង់ផ្សោតកាំពី។
ក្នុងចំណោមអន្លង់ធំៗទាំង៥ គឺអន្លង់ផ្សោតកាំពីមានសត្វផ្សោតរស់នៅច្រើន ជាងគេក្នុង ចន្លោះចាប់ពី២០ទៅ៣០ក្បាល។ ដោយលោកបានធ្វើការប៉ាន់ប្រមាណក្នុង ឆ្នាំ២០១៩នេះ ត្រីផ្សោតអាចមាន កំណើនដល់ទៅជាង១០ក្បាល តាមរយៈការបង្កកំណើត៕
ចែករំលែកព័តមាននេះ