ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​កម្ពុជា​ផ្លាស់​ប្តូរ​ពី​ការ​ធ្វើ​កសិកម្ម​សម្រាប់​បំពេញតម្រូវការ​ខ្លួនឯង​ទៅ​ធ្វើ​ដើម្បី​នាំ​ចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កសិករ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ បាន​និង​កំពុង​ផ្លាស់​ប្តូរ​ពី​ការ​ធ្វើ​កសិកម្ម សម្រាប់​តែ​បំពេញតម្រូវការ​របស់​ខ្លួន ឬ​សម្រាប់​តែ​ផ្គត់ផ្គង់​ក្នុងស្រុក មក​ជា​ការ​ធ្វើ​កសិកម្ម​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដូច្នេះ​កសិករ​កម្ពុជា ត្រូវការ​យល់​ដឹង​បន្ថែម​ទៀត​ពី​ការ​ធ្វើ​ពិពិធ​កម្មវិស័យ​កសិកម្ម…

រាជធានី​ភ្នំពេញ ៖ កសិករ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ បាន​និង​កំពុង​ផ្លាស់​ប្តូរ​ពី​ការ​ធ្វើ​កសិកម្ម សម្រាប់​តែ​បំពេញតម្រូវការ​របស់​ខ្លួន ឬ​សម្រាប់​តែ​ផ្គត់ផ្គង់​ក្នុងស្រុក មក​ជា​ការ​ធ្វើ​កសិកម្ម​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដូច្នេះ​កសិករ​កម្ពុជា ត្រូវការ​យល់​ដឹង​បន្ថែម​ទៀត​ពី​ការ​ធ្វើ​ពិពិធ​កម្មវិស័យ​កសិកម្ម ដើម្បី​បង្កបង្កើន​ផល​ឱ្យ​បាន​ច្រើន​ដើម្បី​បម្រើ​ឱ្យ​ការ​នាំ​ចេញ​របស់​ខ្លួន ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​នៅ​ក្នុង​វេទិកា​ថ្នាក់​ជាតិ​ស្តី​ពី​វិធានការ​ចម្រុះ គ្រប់គ្រង​ដំណាំ និង​សុវត្ថិភាព​ស្បៀងអាហារ កាលពី​ថ្ងៃ​តី ២៩​ខែតុលា ឆ្នាំ ២០១៩ ថា ការ​វិវឌ្ឍន៍​រីក​ចម្រើន​ក្នុង​វិស័យ​កសិកម្ម បាន​លើក​ស្ទួយ​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ៗ​ចំនួន ១០ និង​ជា​ប្រទេស​ទី ៥ ដែល​កំពុង​នាំ​ចេញ​អង្ករ​សរីរាង្គ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ហើយ​ក្នុង​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ កម្ពុជា​ផលិត​ស្រូវ​បាន​ចំនួន​ជាង ១០,៨​លាន​តោន សល់​ស្រូវ​ចំនួន​ជាង ៥,៨​លាន​តោន​សម្រាប់​នាំ​ចេញ ។ ឆ្នាំ​កន្លង​ទៅ​នេះ​ដែរ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជា​ផ្លូវការ​ចំនួន​ជាង ៦៣៥​ពាន់​តោន និង​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​សរុប ៤,២៣​លាន​តោន​ផង​ដែរ ។

លោក​បន្ត​ថា ទាំង​អស់នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជា​កសិករ​កម្ពុជា​កំពុង​កែប្រែ​ទម្លាប់ ពី​ការ​ផលិត​សម្រាប់​បម្រើ​សេចក្ដី​ត្រូវការ​របស់​ខ្លួន មក​ជា​ការ​ផលិត​តាម​លក្ខណៈ​ប្រពលវប្បកម្ម ឈាន​ដល់​ការ​ផលិត​សម្រាប់​នាំ​ចេញ និង​ការ​ប្រកួតប្រជែង​ទីផ្សារ​នៅ​អន្តរជាតិ​ព្រោះ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ ។ ដូច្នេះ ការ​រៀបចំ​វេទិកា​ថ្នាក់​ជាតិ​ស្តី​ពី វិធានការ​ចម្រុះ​គ្រប់គ្រង​ដំណាំ និង​សុវត្ថិភាព​ស្បៀងអាហារ​នា​ពេល​នេះ គឺ​សម​ស្រប​នឹង​និន្នាការ​ពិភពលោក ដែល​បាន​ងាក​ទៅ​រក​ការ​ប្រើប្រាស់​ផលិតផល​កសិកម្ម​មានគុណ​ភាព និង​មិន​ប៉ះពាល់​ដល់​សុខភាព ដូច​ជា​កសិផល​សរីរាង្គ ការ​អនុវត្ត​កសិកម្ម​ល្អ​តាម​ស្តង់ដារ និង​កសិផល​ក្នុង​ប្រព័ន្ធ​ធានា​សុវត្ថិភាព​ដើម្បី​ទទួល​បាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ ។

លោក​បន្ថែម​ថា ដោយ​ទទួល​បាន​កិច្ច​គាំទ្រ​យ៉ាង​ល្អ​ប្រសើរ​ពី​ដៃគូ​អភិវឌ្ឍន៍ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដាក់​ចេញ​នូវ​គោលការណ៍ និង​រូប​សញ្ញា​ជាតិ​នៃ​ការ​អនុវត្ត​កសិកម្ម​ល្អ​កម្ពុជា ជា​ស្តង់ដារ​ជាតិ ដែល​ជា​វិធាន​នៃ​ការ​អនុវត្ត និង​អាច​បញ្ជាក់​បាន​ទាំង​គុណភាព និង​សុវត្ថិភាព​នៃ​ផលិតផល​កសិកម្ម ជា​ពិសេស​លើ​ដំណាំ​បន្លែ និង​ផ្លែ​ឈើ ។

កន្លង​មក​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​លើកទឹកចិត្ត​ឱ្យ​កសិកម្ម​នៅ​តាម​ជនបទ​ចងក្រង​ជា​សហគមន៍ ដើម្បី​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ទីផ្សារ និង​ងាយស្រួល​សម្រាប់​ឈ្មួញ​ទិញ​កសិផល​ផង​ដែរ ព្រោះ​ឈ្មួញ​ទៅ​តែ​មួយ​កន្លែង​អាច​ទិញ​បាន​គ្រប់​ចំនួន​ដែល​ចង់បាន ។ តែ​បើសិនជា​កសិករ​នៅ​រាយ​ប៉ាយ នោះ​ការ​ប្រមូល​ទិញ ក៏​ពិបាក​ហើយ​អាច​នឹង​មាន​តម្លៃ​ទាប​ទៀត​ផង ។

តាម​ការ​ព្យាករណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​បង្ហាញ​ផង​ដែរ​ថា ក្នុង​ឆ្នាំ ២០១៩ នេះ​វិស័យ​កសិកម្ម​អាច​នឹង​មាន​កំណើន​ត្រឹមតែ ១,១​ភាគរយ​ប៉ុណ្ណោះ ។ ការ​ព្យាករណ៍​នេះ ដោយសារ​តែ​កម្ពុជា​បាន​ជួប​បញ្ហា​នូវ​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​ជិត​កន្លះ​ឆ្នាំ ដែល​ធ្វើ​ឱ្យ​កសិផល​មានការ​ធ្លាក់​ចុះ​ជា​ពិសេស​ទៅ​លើ​វិស័យ​ជលផល ។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​បង្ហាញ​ថា ក្នុង​រយៈពេល​ជិត ១០​ខែ ដើមឆ្នាំ ២០១៩​នេះ ការ​នាំ​ចេញ​កសិផល​តាម​ច្រក​ចេញចូល​តែ​មួយ​របស់​កម្ពុជា មាន​បរិមាណ ប្រមាណ​ជាង ៣​លាន ៣​សែន ៥​ម៉ឺន​តោន ។ ហើយ​ក្រៅពី​នោះ ក៏​មានការ​នាំ​ចេញ​មិន​ឆ្លង​តាម​ច្រក​ចេញចូល​ជាង ១​លាន ៧​សែន​តោន​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ