នៅក្នុងគម្ពីរធម្មបទដ្ឋកថាភាគ១បានពន្យល់អំពីពាក្យកម្មយ៉ាងនេះថា កម្មនេះជាកម្មសិទ្ធិតែមួយគត់របស់យើងគ្រប់គ្នា កម្មនេះមិនទៅណាឆ្ងាយទេ គឺនៅជាប់តាមនឹងខ្លួនយើងជានិច្ច ដូចស្រមោលអន្ទោលតាមប្រាណដូច្នោះដែរ ហើយក៏មិនមែនជាប់១ថ្ងៃឬ២ថ្ងៃទេ គឺជាប់ពីមួយជាតិទៅមួយជាតិគ្មានទីបំផុតឡើយ ។
ពាក្យថាកម្មនេះគឺមិនទាន់ប្រាកដថា ល្អឬអាក្រក់នៅឡើយទេ ជាពាក្យនៅកណ្តាលស្រេចហើយតែលើបុគ្គលអ្នកប្រព្រឹត្តគឺ កុសលកម្ម កម្មល្អ អកុសលកម្ម អំពើអាក្រក់ អ្នកធ្វើកម្មណា រមែងបានផលកម្មនោះមកជារបស់ខ្លួន ។
ទ្រឹស្តីព្រះពុទ្ធសាសនាបានទាញកម្មនេះទៅប្រៀបប្រដូចនឹងគ្រាប់ពូជដែលយើងបានសាបព្រោះ ហើយដុះឡើងអ៊ីចឹង អ្នកណាដាំពូជប្រភេទណា នឹងទទួលបានផលបែបនោះជាប្រាកដ មានន័យថា ដាំពូជពោត បានផលគឺផ្លែពោត មិនអាចដាំពោត បែរជាបានផលទៅជាស្វាយនោះទេ ។
នេះជារឿងពិតនៃកម្ម ដែលជាកម្មសិទ្ធិតែមួយគត់របស់សត្វលោក ធ្វើកុសលកម្មបានផលជាសុខ បើធ្វើអកុសលកម្មបានផលជាទុក្ខមិនឃ្វាងឡើយ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ